អំពើ​ហិង្សា​រវាង​ប៉ាឡេស្ទីន​ និង​អ៊ីស្រាអែល​នៅ​បន្ត​កើត​មាន​ឥត​ឈប់ឈរ​ក្នុង​តំបន់​វេសបេង

286
អំពើ​ហិង្សា​រវាង​ប៉ាឡេស្ទីន​ និង​អ៊ីស្រាអែល​នៅ​បន្ត​កើត​មាន​ឥត​ឈប់ឈរ​ក្នុង​តំបន់​វេសបេង

វេសបេង៖ មនុស្ស​ ៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​បាញ់​ប្រហារ​មួយ ​​នៅ​តំបន់​វេសបេងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ក្នុង​នោះ​មាន​ម្នាក់​ជា​ពលរដ្ឋ​អាមេរិក​, ​ម្នាក់​ជា​ពលរដ្ឋ​ប៉ាឡេស្ទីន និងម្នាក់​ទៀត​ជា​ពលរដ្ឋ​អ៊ីស្រាអែល​​។
អ្នក​នាំ​ពាក្យ​នគរបាល​អ៊ីស្រាអែល​ លោក មីគី រ៉ូសេនហ្វែល ឱ្យ​ដឹង​ថា​ ក្នុង​ការ​វាយប្រហារ​​​នៅ​ក្បែរ​តំបន់​បង្កើត​លំនៅដ្ឋាន​ថ្មី​ហ្កាសអឺតហ្សុន​ កើត​ឡើង​ដោយ​អ្នក​ប្រយុទ្ធ​ប៉ាឡេស្ទីន​ម្នាក់​បើក​បរ​រថយន្ត​ និង​មាន​អ្នក​លី​កាំភ្លើង​លើ​ស្មា​នៅ​ពីក្រោយ​​រថយន្ត​បាញ់​រះ​ ទៅ​លើ​ហ្វូង​មនុស្ស​​ច្រើន​កុះករ​ធ្វើ​ឱ្យ​មនុស្ស​ ៣នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ និង​មួយ​ចំនួន​​ផ្សេង​ទៀត​រង​របួស។ សេចក្តី​រាយការណ៍​បន្ត​ថា តាម​ទីកន្លែង​ជាច្រើន​ក្បែរ​តំបន់​មាន​ទីលំនៅ​សាងសង់​ថ្មី​ហ្កាសអឺតហ្សុន​នៅ​ក្នុង​តំបន់​វេសបេង​នេះ​ តែង​កើត​មាន​ការ​វាយប្រហារ​​ភេរវកម្ម​យ៉ាង​ច្រើន​ម្តង​ហើយ​ម្តង​ទៀត​។ ស្រប​ពេល​​នៃ​ការ​បាញ់​ប្រហារ​នេះ​ក៏​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​ម្នាក់​ ប្រើប្រាស់​​កាំបិត​ចាក់​សម្លាប់​មនុស្ស​ ២​នាក់​​នៅ​ក្នុង​ការិយាល័យ​​នៅ​ទីក្រុង​តែលឡាវីវប្រទេស​អ៊ីស្រាអែល​ដែរ។ គួរ​ឱ្យ​ដឹង​ថា​នៅ​ក្នុង​រយៈពេល​​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​​ មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​ចំនួន ៤៩​នាក់​បាន​ស្លាប់​​ក្នុង​ចំណោម​ប៉ាឡេស្ទីន​ជាង ៨០​នាក់​ដែល​ប្រើ​កាំបិត​ចាក់​សម្លាប់​មនុស្ស​នៅ​តំបន់​ព្រំដែន​តំបន់​ហ្កាហ្សា​ និង​វេសបេង៕​​​​​

អត្ថបទ៖ វង្ស រិទ្ធី