សម្ដេច​តេ​ជោ ហ៊ុន សែន លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ទូទាំង​ពិភពលោក​ ចូល​មក​សិក្សា​ពី​លទ្ធភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​លើ​គ្រប់​ទំរង់​

250
សម្ដេច​តេ​ជោ ហ៊ុន សែន លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ទូទាំង​ពិភពលោក​ ចូល​មក​សិក្សា​ពី​លទ្ធភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​លើ​គ្រប់​ទំរង់​

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើកឡើង​បែបនេះ នៅក្នុង​វេទិកា​ពិភាក្សា​រវាង​ប្រមុខ​ដឹកនាំ​អាស៊ាន និង​វិនិយោគិន​ពិភពលោក នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី កាលពី​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ ២០១៥​។​


​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា វេទិកា​នេះ​គឺជា​ឱកាសល្អ​មួយ​សម្រាប់​អាស៊ាន​ដើម្បី​ធ្វើការ​ពិភាក្សា​លើ​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​និង​តម្រូវការ​ផ្សេងទៀត​ជាមួយនឹង​អ្នក​វិនិយោគ​ធំ​ពី​ការ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។ ឈរ​លើ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​កម្ពុជា​ឆ្ពោះ​ទៅ​រក​ឆ្នាំ​២០៣០ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ និង​ដាក់ចេញ កាលពី​ខែសីហា ​ឆ្នាំ​២០១៥​នូវ “​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥” ដែល​ជា​​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​ជាតិ​។​

 
​នៅក្នុង​កញ្ចប់​វិធានការ​គោលនយោបាយ​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា​នេះ យើង​បាន​ផ្តល់​អាទិភាព​ខ្ពស់​លើ​វិធានការ​គោល​ចំនួន​៤​គឺ 1) ការកាត់បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​តំបន់ឧស្សាហកម្ម​ រួមបញ្ចូល​ទាំង​ការពង្រីក​វិសាលភាព​គ្របដណ្ដប់​និង​ការ​ពង្រឹង​ភាព​ជឿជាក់​លើ​ការ​ផ្គត់ផ្គង់​អគ្គិសនី​, 2) ការរៀបចំ និង​ការអនុវត្ត​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​ពហុ​មធ្យោបាយ​3)​ការ​ពង្រឹង​និង​ការអភិវឌ្ឍន៍​យន្តការ​គ្រប់គ្រង​ទីផ្សារពលកម្ម​និង​ការ​បណ្ដុះ​បណ្ដា​ជំនាញ​និង ​4)​ការ​អភិវឌ្ឍ​ន៍ និង​ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។​

 
ក្នុង​ន័យ​នេះ​វិស័យ​អាទិភាព​របស់​កម្ពុ​ជា​រួម​មាន​ថាមពល​អគ្គិសនី​ការ​ដឹក​ជញ្ជូន​និង​ឡូ​ជី​ស្ទីក​ការ​អភិវឌ្ឍ​ន៍​កម្លាំង​ពលកម្ម​ និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

 
​សម្ដេច​បាន​មានប្រសាសន៍​ទៀត​ថា ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍ​នេះ​កម្ពុជា​ត្រូវការ​ហិរញ្ញប្បទាន​ជាច្រើន​ប្រហែល​ពី​១២ ទៅ​១៦ ប៊ី​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​ន៍​​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទសវត្សរ៍​ខាងមុខ​។​

 
សម្ដេច​បន្ត​ថា នៅក្នុង​បរិបទ​នេះ​ការ​លើក​កម្ពស់​ភាពជា​ដៃគូ​សាធារណៈ​និង​ឯកជន (PPP) គឺជា​អាទិភាព​ដ៏​សំខាន់​មួយ​របស់​យើង​។​ជា​ការពិត​ចន្លោះ​ឆ្នាំ​១៩៩០ និង​ឆ្នាំ​២០១១​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ប្រហែល​២០​គំរោង នៅក្នុង​វិស័យ​ស្ថានីយ​ថាមពល​ទំនប់​វា​រី​អគ្គិសនី​សម្បទាន ប្រលានយន្តហោះ និង​ស្ដារ​ផ្លូវដែក​ជាដើម​។

 
​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​គោលនយោបាយ​និង​បទប្បញ្ញត្តិ​​នៅ​លើ​ក្របខ័ណ្ឌ PPP ដើម្បី​ជួយ​សម្រួល​ដល់​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​ន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។​

 
​ក្រៅ​ពី​នេះ នេះ​កម្ពុជា​នៅ​មាន​​សក្ដានុពល​ដ៏​ធំធេង​ក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត​ហេតុ​នេះ​ហើយ​បានជា​សម្ដេច​លើកទឹកចិត្ត​វិនិយោគិន​ទាំងអស់​សិក្សា​លទ្ធភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​ក្រោម​ទំរង់​ដទៃ​នៃ​ភាពជា​ដៃគូ​វិស័យ​សាធារណៈ ឯកជន ទាំង​ទំរង់​ផ្សេងទៀត​។

 

 

​ប្រទេស​កម្ពុជា​នៅ​មាន​តម្រូវការ​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាពិសេស​ការ​ផ្លាស់ប្ដូរ​នៃ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ដែល​មាន​​សក្ដានុពល​យ៉ាង​ខ្លាំង​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល​ឧស្សាហកម្ម​កម្មន្តសាល និង​កសិឧស្សាហកម្ម​។ ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​ស្វាគមន៍​ចំពោះ​ការពិភាក្សា​និង​គាំទ្រ​ដល់​គ្រប់​គម្រោង​វិនិយោគ​ទាំងអស់ ដើម្បី​ចែករំលែក​ស្ថានភាព​ឈ្នះ​ឈ្នះ​ជាមួយគ្នា​៕

darith-26 darith-25 darith-24