គ្រូបង្វឹក​ជប៉ុន​ត្រូវការ​ឈ្នះ​កម្ពុជា តែ​គ្រូ Lee សង្ឃឹម​ត្រឹម​ស្មើ​នៃ​ជំនួប​ជើង​ទី​២​យប់​នេះ​

247

​បាល់ទាត់៖ លោក VahidHalilhodzic​ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ជប៉ុនបាន​បញ្ជាក់​ថា នៅក្នុង​ជំនួប​ជើង​ទី​២ ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០១៨នៅ​រុស្ស៊ី នា​វេលា​ម៉ោង ៧:១៤​នាទី​យប់​នេះកូនក្រុម​របស់​លោក​គឺ​ត្រូវការ​ឈ្នះ​ដាច់ខាត តែ​លោក​ក៏​ត្រៀម​ទប់ទល់​ជាមួយ​ការ​វាយបក​របស់​កីឡាករ​កម្ពុជា​ផង​ដែរ​។

ចំណែក​លោក Lee Tae Hoon​ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា សង្ឃឹម​ត្រឹម​ស្មើ​ប៉ុណ្ណោះនៅក្នុង​ជំនួប​ដ៏​អស្ចារ្យ​នេះ។​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ផ្លូវការ​ចាប់ផ្ដើម កាលពី​ល្ងាច​ថ្ងៃទី​១៦ខែវិច្ឆិកា​ម្សិលមិញ លោក VahidHalilhodzic បាន​ឲ្យ​ដឹងថា នេះ​គឺ​ការប្រកួត​ចុងក្រោយ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៥ ដែល​លោក​ត្រូវការ​ឈ្នះ​ជានិច្ច ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅ​វគ្គ​បន្ដ។ ប៉ុន្ដែ​ក្នុងការ​ប្រកួត​នេះលោក​នឹង​ផ្លាស់ប្ដូរ​កីឡាករ​យុវជន​ឲ្យ​ចូល​លេង​ច្រើន ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ។​ គ្រូបង្វឹក​ជនជាតិ​បូ​ស្នៀ​រូប​នេះបាន​បន្ដថា កាលពី​ជួបគ្នា​ជើង​ទី​១ នៅលើ​ទឹកដី​ជប៉ុន កម្ពុជា​ច្រើន​លេង​ទម្រង់​ការពារហើយ​រក​ឱកាស​វាយបក ព្រោះ​កីឡាករ​កម្ពុជា​មួយចំនួន ក៏មាន​ល្បឿន​លឿន​មិន​ចាញ់​កីឡាករ​ជប៉ុន​ដែរ ដូច្នេះ​លោក​ត្រូវ​រៀបចំ​ខ្សែការពារ​ឲ្យ​បានល្អ ដើម្បី​ទប់ស្កាត់​ការ​វាយបក​របស់​កីឡាករ​កម្ពុជា។ ចំណែក​គ្រូបង្វឹក​កម្ពុជា​លោក Lee Tae Hoon​បាន​បញ្ជាក់ថា នៅក្នុង​តំបន់​អាស៊ាន​បច្ចុប្បន្ន​មិន​ទាន់​មាន​ប្រទេស​ណាមួយ ដែលមាន​កម្រិត​ប​ច្ចេស​ប្រៀប​ស្មើ​ជាមួយ​ជប៉ុន​ឡើយ ដូច្នេះ​ការចង់​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ជប៉ុន មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ តែ​លោក​មាន​សង្ឃឹម​ត្រឹម​ស្មើ​ប៉ុណ្ណោះ នៅក្នុង​ជើង​ទី​២ជាមួយ​ក្រុម​ភ្ញៀវ​ជប៉ុន​យប់​នេះ​។ បើ​ប្រៀបធៀប​ជំនួប​ជើង​ទី​១ និង​ជើង​ទី​២​នេះ​វិញ វា​គឺជា​រឿង​ពិបាក​ណាស់​ចំពោះ​កម្ពុជា ព្រោះ​កីឡាករ​ជប៉ុន​មាន​កម្រិត​បច្ចេកទេស​ខ្ពស់​ជាង។ ម្យ៉ាងវិញទៀត ការ​ប្រមូលផ្ដុំ​ហ្វឹក​ហារ​របស់​កីឡាករ​ជប៉ុន នៅ​លើ​ទឹកដី​កម្ពុជា​ក៏​ចាប់ផ្ដើម​មុន​ដែរ ព្រោះ​ពួកគេ​មកដល់​មុន​។ ប៉ុន្ដែ​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​រូប​នេះ នៅ​តែ​មាន​ជំនឿ​ចិត្ត​ក្នុង​ការបង្កើត​ឱកាស​វាយបក ដោយ​លោក​ជំរុញ​ឲ្យ​កូនក្រុម នៅពេល​ទទួល​បាន​បាល់ ត្រូវ​ធ្វើការ​វាយបក​ឲ្យ​បាន​លឿន​បំផុត ដើម្បី​ស្វែងរក​គ្រាប់​បាល់។ តែ​លោក​ក៏​ព្រួយបារម្ភ ចំពោះ​លក្ខខណ្ឌ​កម្លាំង​កីឡាករ​កម្ពុជា​ផង​ដែរ ព្រោះ​ទើប​ត្រឡប់​មកពី​អ៊ីរ៉ង់ ក្រោយ​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ។ គួរ​បញ្ជាក់​ថា កាលពី​ជើង​ទី​១ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​សាំ​ម៉ូ​រ៉ៃ​ជប៉ុន នៅ​លើ​ទឹកដី​ជប៉ុនដោយ​លទ្ធផល ៣-០។ ដូច្នេះ​យប់​នេះ គឺជា​ការប្រកួត​សងសឹក​ដ៏​អស្ចារ្យ​មួយ ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​ទស្សនា ខណៈ​ការប្រកួត​ជើង​ទី​២​នេះ ក៏​មាន​ការផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចប់​ទូរទស្សន៍ BTV-News ផងដែរ ៕
អត្ថបទ លី ឈុន​ឡា