មន្ទីរពេទ្យ ជោ​រៃ ភ្នំពេញ ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា

593

​ភ្នំពេញ៖ វិស័យ​សុខាភិបាល ក្នុង​ន័យ​មនុស្សធម៌ ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​មន្ទីរពេទ្យ ជោ​រៃ ភ្នំពេញ បានសម្រេច​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ​យោគយល់​គ្នា ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​រួម​គ្នា​ក្នុង​ន័យ​មនុស្សធម៌​លើ​វិស័យ​សុខាភិបាល​ជាមួយ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ កាល ពី​រសៀល​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​។ 

 

អគ្គនាយក​មន្ទីរពេទ្យ ជោ​រៃ​ភ្នំពេញ​លោក ង្វៀន ហ្វ័​ង​ណា​ម បាន​ជំរាប​ជូន ពី​សកម្មភាព​ការងារ​របស់​មន្ទីរពេទ្យ​នេះ​ថា​មន្ទីរពេទ្យ​ជោ​រៃ​បង្កើត​ឡើង ដោយ​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់​របស់​សម្ដេច​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន និង​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​វៀតណាម​ក្នុង​ការ​ផ្ទេរ​នូវ​បច្ចេកវិទ្យា​ទំនើបកម្ម លើ​វិស័យ​សុខាភិបាល ដល់​កម្ពុជា។
ជាក់ស្តែង​តែ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​នៃ​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​មន្ទីរ​ពេទ្យ​មួយ​នេះ មន្ទីរពេទ្យ​បាន បំពេញការងារ​របស់​ខ្លួន​តាមរយៈ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​បាន​ចំនួន​ជាង ១​ម៉ឺន​២​ពាន់​នាក់​,​វះកាត់​បាន​ជាង ១​ពាន់ ៤០០​នាក់ ព្រមទាំង​ធ្វើការ​បណ្តុះបណ្តាល​បច្ចេក​ទេស​ជំនាញ​ដល់​គ្រូពេទ្យ​កម្ពុជា​បំរើ​នៅ​ទី​នេះ​​ផង​ដែរ។​ ​ ​
លោក​អគ្គនាយក​បាន​អះអាង​ថា អាស្រ័យ​ដោយមាន​ការ​គាំទ្រ​ពេញទំហឹង​ពី​មន្ទីរពេទ្យ​ជោ​រៃ ទីក្រុង​ហូជីមិញ បច្ចុប្បន្ន​មន្ទីរពេទ្យ​ជោ​រៃ ភ្នំពេញ​បាន​នឹង​កំពុង​ឈាន​ទៅ​មុខ កំ​រឹត​បច្ចេកទេស និង​ជំនាញ​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺ ឡើង​ជិត​ដល់​កំ​រឹត​នៃ​មន្ទីរពេទ្យ​ជោ​រៃ នៅ​ហូជីមិញ​ហើយ គឺ​អាស្រ័យ​ដោយ​មន្ទីរ​ជោ​រៃ​ភ្នំពេញ​បាន​ទទួល​សាស្ត្រាចារ្យ និង វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ជាច្រើន​មក​ជួយ​ធ្វើការ​នៅ​ទី​នេះ ហើយ​នៅពេល​ខាងមុខ មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ នឹង បង្កើន​សមត្ថភាព​រប​ស់​ខ្លួន​លើ​ឯកទេស​ជំនាញ​ជាច្រើន​ទៀត​មាន​ដូ​ចជា ការ​ចាប់យក​គ្រួស​ពី​ថង់​ប្រ​ម៉ាត់​, ចោះ​ក្រពះ ដោយ​ប្រើ​អង់​ដ្រូ​ស្កុប​មិន​មាន​ការវះកាត់ ការ​កាត់ត​ឆ្អឹង​ត្រ​គៀង​បាក់ រហូតដល់​ដាក់​ថ្ម​ជំនួយ​បេះដូង​ជាដើម ដែល​ទាំង នេះ​សុទ្ធ​សឹង​ប្រើប្រាស់​បច្ចេកទេស និង​ឯកទេស​ខ្ពស់​បំផុត​សម្រាប់​មន្ទីរពេទ្យ​នៅ​ទី​នេះ​។

 

 

