ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ពង្រីក​ទីផ្សារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ឆ្នាំក្រោយ​

557
ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ពង្រីក​ទីផ្សារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ឆ្នាំក្រោយ​

​ភ្នំពេញ៖ ប្រទេស​កូរ៉េខាងត្បូង​ គឺជា​ចំណែក​ទីផ្សារ​ដ៏​ធំ​របស់​ស្ករត្នោត​កំពង់ស្ពឺ​សម្រាប់​រដូវ​កាល​ផលិត​ឆ្នាំ​២០១៦​ខាងមុខ ​ខណៈ​ដែល​ការផលិត​មានការ​កើនឡើង​ដល់​ជាង​៣០០​តោន​។​


​លោក ​សំ ​សារឿន ​ប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦ ​ខែវិច្ឆិកា​ ឆ្នាំ២០១៥នេះ​ ថា ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ដៃគូ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ស្ករត្នោត​ពី​សមាគម​រហូតដល់​ទៅ​ជាង ៣០០​តោន​ហើយ​សម្រាប់​រដូវ​ផលិត​ឆ្នាំ​២០១៦​នេះ​។​

 
លោក​បញ្ជាក់​ថា ​ក្រុមហ៊ុន​ដែល​បញ្ជា​ទិញ​ស្ករត្នោត​កំពង់ស្ពឺ​ក្នុង​បរិមាណ​ច្រើន​រួមមាន​ក្រុមហ៊ុន​ខុន​ហ្វើរែ​ល​ចំនួន​ ១៥០​តោន ​និង​ក្រុមហ៊ុន​កាតា​ចំនួន​២០០​តោន​។​ ដោយឡែក​នៅ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​សមាគម​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​។​

 

លោក​បន្ថែម​ថា ការ​បញ្ជាទិញ​ស្ករត្នោត​កំពង់ស្ពឺ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៦​នេះ​ គឺ​មាន​​ការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​ទៅ​នឹង​រដូវ​កាល​ឆ្នាំ​២០១៥​នេះ​ ដែល​មាន​ត្រឹមតែ​១៥០ ​តោន​ប៉ុណ្ណោះ​។​

 
​ទោះបីជា​បែបនេះ​ក្ដី​លោក សំ​សារឿន​ បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ​អំពី​ការផលិត​ស្ករត្នោត​សម្រាប់​រដូវ​កាល​ថ្មី​ដោយ​ផ្ដោត​សំខាន់​ទៅលើ​កត្តា​អាកាសធាតុ​គឺ​ការ​រាំងស្ងួត​នៅ​ដើមរដូវ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ត្នោត​មិនអាច​ចេញ​ផ្កា​បាន​ដូច​កាលកំណត់​។​ ទន្ទឹម​នេះ​បញ្ហា​នៃ​ការ​បន្លំ​ម៉ាក​ស្ករត្នោត​កំពង់ស្ពឺ​ក៏​ជា​ក្ដី​កង្វល់​ចម្បង​របស់​សមាគម​ផង​ដែរ ​ដែល​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មួយ​នេះ​។​

 
​លោក​ ជួន​ សិលា​រិ​ទ្ធ​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​កាតា​បាន​ឲ្យ​ដឹង​ថា ​ទីផ្សារ​ស្ករត្នោត​កំពង់ស្ពឺ​មិន​ទាន់​មាន​​ភាព​ទូលំទូលាយ​នៅឡើយ​នោះ​ទេ​។ ​ប៉ុន្តែ​ក្រុមហ៊ុន​កាតា​ទើបតែ​ចាប់បាន​ទីផ្សារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដោយ​នៅ​រដូវ​កាល​ផលិត​ឆ្នាំ​២០១៦​ខាងមុខ​ភាគី​ខាង​កូរ៉េ​គ្រោង​នឹង​នាំចូល​ស្ករត្នោត​ពី​កម្ពុជា​ប្រមាណ​ជា​៣០០​តោន​។

