កាត់ទោស​ស្ត្រី​វៀត​ណាម​ ទទួល​កម្រៃ​ជើង​សារ​ក្នុង​របរ​គ្រឿងញៀន ​

338
កាត់ទោស​ស្ត្រី​វៀត​ណាម​ ទទួល​កម្រៃ​ជើង​សារ​ក្នុង​របរ​គ្រឿងញៀន

 

ភ្នំពេញ ៖ ស្ត្រី​វៀតណាម​ពីរ​នាក់​ត្រូវ​បាន​នាំមក​កាត់ទោស​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ក្នុង​ពី​បទ​ជួញដូរ​គ្រឿងញៀន។ ប៉ុន្តែ​ពួកគេ​ទទួល​ស្គាល់​ថា បាន​ទទួល​កម្រៃជើងសា​រ​ចំនួន​៥០​ដុល្លារ​ក្នុង​ការ​នាំ​គ្រឿង​ញៀន​ឲ្យ​ អតិថិជន​ម្តងៗ​ប៉ុណ្ណោះ​។

​ស្ត្រី​ជាប់ចោទ​ទាំងពីរ​នាក់​ឈ្មោះ ង្វៀង ធី​ប៊ែ​រ អាយុ​៤០​ឆ្នាំ និង ឈ្មោះ ង៉ ធី​ប៊ិ​ត​ង៉ាំ អាយុ​៥៣​ឆ្នាំ។​
​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ចៅក្រម តុ​ប ឈុន​ហេង បាន​និយាយ​ក្នុង​សវនាការ ថា ស្ត្រី​ជាប់ចោទ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​កាលពី​ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជាមួយនឹង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​១០០​ក្រាម មានតម្លៃ​៣២០០​ដុល្លារ​អាមេរិក។

​ក្នុង​ពេល​សវនាការ​ស្ត្រី​ជាប់ចោទ​ទាំងពីរ​នាក់​បាន​បដិសេធ​ថា​ ពួកគេ​មិន​មែន​ជា​អ្នក​ជួញដូរ​គ្រឿង​ញៀន​នោះ​ទេ។ ប៉ុន្តែ​ទទួល​ស្គាល់​ថា ​ពួកគេ​គឺជា​ឈ្មួញកណ្ដាល​ប៉ុណ្ណោះ​ដែល​ធ្វើការ​ ដើម្បី​ទទួល​ប្រាក់​បាន​កម្រៃ​ជើងសា​ពី​ម្ចាស់​គ្រឿងញៀន​។ ក្រោយ​ការ​សួរ​ដេញ​ដោល​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​៣ ខែធ្នូ ខាងមុខនេះ​វិញ៕