ប្រជាពលរដ្ឋ​សប្បាយរីករាយ ដែល​អាជ្ញាធរ​របើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ចំនួន​២​ខ្សែ​

243

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​សំរោង​កណ្តាល សង្កាត់​សំរោង សប្បាយរីករាយ និង​សាទរ​ចំពោះ​សាលាខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ចំនួន​២​ខ្សែ ប្រវែង​៧៩៦​ម៉ែត្រ ដែល​ជា​គម្រោង​មូលនិធិ​របស់​ខណ្ឌ​ឆ្នាំ​២០១៥ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ​ក្នុងភូមិ​និង​សង្កាត់​របស់​ខ្លួន ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

តាម​របាយការណ៍​រប​ស់​លោក​កង សែន ចៅសង្កាត់​ស្តីទី​សង្កាត់​សំរោង​បាន​ឲ្យ​ដឹង​ថា គម្រោង​ផ្លូវ​ដែល​ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​ឱ្យ​ដំណើរការ​ស្ថាបនា នា​ពេលនេះ ​គឺជា​ប្រភេទ​ផ្លូវ​បេ តុង​ឆ្អឹង​ដែក​ប្រវែង​៧៩៦​ម៉ែត្រ ទទឹង​ប្រវែង​០៦​ម៉ែត្រ កម្រាស់​១​តឹក​កន្លះ ចំនួន​២​ខ្សែ​នៅក្នុង​ភូមិ សំរោង​កណ្តាល ប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍ​របស់​សាលាខណ្ឌ​អស់​សរុប​ចំនួន​៧៤៥,១៤៧.០០០​​រៀល​។

នៅក្នុង​ឱកាស​នោះ​លោក​ សុខ សម្បតិ បាន​មាន​ប្រសា​ន៍​ថា ក្នុងនាម​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ សូម​សម្តែង​នូវ​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មគ្គុទ្ទេសក៍​ភាពជា​អ្នកដឹកនាំ​រដ្ឋាភិបាល​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា ដែល​បន្ត​បេសកកម្ម​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កម្ពុជា​អាច​រំដោះខ្លួន​ចេញពី​សង្គ្រាម ហើយ​កសាង​បាន​នូវ​សុខសន្តិភាព​ទូទាំងប្រទេស​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​សន្ទុះ​លឿន យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈកាល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ​ថែម​ទៀត​ផង​។​

លោក​បន្ត​ថា ទាំង​អស់នេះ ​គឺជា​ការ​ខិតខំ​យក​ទុកដាក់​ពី​រាជរដ្ឋាភិបាល​តាម​លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវ​យក​ចិត្ត​ដាក់​បម្រើ​ប្រជាពលរដ្ឋ​របស់ ខ្លួន​ជា​ម្ចាស់​ឆ្នោត​គ្រប់​កាលៈទេសៈ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំងអស់​។​

លោក​សុខ សម្បតិ បញ្ជាក់​ថា រាល់​គម្រោង​ស្ថាបនា​ផ្លូវ​តាម​ភូមិ​/​សង្កាត់​នានា គឺ​ធ្វើឡើង​តាម​ការ​មើល​ឃើញ​របស់​លោក​មេភូមិ ចៅសង្កាត់​រាយការណ៍​មក​ខណ្ឌ ហើយ​ខណ្ឌ​ចុះ​សិក្សា​ត្រួត​ពិនិត្យមើល​និង​ធ្វើ​សំណើសុំ​គម្រោង​នេះ​ជូន​ទៅ​លោក អភិបាល​រាជធានី​ភ្នំពេញ បន្ត​ដើម្បី​សម្រេច និង​ស្នើសុំ​ថវិកា ធនាគារ ដូច្នេះ​ការ​សាង​ផ្លូវ​នីមួយៗ​មិនមែន​ធ្វើឡើង​ដោយ​ស្រួលៗ និង​ឆាប់​តាម​ការ​ចង់បាន​ពី​ប្រជាពលរដ្ឋ​ភ្លាមៗ​នោះ​ឡើយ​។ ហើយ​ផ្លូវ​ដែល​មិនទាន់បាន​បេតុង​តាម​ភូមិ​ខ្លះទៀត សូម​ប្រជាពលរដ្ឋ​អធ្យាស្រ័យ ជា​បន្តបន្ទាប់​មូលនិធិ​សាលាសង្កាត់ និង​សាលា​ខណ្ឌ​នឹង​ធ្វើ​បន្ត​ជា​រៀងរាល់​ឆ្នាំ​មិន​ឲ្យ​ប្រជាពលរដ្ឋ​លំបាក​ឡើយ​។​

នា​ក្នុង​ឱ​កាស​នោះ​ដែរ ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ពិធី​បើកការដ្ឋាន​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ បាន​សប្បាយចិត្ត ជា​ខ្លាំង​នៅ​ពេលដែល​អាជ្ញាធរ​បាន​ចុះមក​សម្ពោធ​បើក​ការដ្ឋាន​កសាង​ផ្លូវ បេតុង​ក្នុងភូមិ​របស់​ខ្លួន ដែល​ពី​មុនមក​មានកា​រ​ពិបាក​ធ្វើដំណើរ មាន​ភក់ជ្រាំ​នៅ​រដូវភ្លៀង និង​មាន​ធូលី​ហុយ​សំពោង​នៅ​រដូវក្ដៅ​នោះ​។

បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ផ្លូវ​ដែល​ត្រូវធ្វើ​ហើយ​នោះ លោក​ សុខ សម្បតិ និង​ក្រុមការងារ​បាន​នាំ​យក​បច្ច័យ​ទៅ​ចូលរួម​បុណ្យសព ក្នុងភូមិ​សំរោង​កណ្តាល​នេះ​ចំនួន​២​ផ្ទះ ក្នុង​១​ផ្ទះ​ទទួល​បាន​ថវិកា​ចំនួន​៣០០០០០​រៀល​ផង​ដែរ​៕