 
​លោក​បន្ត​ថា បរិមាណ​ស្ករត្នោត​ដែល​កូរ៉េ​នាំចូល​គឺ​នៅ​តិចតួច​នៅឡើយ​បើ​ធៀប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាជន​កូរ៉េ​ដែល​មាន​ចន្លោះ​ពី​៦០​លាន​ទៅ​៧០​លាន​នាក់​។​ ចំពោះ​ស្ករ​ដែល​កូរ៉េ​នាំចូល​ភាគច្រើន​គឺ​មកពី​ប្រទេស​ហ្វីលីពីន​និង​ប្រេ​ស៊ី​ល​។ ​លោក​ សិលា ​រិ​ទ្ធ​​ បញ្ជាក់​ថា ប្រសិនបើ​ស្ករត្នោត​ត្រូវ​បាន​ទទួលស្គាល់​ពី​ប្រជាជន​កូរ៉េ​នោះ​ភាគី​កូរ៉េ​នឹង​បង្កើន​ការ​នាំ​ចូល​ឲ្យ​បាន​ច្រើនជាង​នេះ​បន្ថែម​ទៀត​។​

 
​តំណាង​ក្រុមហ៊ុននាំចេញ​ស្ករត្នោត​រូប​នេះ​បាន​កត់សម្គាល់​ថា​បច្ចុប្បន្ន​ការនាំចេញ​ស្ករត្នោត​ទៅ​ទីផ្សារ​អន្តរជាតិ​​ក៏​មាន​ផល​លំបាក​ផង​ដែរ​បើ​ធៀប​ទៅ​នឹង​ការនាំចេញ​អង្ករ​ក្រអូប​នោះ​។​ កត្តា​ដែល​ជា​បញ្ហាប្រឈម​មាន​ដូច​ជា ការ​ផ្សព្វផ្សាយ​អំពី​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​មិន​ទាន់​មាន​ភាពរឹងមាំ​ម្យ៉ាងទៀត​ការផលិត​របស់​យើង​ក៏​មិនទាន់​ដល់​កម្រិតស្ដង់ដារ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​គេ​។​បន្ថែម​ទៅទៀត​នោះ​ការ​រក្សា​គុណភាព​ក៏​ជា​ចំណែក​មួយ​ផង​ដែរ​ ព្រោះ​គុណភាព​ស្ករត្នោត​កំពង់ស្ពឺ​មាន​រយៈពេល​ត្រឹមតែ​៦​ខែ​ប៉ុណ្ណោះ​ខណៈ​ដែល​ប្រទេស​កូរ៉េ​គេ​ត្រូវការ​ការ​រក្សា​ទុក​រយៈ​ពេល​មួយឆ្នាំ​ពេញ​។​ដូច្នេះ​កសិករ​ផលិត​ត្រូវ​ពង្រឹង​លទ្ធភាព​ក្នុង​ការផលិត​ស្ករត្នោត​ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែម​ជាង​នេះ​។​

 
​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​លោក ស្រី​ ចន្ធី​ បាន​លើក​ឡើង​ថា​វា​ជា​ដំណឹង​ល្អ​មួយ​ដែល​បរិមាណ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​មានការ​កើនឡើង​ខ្លាំង​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៦​ហើយ ​ជាពិសេស​គឺ​ការពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​នោះ​។​

 
លោ​ក​បន្ត​ទៀត​ថា​ នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​ក៏ដូចជា​ទ្រទ្រង់​ជីវភាព​របស់​កសិករ​ផលិត​នៅ​តាម​មូលដ្ឋាន​។ ​លោ​កបន្ថែម​ថា​ ក្រសួងពាណិជ្ជកម្ម​និង​ក្រុមហ៊ុននាំចេញ​គួរ​ពិនិត្យ​លទ្ធភាព​បន្ថែម​ក្នុង​ការ​ពង្រីក​ទីផ្សារ​ស្ករត្នោត​ឲ្យ​បាន​ទៅ​ច្រើន​ប្រទេស​បន្ថែម​ទៀត​ដូចជា​ប្រទេស​អាល្លឺម៉ង់​និង​សហរដ្ឋអាមេរិក​ជាដើម​។​

 
​គួរ​បញ្ជាក់​ថា ​រដូវ​កាល​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​គឺ​មាន​រយៈពេល​៦​ខែ​ដោយ​គិត​ចាប់ផ្ដើម​នៅ​ខែវិច្ឆិកា​និង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែឧសភា​៕