គ្រូបង្វឹក​ជប៉ុន​ផ្ញើ​សារ​ឲ្យ​គ្រូៗ​ក្នុង​អាស៊ី បណ្ដុះ​ស្មារតី​ប្រកួត​ប្រជែង​ឲ្យ​ខ្លាំង​ទើប​អាច​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​បាន​

208

បាល់ទាត់៖ លោក Vahid Halilhodzic គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ជប៉ុន​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ក្នុង​ទ្វីបអាស៊ី នៅ​មិន​ទាន់​មាន​ប្រទេស​ណា​មាន​សមត្ថភាព ​អាច​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នោះ​ឡើយ ហេតុនេះ​លោក​ចង់​ឲ្យ​គ្រូបង្វឹក​បាល់ទាត់​ក្នុង​ទ្វីបអាស៊ី​ទាំងអស់ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន និង​កូនក្រុម​របស់​ខ្លួន ទើប​អាច​រីកចម្រើន​ឈាន​ដល់​ចំណុច​មួយ ដែល​អាច​ប្រកួតប្រជែង​ជាមួយក្រុម​ខ្លាំងៗ​នៅ​លើ​ពិភពលោក​បាន​។​
បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​ជប៉ុនយកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ២-០ ក្នុង​ជំនួប​ជើង​ទី​២ នៃ​ពានរង្វាន់បាល់ទាត់​ពិភពលោកកាលពី​យប់មិញ លោក Vahid Halilhodzic បាន​បញ្ជាក់​ថា លោក​មិន​ពេញចិត្តនឹង​ជ័យជម្នះ​នេះ​ឡើយ ព្រោះ​លោក​ចង់បាន​គ្រាប់​បាល់​ច្រើនជាង​នេះ។ ប៉ុន្តែ​លោក​ក៏បានទទួល​កំហុស ចំពោះ​ការផ្លាស់ប្ដូរ​ទម្រង់​លេងដែល​នាំ​ឲ្យជប៉ុន ប៊ិះ​នឹង​ត្រូវ​របូត​គ្រាប់​បាល់​ក្រោម​ថ្វី​ជើងកីឡាករ​កម្ពុជា​ផង​ដែរ។ លើស​ពី​នេះ​លោ​បាន​កោតសរសើរ​ចំពោះ​សមត្ថភាព​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​ព្យាយាម​លេង​ការពារយ៉ាង​ល្អ និង​មានការ​វាយបក​លឿនទោះបី​កីឡាករ​ជប៉ុនមាន​ប្រៀប​ជាង​ក៏ដោយ​។ នៅ​តង់​ទី​១ ការប្រកួត​បាន​បញ្ចប់ដោយ​លទ្ធផល​ស្មើគ្នា ០-០ ប៉ុន្តែ​តង់​ទី​២ កូនក្រុម​លោក​បាន​ផ្លាស់ប្ដូរ​ទម្រង់​លេង ហើយក៏​ទទួល​បាន​ឱកាសរក​គ្រាប់​បាល់​ជា​ច្រើន​លើក​ដែរ តែ​ធ្វើ​សម្រេច​បានតែ ២​គ្រាប់ ដូច្នេះ​លោក​មិន​ពេញ​ចិត្ដនឹង​លទ្ធផល​នេះ​ឡើយ។​ ជាមួយគ្នា​នោះ​ដែរគ្រូបង្វឹក​ជនជាតិ​បូ​ស្នៀ​រ​រូប​នេះ ក៏បាន​ផ្ញើ​សារ​ដល់​គ្រូបង្វឹក​ក្នុង​ទ្វីបអាស៊ី​ទាំងអស់​ថា គ្រូបង្វឹក​ត្រូវតែ​បណ្ដុះ​ស្មារតី​ប្រកួតប្រជែង​ឲ្យ​បាន​ខ្លាំង និង​មាន​ឆន្ទៈ​ខ្ពស់​បំផុត​ក្នុង​ការ​ប្រកួតទើប​នៅ​ថ្ងៃ​អនាគតក្រុមបាល់ទាត់​អាស៊ី អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​បាន​។ ជាក់ស្ដែង​បច្ចុប្បន្ន​ទោះ​បី​កីឡាករ​កម្ពុជា​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការប្រកួត ប៉ុន្តែ​កម្រិត​សមត្ថភាព និង​បច្ចេកទេស​លេង​នៅ​មាន​កម្រិត​នៅឡើយ​។​ ដោយឡែក​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​ឲ្យ​ដឹង​ថា ជំនួប​ជើង​ទី​២ ជាមួយ​ក្រុម​ខ្លាំង​ជប៉ុន​នេះ កីឡាករ​កម្ពុជា​ពិតជា​មានការ​នឿយហត់​ខ្លាំង ប៉ុន្តែ​លោក​មិន​បន្ទោស ឬ​ទម្លាក់កំហុស​លើ​កីឡាករ​ឡើយ​ដោយ​សំអាង​ថា សូម្បីតែ​ប្រាក់ខែ​កីឡាករ​កម្ពុជា​ក៏​នៅ​តាម​កម្រិត​ដែរ ដូច្នេះ​មានតែ​ការ​ផ្ដល់​កម្លាំង​ចិត្ត​ពី​អ្នកគាំទ្រ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​កីឡាករ​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​ប្រកួត និង​ខិតខំ​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ជាតិ​។ គ្រូបង្វឹក​ជនជាតិ​កូរ៉េ​រូប​នេះបាន​បន្ដ​ថា បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​នេះ​រួចលោក​នឹង​ស្នើ​ទៅ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​រៀបចំ​ផែនការ​រយៈពេល​វែង​មួយ សម្រាប់​បណ្ដុះបណ្ដាល​ធន​ធាន​កីឡាករ ដែល​មាន​សមត្ថភាព​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នានា ហើយក៏​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​កាន់តែ​រីកចម្រើន​ផងដែរ៕
អត្ថបទ៖ លី ឈុន​ឡា