រថយន្ត​២​គ្រឿង​បើកបរ​ខ្វះ​ភាព​អធ្យាស្រ័យ​គ្នា​ប្រជ្រៀត​ចូល​ស្ពាន​​​បង្ក​ការខូចខាត​ទាំង​សងខាង​

353
រថយន្ត​២​គ្រឿង​បើកបរ​ខ្វះ​ភាព​អធ្យាស្រ័យ​គ្នា​ប្រជ្រៀត​ចូល​ស្ពាន​​​បង្ក​ការខូចខាត​ទាំង​សងខាង

 

កំពង់ធំ ៖ ​រថយន្ត​២​គ្រឿង​បើកបរ​ខ្វះ​ភាព​អធ្យាស្រ័យ​ឲ្យ​គ្នា​បើក​ប្រជ្រៀតចូល​ស្ពាន​ក្នុង​ពេល​តែមួយ​ បណ្ដាល​ឲ្យ​ប៉ះពាល់​គ្នា​បង្ក​ការខូចខាត​យ៉ាង​ដំណំ ​រវាង​រថយន្តក្រុង​ដឹក​ ភ្ញៀវ​ទេសចរ​របស់​ក្រុមហ៊ុន Giantibis Transport ​បាន​បើក​កៀរ​គ្នា​ជាមួយនឹង​រថ​យន្ត ​ម៉ាក​ហ៊ីយ៉ានដាយ​ដឹក​ត្រី។

ហេតុការណ៍​នេះ​បានកើតឡើង​ នៅ​កណ្ដាល​អាធ្រាត្រ​ម៉ោង៣និង៣០​ទៀបភ្លឺ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ នៅ​កណ្ដាល​ស្ពាន​ព្រៃ​ប្រស់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។​

នគរបាល​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គឺ​រថយន្តក្រុង​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 2C-3088 ពណ៌​ស្លែ ដឹក​ភ្ញៀវ​ទេសចរ​របស់​ក្រុមហ៊ុន Giantibis Transport របស់​ប្រទេស​វៀត​ណា​ម ​សំដៅ​ទៅ​ខេត្តសៀមរាប ​បើកបរ​ដោយ​ឈ្មោះ ប៊ូ ធា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​ស សង្កា​ត់​ព្រៃ​សរ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ ស្រប​ទិស​គ្នា​ជាមួយ​នឹង​រថយន្ត​កូរ៉េ​៥​តោន ម៉ាក​ហ៊ីយ៉ានដាយ ​ពាក់​ស្លាក​លេខ កំពង់ចាម 3A-0853 ដឹក​ត្រី​ពី​ប្រទេស​វៀតណាម​ ចូល​ខេត្តសៀមរាប ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា ពី​កើ​តទៅ​លិច លុះ​មកដល់​គល់​ស្ពាន​ព្រៃ​ប្រស់ រថយន្ត​ទាំងពីរ​បាន​នាំ​គ្នា​បង្កើន​ល្បឿន​រៀង​ខ្លួន ​ដើម្បី​ចូល​ស្ពាន តែ​ស្ពាន​តូច​នាំ​ឲ្យ​ប៉ះទង្គិច​គ្នា​បង្ក​ឲ្យ​មានការ​ខូចខាត សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ឡាន​ភ្នែក​ឡើង​កញ្ចឹងក។​

នគរបាល​​សណ្ដាប់​ធ្នាប់​ចរាចរណ៍ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក សៅ វណ្ណ​សេរី​វុ​ធ នាយ​សង្កាត់ រដ្ឋបាល​ជលផល​កំពង់​ស្វាយ ដើម្បី​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន​ត្រី​ឆ្លង​ដែន ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ​និង​បាន​សម្របសម្រួល​ឲ្យ​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ ដឹក​ភ្ញៀវ ទៅ​ដល់​គោលដៅ​សិន ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​សតិអារម្មណ៍​របស់​ភ្ញៀវ​ទេសចរ ហើយ​ចាត់​ឲ្យ​តំ​ណា​ង​ក្រុមហ៊ុន​ចូល​មក​ដោះស្រាយ​តាម​នីតិ​វិធី​នៃ​ច្បាប់ សម្រាប់​រថយន្ត​កូរ៉េ​បើក​ប្រជែង​យកជ័យ ​ចាញ់​គេ​ហើយ​ខូចខាត​យ៉ាប់យ៉ឺន​ត្រូវ​បាន​អូស​យក​មក​រក្សាទុក​នៅ​អធិការ​ ស្រុក​កំពង់ស្វាយ។
គួរ​បញ្ជាក់​ផង​ដែរ​ករណី​គ្រោះថ្នាក់​នេះ ពុំ​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ឡើយ ចំណែក​តៃ​កុង​ឡាន​កូរ៉េ​៥ ត្រូវ​បាន​ឃាត់ខ្លួន ឈ្មោះ ជួប សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ជី​តុ ឃុំ​ដា ស្រុ​កមេមត់ ខេត្ត​ត្បូងឃ្មុំ ពី​បទ​ដឹក​ត្រីឆ្តោរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បើកបរ​មិន​គោរព​ស្លាក​ចរាចរណ៍៕