បន្ត​នីតិវិធី​រឿង​ក្តី​ហិង្សា​ទីលាន​ប្រជាធិបតេយ្យ​

224
បន្ត​នីតិវិធី​រឿង​ក្តី​ហិង្សា​ទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ ៖ រឿង​ក្តី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កំពុង​ត្រូវ​បាន​សាលាឧទ្ធរណ៍​បន្ត​នីតិវិធី​កាលពី​ពាក់​កណ្ដាល​ខែកក្កដា ឆ្នាំ​២០១៥ កន្លងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ផ្ដន្ទាទោស​សកម្មជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ចន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ។​
លោក​មេធាវី ជូ​ង ​ជូ​ងី ថ្លែង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ថា រហូត​មក​ទល់​ពេលនេះ សាលាឧទ្ធរណ៍​ពុំ​ទាន់​កំណត់​ថ្ងៃ​សវនាការ​សាជាថ្មី នៅឡើយ​ទេ ​លោក​បញ្ជាក់​ថា មុន​ពេល​សវនាការ​រឿង​អង្គ​សេចក្តី លោក​មេធាវី​កំពុង​រៀបចំ​ឯកសារ​ស្នើ​សុំ​ឱ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំ​ជា​មុន​សិន​ជូន​សាលាឧទ្ធរណ៍ ដើម្បី​ពិនិត្យ​និង​សម្រេច​។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​មាន ឈ្មោះ​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​, ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​រាជធានី​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង ឈ្មោះ អឿ ណា​រិត មន្ត្រី​ទទួលបន្ទុក​កិច្ចការ សាធារណៈ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ជំនួយការ​ផ្ទាល់ របស់​អ្នក ស្រី​មូរ​សុខ​ហួរ​។​

ចំណែក​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​នាក់​ដែល​ត្រូវជា​ប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​មាន​ឈ្មោះ ស៊ុំ ពុ​ទ្ឋី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ អំពៅ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​, ឈ្មោះ កែ ឃីម ហៅ​វីន ឌី សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ,​ឈ្មោះ ទេព ណារិន សមាជិក​ចលនា​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ,​ឈ្មោះ អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​, ឈ្មោះ​នាង សុ​ឃុន ប្រធាន​សម្ព័ន្ធ​យុវជន​ជាតិខ្មែរ និង​ជា​ហិរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខណ្ឌ​ច្បារអំពៅ ,​ឈ្មោះ សាន គឹម​ហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌទួលគោក ,​ឈ្មោះ សាន សីហៈ លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ និង ឈ្មោះ អាន បឋម ហៅ សុខុម យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​។​

ជនជាប់ចោទ​ទាំង​១១​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ ចូលរួម​ក្នុង​ចលនា​កុបកម្ម តាម​មាត្រា​៤៥៧ នៃ​ក្រមព្រហ្មទណ្ឌ និង បទ​ដឹកនាំ​កុបកម្ម តាម​មាត្រា​៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ៕