អាជ្ញាធរ​អំពាវនាវ​ឲ្យ​រថយន្ត​ដឹក​កម្មករ​ត្រួតពិនិត្យ​លក្ខណៈ​យានយន្ត

307
អាជ្ញាធរ​អំពាវនាវ​ឲ្យ​រថយន្ត​ដឹក​កម្មករ​ត្រួតពិនិត្យ​លក្ខណៈ​យានយន្ត

ស្វាយរៀង៖ អភិបាលរង​ខេត្តស្វាយរៀង លោក ហ៊ូ វតនៈ កាលពី​ថ្ងៃទី ១៧ ខែវិច្ឆិកា​ម្សិលមិញ បាន​អំពាវនាវ​ម្ចាស់​រថយន្ត​ដឹក​កម្មករ​នៅ​ខេត្តស្វាយរៀង ឲ្យ​មក​ត្រួតពិនិត្យ​លក្ខណៈ​យាន យន្ត​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេល​វេលា ។​


​លោក ហ៊ូ វតនៈ ដែល​ថ្លែង​ក្នុង​ខណៈ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​យានយន្ត បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​នឹង​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោក​ថ្មី​នា​ដើមឆ្នាំ ២០១៦ ខាងមុខ នេះ ។
​លោក​មានប្រសាសន៍ថា ការ​ចុះ​ត្រួតពិនិត្យ គឺ​ក្នុង​បំណង​ស្រង់​ស្ថិតិ​រថយន្ត​មាន លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស បន្ទាប់មក នឹង ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ទទួលស្គាល់​ប្រភេទ​រថយន្ត​នា​ពេល​ខាង​មុខ ។ ម្យ៉ាងទៀត គឺ​ដើម្បី​បញ្ចៀស​ការ​ខាត​ពេលវេលា​ដល់​ក្រុម​កម្មករ​យក​រថយន្ត ត្រួតពិនិត្យ​នៅ​រាជធានី ភ្នំពេញ ។​

​លោក រ័ត្ន ច​ន អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា យុទ្ធនា​ការ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មាន​រយៈពេល​បី​ថ្ងៃ ដោយ​ចាប់ពី ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។​

​ក្នុង​ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​គ្រោង​នឹង​ត្រួតពិនិត្យ​តែ​រថយន្ត​ដឹក​កម្មករ ប្រមាណ ៣០០ គ្រឿង ប៉ុណ្ណោះ ដែល​ខេត្ត​បាន​ស្នើសុំ​គោលការណ៍​ចុះ​ត្រួតពិនិត្យ និង សុំ​គោល​ការ​ចេញ​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​សាធារណការ និង ដឹក ជញ្ជូន ៕

darith-17 darith-18 darith-21 darith-19