ការិយាល័យ​ផលិតកម្ម ​បសុព្យាបាល​ នាំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បដិសេធ​ព័ត៌មាន​ដែល​លេច​លឺ​ថា ​មាន​ផ្ទុះ​ជម្ងឺ​គ្រុន​បក្សី

275

សៀមរាប ៖ កាល​ពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ មាន​ប្រភព​ព័ត៌មាន​ក្នុងស្រុក រួម​ទាំង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផង​ដែរ បាន​បញ្ចេញ​ព័ត៌មាន​ ដ៏​ភ្ញាក់ផ្អើល​ថា ៖ នៅ​ខេត្តសៀមរាប មាន​ផ្ទុះ​ជម្ងឺ​គ្រុន​បក្សី ។​
ចំពោះ​ការ​បញ្ចេញ​ព័ត៌មាន​នេះ នៅ​រសៀល​ម៉ោង​១៦ ​និង​ ៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ លោក ព្រហ្ម វ៉ិ​ច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ឱ្យ​ដឹង​ថា ៖ ពិតជា​មាន​សត្វ​ទា​បាន​ងាប់​ចំនួន​ប្រមាណ​ជា ២០០​ក្បាល​ពិតប្រាកដ​មែន នៅ​ភូមិ​ច្រនៀង ឃុំ​សសរស្ដម្ភ​ ស្រុក​ពួក ខេត្តសៀមរាប ។ លោក​បាន​បញ្ជាក់​ថា ៖ ក្រោយពី​ការ​លេច​ចេញ​ព័ត៌មាន​នេះ ក្រុមការងារ​ជំនាញ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​ជាបន្ទាន់ ដើម្បី​សិក្សា​ហេតុការណ៍​ទាំងនោះ និង ចាត់វិធានការ​ទប់ស្កាត់ ឲ្យ​បាន​ទាន់​ពេល​វេលា ។

លោក ព្រហ្ម វ៉ិ​ច បាន​បង្ហើប​ឲ្យ​ដឹង​ថា ៖ ព័ត​មាន​ដែល​ឲ្យ​ដឹង​ដោយ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទា​នោះ បាន​រាយការណ៍​ថា នៅ​វេលា​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ម្ចាស់​កសិដ្ឋាន​នាំចូល​កូន​ទា​មួយ​ចំនួន​ទៀត ប​ញ្ជូ​ល​ក្នុង​ហ្វូង​កូន​ទា​ដែល​មាន​ពីមុន សារុប​ទាំងអស់​ប្រមាណ​ជា ៦ ០០០​ក្បាល​កូន​ទា​ដែល​នាំចូល​ថ្មី​នោះ ត្រូវ​ទទឹក​ទឹកភ្លៀង​ពី​យប់​ផង នឹង​ត្រូវ​បញ្ចូល​ក្នុង​ហ្វូង​បន្ថែម​ផង បណ្ដាល​ឲ្យ​ទា​ដែល​នៅក្នុង​ទី​ហ៊ុំ​កសិដ្ឋាន​នោះ​ចង្អៀត ពុំ​ធានា​បាន​បរិស្ថាន​ល្អ តាម​បច្ចេកទេស ក៏​បណ្ដាល​ឲ្យ​ទា​ដែល​នាំចូល​ថ្មី​នោះ ត្រូវ​ឈឺ​ស្លាប់​ប្រហែល ២០០​ក្បាល ។

លោក​បាន​បន្ត​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​១៧ បន្ថែម​ទៀត​ថា ៖ បើ​ទោះជា​ក្រុម​ជំនាញ​គិតថា កសិដ្ឋាន​នោះ​នៅ​កណ្ដាល​វាលស្រែ ឆ្ងាយ​ពី​ភូមិ​អ្នកស្រុក ហើយ​សត្វ​ទា​ទាំងនោះ ជា​កូន​ទា​តូចៗ​មិនអាច​ចរាចរ​លក់ដូរ​បាន វា​មិន​បង្ក​ហា​នី​ភ័យ​ធ្ងន់ធ្ងរ តែ​ក្រុមការងារ​ជំនាញ​បានសម្រេច​ចិត្ត កំទេច​ហ្វូង​ទា​ទាំងនោះ​ចោល​ហើយ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​សង្ស័យ រឿង​តូច​បង្ក​ជាធំ​ជា​មួយ​គ្នា​នេះ ក្រុមការងារ ក៏​មាន​វិធានការ ដាក់​ការ​ហាម​ប្រាម​មិន​ឲ្យ​មនុស្ស​ដែល​គ្មាន​ភារកិច្ច ចេញចូល​ក្នុង​តំបន់​កសិដ្ឋាន​នោះ​ឡើយ​ហើយ​ក្រុម​ជំនាញ​បាន​បញ្ជូន​ទា​ងាប់ ទៅ​ធ្វើ​កោសល្យវិច័យ នៅ​មន្ទីរពិសោធន៍​របស់​នា​យក​ដ្ឋាន​ផលិតកម្ម​បសុព្យាបាល នៅ​ឯ​រាជធានី​ភ្នំពេញ​ផង​ដែរ ដើម្បី​ចាត់វិធានការ​បន្ថែម​ទៀត បើសិនជា​សត្វ​ទា​ទាំងនោះ ងាប់​ដោយ​មេរោគ​គ្រុន​បក្សី​មែន​នោះ ៕