សហគមន៍​នេសាទ​ចំនួន​៥​នៅក្នុង​ខេត្តតាកែវ​បាន​ទទួល​ទុន​ពី​សហគមន៍​អឺរ៉ុប​

215

តាកែវ ៖ សហគមន៍​នេសាទ​ចំនួន​៥​ក្នុងចំណោម​សហគមន៍​នេសាទ​ចំនួន​១៨​នៅក្នុង​តាកែវ​ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ នេះ ត្រូវ​បាន​សហគមន៍​អឺរ៉ុប​ផ្ដល់​ទុន​អោយ​ក្នុង​មួយ​សហគមន៍​១២​លាន​រៀល​តាមរយៈ​រដ្ឋបាល​ជល​ផល​។ការ​ផ្ដល់​ទុន​ជួន​សហគមន៍​នេសាទ​នេះ​គឺ​ក្នុង​គោលបំណង​លើកកម្ពស់​សមភាព​យេនឌ័រ​និង​កាត់បន្ថយ​ពលកម្ម​កុមារ​នៅក្នុង​វិស័យ​ជលផល​មាន​ប្រសាសន៍​នៅក្នុង​ឱកាស​ផ្ដល់​ទុន​របស់​សហគមន៍​អឺរ៉ុប​ជួន​ដល់​សហគមន៍​ចំនួន​៥ ​នៅក្នុង​ខេត្តតាកែវ លោកជំទាវ ហោ ម៉ា​លីន ​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ បាន​ចាត់​ទុក​ការ​ផ្ដល់​ទុន​ដល់​សហគមន៍​នេសាទ​ថា​ពិត​ជា​មាន​សារៈសំខាន់ ព្រោះ​ទុន​នេះ​វា​និង​ផ្ដល់​ជា​កម្ចី​ដល់​សមាជិក​សហគមន៍​នេសាទ​ដែល​ជា​ស្ត្រី​មេម៉ាយ​និង​សមាជិក​ក្រីក្រ​ដទៃទៀត​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ហើយ​វា​ក៏បាន​កាត់បន្ថយ​ដល់​សមាជិក​សហគមន៍​ដែល​តែងតែ​ទៅ​ខ្ចីប្រាក់​នៅ​តាម​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​អត្រា​កា​ប្រាក់​ខ្ពស់​ហើយ​ថែមទាំង​មាន​ហានិភ័យ​ខ្ពស់​ថែម​ទៀត​ផង​។​

លោកជំទាវ ហោ ម៉ា​លីន បាន​មាន​ប្រសាសន៍​បន្ថែម​ថា ទុន​នេះ​វា​ក៏​និង​ជួយ​កាត់បន្ថយ​សកម្មភាព​នេសាទ​ខុសច្បាប់​នៅក្នុង​សហគមន៍​ ពោល​សមាជិក​សហគមន៍​ទាំងអស់​ត្រូវតែ​ធ្វើ​ឲ្យ​សហ​គ​ន៏​របស់​ខ្លួន​ក្លាយជា​សហគមន៍«​គ្មាន​បទល្មើស​នេសាទ​និង​ជា​សហគមន៍​គំរូ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​»​។ សហគមន៍​គ្មាន​បទល្មើស​នេសាទ​វា​និង​ធ្វើ​ឲ្យ​កំណើន​ត្រី​មានការ​កើនឡើង​ហើយ​វា​ក៏​និង​ធ្វើអោយ​ការ​ផ្គត់ផ្គង់​ត្រី​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ​។​

នៅក្នុង​ឱកាស​នោះ​លោកជំទាវ ហោ ម៉ា​លីន ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​សហគមន៍​នេសាទ​ដែល​ទទួល​បាន​ទុន​ពី​សហគមន៍​អឺរ៉ុប​នៅ​ពេល​នេះ​ត្រូវតែ​ចាយវាយ​និង​ប្រើប្រាស់​ថវិកា​នេះ​ឲ្យ​ចំ​គោលដៅ ហើយ​ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​ត្រូវតែ​ដាក់​បញ្ហា​ទាំងអស់​នៅ​លើ​តុ​ដើម្បី​រួមគ្នា​ជជែក​ស្វែងរក​ដំណោះស្រាយ​។ ហើយ​សមាជិក​នៅក្នុង​សហគមន៍​នេសាទ​ទាំងអស់​ត្រូវ​ពង្រឹង​សាមគ្គីភាព​ជៀសវាង​ការ​បែក​បាក់​សាមគ្គីភាព​ផ្ទៃក្នុង​របស់​សហគមន៍​នេសាទ​៕