នគរបាល​ក្រុង​កំពង់ឆ្នាំង ចាប់​ម៉ូតូ​ស្ទាវ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​៤​គ្រឿង​មក​ធ្វើ​ការអប់រំ និង​ពិន័យ​

266
នគរបាល​ក្រុង​កំពង់ឆ្នាំង ចាប់​ម៉ូតូ​ស្ទាវ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​៤​គ្រឿង​មក​ធ្វើ​ការអប់រំ និង​ពិន័យ​

​កំពង់ឆ្នាំង​៖​ ​យ៉ាងហោចណាស់​មាន​ម៉ូតូ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​៤​គ្រឿង ត្រូវ​បាន​នគរបាល​ក្រុង​កំពង់ឆ្នាំង បើក​កិច្ច​ប្រតិបត្តិ​ការ​ស្ទាក់ និង​ប្រដេញ​ចាប់​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ក្រុង​កំពង់ឆ្នាំង​តាម​គោលការណ៍​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្នងការ​នគរបាល​ខេត្ត​។​ ប្រតិ​ប​ត្តិការ​នេះ​បាន​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​សង្កាត់​ទាំង​៤​នៃ​ក្រុង​កំពង់ឆ្នាំង​។​


​ ​លោក ហង្ស ប៊ុន​ហាក់ អធិការរង​ទទួល​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ចំណារ​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​អោយ​សមត្ថកិច្ច​នគ​របាល​ទាំងអស់​នៅក្នុង​ខេត្តកំពង់ឆ្នាំង ចេញ​ប្រតិ​ប​ត្ត​ការ​ស្ទាក់​ចាប់​រថយន្ត និង​ម៉ូតូ​មួយចំនួន​ដែល​បាន​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស មក​ធ្វើ​ការ​ពិន័យ​អប់រំ និង​ធ្វើ​កិច្ចសន្យា ក្នុង​គោលបំណង​រក្សា​សណ្ដាប់ធ្នាប់ និង​ជៀសវាង​ការ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ដោយសារ​យានយន្ត​ទាំងនេះ​។​

 

លោក​បាន​បន្តថា នៅក្នុង​ការ​ស្ទាក់​ចាប់​យប់​នេះ កម្លាំង​នគរបាល​ក្រុង សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៤ បាន​ចាប់បាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស គឺ​ការ​ដាក់​ស៊ី​ម៉ាំង​ប្រ៉ែ​ន ដាក់​ភ្លើង​ឡា​ហ្សែ និង​ត​សាក់​ស៊ី​ខុស​បច្ចេកទេស​ជាដើម ក្នុង​នោះ​​រក​ឃើញ​ម៉ូតូ​២​គ្រឿង​ជា​របស់​កូនចៅ​មន្ត្រី​មាន​បណ្ដា​ស័ក្តិ​នៅក្នុង​ខេត្ត​ផង​ដែរ​។​

 
​ ​លោក ហង្ស ប៊ុន​ហាក់​បាន​បន្ថែម​ថា​ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង នឹង​បន្ត​ធ្វើ​ការ​ស្ទាក់​ចាប់​យានយន្ត​ដែល​កែច្នៃ​ខុស​លក្ខណៈ​បន្ត​ទៀត ដើម្បីអោយ​អស់​តែម្តង​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ហើយក៍​សូម​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំងអស់ សូម​ជួយ​ចូលរួម​អប់រំ​ណែនាំ​កូនចៅ កុំ​អោយ​លួចលាក់​យក​ម៉ូតូ ឬ​រថយន្ត​ទៅ​កែច្នៃ​បន្ថែម​អោយ​ខុស​លក្ខណៈ​បច្ចេកទេស​ដើម​របស់​យានយន្ត ដើម្បី​ចូល​រួម​ចំណែក​លុបបំបាត់​នូវ​ភាព​អនាធិបតេយ្យ​នៅក្នុង​ក្រុង​ខេត្ត​របស់​យើង​៕

darith-06 darith-07