ខេត្តកំពត​សម្អាត​អនាម័យ​បរិស្ថាន​តាម​តំបន់ឆ្នេរ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​

428
ខេត្តកំពត​សម្អាត​អនាម័យ​បរិស្ថាន​តាម​តំបន់ឆ្នេរ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ

កំពត៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​មន្ទីរ​ស្ថាប័ន​ទាំងអស់ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ខេត្តកំពត កាលពី​ថ្ងៃទី ១៧ ខែវិច្ឆិកា ​ឆ្នាំ២០១៥ បាន​នាំ​គ្នា​ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​​​នៅ​ដង​វិថី​នានា​ក្នុង​ក្រុង​កំពត​តាម សួនច្បារ និង តំបន់ឆ្នេរ​ព្រែក​កំពត ។​

​ការ​ធ្វើ​ដូច្នោះ គឺ​ដើម្បី​កែលំអ​សោភណភាព​​​ក្រុង ដោយ​ត្រៀម​រៀបចំ​ធ្វើបុណ្យ​សមុទ្រ ដែល​នឹង​ប្រព្រឹត្ត ទៅ​អស់​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ ។​

 
​សាលាខេត្ត​កំពត​បាន​ណែនាំ និង បែងចែក​ទីតាំង​បោសសម្អាត​ដល់​មន្ត្រី​រាជការ​​ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស សហភាព​សម្ព័ន្ធ​យុវជន​កម្ពុជា​ទូទាំង​ក្រុង​កំពត ដោយ​កំណត់​យក​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង​កំពត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាង​មុខ ។​

 
​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ឲ្យ​អនុ​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ សមុទ្រ​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​អាជីវករ និង ក្រុមហ៊ុន​ដែល​ចូលរួម​តាំងពិព័រណ៍​ជា​វេច​ខ្ចប់​ចំណីអាហារ និង ផ្លែឈើ​ក្នុង​ឱកាស​ពិធីបុណ្យ ត្រូវ​ចៀសវាង​ប្រើ​ថង់​ផ្លាស់​ស្ទិ​ក ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ ប្រើ​សម្ភារៈ​ដែល​ផលិត​ពី​រុក្ខជាតិ​ធ្វើការ​វេច​ខ្ចប់​ជំនួស​វិញ ។​

 
​ឯកឧត្តម ថោង ខុន បាន​ណែនាំ​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​សមុទ្រ​កាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។​

 
​ឯកឧត្តម​មានប្រសាសន៍​ថា ទឹកដី​ខេត្តកំពត​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ ជាច្រើន​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​តែង​ចូលចិត្ត​មកលេង​កម្សាន្ត​យក​ខ្យល់អាកាស​បរិសុទ្ធ​ពី​តំបន់​មាត់សមុទ្រ និង តាម​តំបន់​រមណីយដ្ឋាន​នានា​ទូទាំង​ខេត្ត​ផង​ដែរ ។​

 
​ឯកឧត្តម​បន្ត​ថា ដូច្នេះ ការរៀបចំ​បុណ្យ​សមុទ្រ​នៅ​លើ​ទឹកដី​ខេត្តកំពត​នេះ ជា​ឱកាស​ដើម្បី​បង្ហាញ និង ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា​រមណីយដ្ឋាន​ទាំងនោះ ៕