លោក​អគ្គនាយក​មន្ទីរ​ពេទ្យ នៅ​បាន​​សម្ដែង​​ការ​ស្វាគមន៍​រីករាយ ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វ​ស័យ​សុខាភិបាល​ក្នុង​ន័យ​មនុស្សធម៌​ជាមួយ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ដែល​ឈាន​ដល់​​ការ​ចុះហត្ថលេខា​រួមគ្នា​នា​ពេល​នេះ​។​ ​ ​ ​
ជា​ការ​ឆ្លើយតប ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ឯកឧត្ដម​ ​ហ៊ុន ម៉ា​ណែ​ត​ បាន​ថ្លែងអំណរគុណ​និង​កោត​ស​សើ​ដល់​សកម្មភាព​កិច្ច​សហ​ប្រតិបត្តិការ​ប្រកប​ដោយ​មនុស្សធម៌​របស់​មន្ទីរ ពេទ្យ​ជោ​រៃ ភ្នំពេញ ទោះបី​មន្ទីរពេទ្យ​មួយ​នេះ មានលក្ខណៈ​ផ្តល់​សេវាកម្ម​ជា​ឯកជន​ក្តី ក៏​មន្ទីរពេទ្យ​នេះ នៅ​បាន​លះ បង់​ទ្រព្យធន ពេលវេលា សម្រាប់​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ន័យ​មនុស្សធម៌​ដោយ​មិន​គិត ប្រាក់​រហូត​បាន​៤​លើក​។

 

ឯកឧត្ដម​ ក៏បាន​ជំរាប​ជូន​ពី​សកម្មភាព​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ នា ពេល​កន្លង​មក​ក្នុង​គោលដៅ​ធំ​២​គឺ ទី​១​យន្តការ​ធ្វើ​យ៉ាង​ណា​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិ​បាល ក្នុង​ការ​ផ្តល់​សាវា​ដោយ​ឥត គិត​កម្រៃ​ដល់​ប្រជា​ពលរដ្ឋ​នៅក្នុង​សហគមន៍​ក្រីក្រ​ទូទាំង​ប្រទេស និង​ទី​២ ជា​យន្តការ​ផ្តល់​ឳ​កាស​ដល់​បងប្អូន​យុវជន មាន​ជំនាញ និង​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ចូលរួម​ចែករំលែក​ពេលវេលា កម្លាំងកាយ​ចិត្ត ជំនាញ​របស់​ខ្លួន​ជួយ​ដល់​ប្រជា ពលរដ្ឋ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល ដែល​ពួកគាត់​កំពុង​ត្រូវការ​ឲ្យ​ពួក​យើង​ជួយ​។
ឯកឧត្ដម​បញ្ជាក់​ថា មកដល់ពេលនេះ សមាគម​មាន​សមាជិក​គ្រប់​ជំនាញ​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ជិត​២​ពាន់​នាក់ ក្នុង​នោះ មាន​ជា វេជ្ជបណ្ឌិត ទណ្ឌ​បណ្ឌិត និង​និស្សិត​ពេទ្យ​ទាំង​រដ្ឋ និង​ឯកជន​ជាច្រើន​ទៀត ដែល​ទាំងនេះ​គឺជា​ការ​ចង្អុល បង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ការ​រួមគ្នា​ជួយ​ដល់​ប្រជាពលរដ្ឋ ជាក់ស្តែង​មកដល់ពេលនេះ សមាគម​​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​បាន ប្រមាណ ១៥​ម៉ឺន​នាក់​ទូទាំង​ប្រទេស ហើយ​ជា​ផែនការ​ស​មាគម​មាន​គម្រោង​កម្មវិធី​សកម្មភាព​របស់​ខ្លួន​បន្ត​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់ក​ម្មករ កម្មការិនី​តាម​រោងចក្រ មជ្ឈមណ្ឌល​កុមារ​កំព្រា និង​សហគមន៍​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ ធ្វើ​សកម្មភាព​រយៈពេល​១​ខែម្តង​។

 

ឯកឧត្តមបាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​ជោ​រៃ ភ្នំពេញ ដែល​ជា​មន្ទីរពេទ្យ​ទំនើប​មួយ មាន​ក្រុម​គ្រូពេទ្យ​ឯកទេស​ជាច្រើន​គឺ​មិន​ត្រឹមតែ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ បណ្តុះបណ្តាល បង្កើន​សមត្ថភាព​ដល់​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​កម្ពុជា ឲ្យ​មាន​ឯកទេស​ជំនាញ​គ្រប់គ្រាន់ និង​ចាត់ទុក ថា នេះ​គឺជា​ការ​កសាង​មូលដ្ឋានគ្រឹះ នៃ​ធនធានមនុស្ស​រយៈពេល​វែង​លើ​វិស័យ​សុខាភិបាល ស្រប​នឹង​គោ​លន​យោ បាយ​របស់​រាជ​រដ្ឋា​ផិ​បាល​កម្ពុជា​។

 

ឯកឧត្ដម សម្ដែង​ជំនឿ​ថា តាមរយៈ​ការ​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ ​យោគយល់ គ្នា​នា​ពេលនេះ ពិតជា​ជួយ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​កាន់តែ​ប្រសើរ​ឡើង​៕