ក្រសួង​ការងារ​រំពឹងថា ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​សន្តិសុខ​សង្គម​នឹង​ផ្តល់​និរន្ត​ភាព​សម្រាប់​ប្រជាពលរដ្ឋ

384
ក្រសួង​ការងារ​រំពឹងថា ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​សន្តិសុខ​សង្គម​នឹង​ផ្តល់​និរន្ត​ភាព​សម្រាប់​ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ​​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​រំពឹងថា​ ការ​អភិវឌ្ឍ​ន៍​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​នឹង​ទទួល​សង្គតភាព​ និង​និរន្ត​ភាព​សម្រាប់​ជា ​ប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងមូល​។

សិក្ខាសាលា ស្តីពី​ការ​​ពង្រឹង​និង​អភិវឌ្ឍន៍​វិស័យ​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅក្រោម បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ រដ្ឋមន្ត្រី​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​រំពឹងទុក​ថា នឹង​ជួយ​ជម្រុញ​ឲ្យ ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​នូវ​សង្គតភាព​ និង​និរន្តរភាព សម្រាប់​ជា​ប្រយោជន៍​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។

ឯក​ឩ​ត្ត​ម អ៊ិត សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​រំពឹង​យ៉ាង​ដូចនេះ នៅ​ព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​សិក្ខាសាលា ស្តីពី​ការពង្រឹង ​និង​អភិវឌ្ឍន៍​វិស័យ​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅក្រោម ​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ នៅ​សណ្ឋាគារ អាំងទែរ ​កង់​ទី​ណង់​តា​ល់​។

ឯក​ឩ​ត្ត​ម​រដ្ឋមន្ត្រី ​បាន លើកឡើង​បន្តថា ​តាមរយៈ​សិក្ខាសាលា​ខាង​លើនេះ​ សិក្ខាកាម​ទាំងអស់ ជាពិសេស​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បុគ្គលិក​នៃ បេឡា​ជាតិ​របប​ស​និ្ត​សុខ​សង្គម នឹង​ខិតខំ​ស្វែងយល់ គាស់កកាយ បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អនុវត្ត​កន្លងទៅ រួមគ្នា​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់ ដកស្រង់​បទពិសោធន៍ រិះរក​យន្តការ និង​វិធីសាស្ត្រ​ដោះស្រាយ​ចំពោះ​បញ្ហា​លំបាក​ទាំងឡាយ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ការអនុវត្ត​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​នូវ​ប្រសិទ្ធិភាព​, គណនេយ្យ ភាព និង​ស័ក្ដិសិទ្ធិ​ភាព​។

ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ មាន ជំនឿ​ថា​ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​របប​សន្តិសុខ សង្គម​ពីរ​បន្ថែមទៀត​នោះ កម្មករ​និយោជិក ដែល​បម្រើ ការ​នៅ​វិស័យ​ឯកជន នឹង​ទទួល​បានការ​គាំពារ​យ៉ាង​ពេញលេញ ទាំង​សន្តិសុខ​ផ្លូវកាយ​និង​សន្តិសុខ​ផ្លូវចិត្ត​៕