រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជំរុញ​អោយ​អ្នកសារព័ត៌មាន​យល់ដឹង​ពី​ការប្រែប្រួល​អាកាសធាតុ​

148

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កា​ញ៉ា​រិទ្ធ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ នេះ​បាន​មានប្រសាសន៍​ជំរុញ​អោយ​អ្នកសារព័ត៌មាន​កម្ពុជា​ទាំងអស់​យល់ដឹង​អោយ​បាន​ច្បាស់​ពី​ការប្រែប្រួល​អាកាសធាតុ ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អោយ​បាន​ពិត​ប្រាក​ដ​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​ក្នុង​ការ​ជៀសវាង​ហានិភ័យ​កើតឡើង​ជាយថាហេតុ​។​

 

ឯកឧត្តម​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល ស្តី​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការប្រែប្រួល​អាកាសធាតុ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន សហការ​ជាមួយ​ក្រសួងបរិស្ថាន​។​

​ឯកឧត្តម​ថ្លែង​បន្ត​ថា ការប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​កំពុង​កើតឡើង​នៅ​លើ​ពិភពលោក ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ដូចជា​ការ​កើនឡើង​នូវ​កម្ដៅ​​ភព​ផែនដី បាតុភូត​គ្រោះធម្មជាតិ គ្រោះ​រាំងស្ងួត គ្រោះ​ទឹកជំនន់ ខ្យល់ព្យុះសង្ឃរា ការខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី ការបាត់បង់​ជីវៈ​ចម្រុះ ការ​កើត​ជំងឺ​ដង្កាត់​ប្លែកៗ បំផ្លាញ​ជីវិត​មនុស្ស សត្វ ដែល​បញ្ហា​ទាំងនេះ មិន​ត្រឹមតែ​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​សុវត្ថិភាព និង​សុខមាលភាព​សាធារណៈ​ទៀត​ផង​។

 

​ការ​នេះ​ទាមទារ​អោយ​អ្នក​សារ​ព័ត៌មាន​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អោយ​បាន​ទៀត​ទាត់ និង​ជាប់​ជាប្រចាំ​អំពី​ការ​ព្យាករណ៍​ទឹកជំនន់​គ្រោះ​រាំងស្ងួត និង​ផ្តល់​ចំណេះដឹង​ទូទៅ​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ សំដៅ​បញ្ជ្រាប​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​

 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម យិន គឹមស៊ាន​​បាន​អោយ​ដឹង​ដែរ​ថា ប្រជាជន​ភាគច្រើន​ទទួល​ព័ត៌មាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ជា​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌មាន​។ ដូចនេះ​អ្នកសារព័ត៌មាន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​និង​ការប្រែប្រួល​អាកាសធាតុ​ទៅកាន់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អោយ​មាន​​ការ​យល់​ដឹង​​យ៉ាង​ច្បាស់​ដើម្បី​បញ្ចៀស​នូវ​ការ​គ្រោះថ្នាក់​ផ្សេងៗ​៕