អាវុធហត្ថ​​ប្រដេញ​ចាប់​រថយន្ដ​ដឹក​ឈើគ្រញូង​១គ្រឿង ​ឃាត់ខ្លួន​តៃ​កុង​ឡាន​ម្នាក់​

272
អាវុធហត្ថ​​ប្រដេញ​ចាប់​រថយន្ដ​ដឹក​ឈើគ្រញូង​១គ្រឿង ​ឃាត់ខ្លួន​តៃ​កុង​ឡាន​ម្នាក់

 

សៀមរាប ​៖ ​រថយន្ត​ដឹក​ឈើ​គ្រញូង ​និង​តៃកុង​ឡាន​ម្នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ ចាប់​ឃាត់​​ បន្ទាប់​ពី​ប្រឹង​បើក​រត់​គេច ​ព្រមទាំង​មាន​បក្ខពួក​មក​ជួយ​រំដោះ ​និង​បើក​បំបុក​សមត្ថកិច្ច​បណ្ដាល​ឲ្យ​ធ្លាក់​ស្នាមភ្លោះ​ រីឯ​ព្រូ​ឡាន​ម្នាក់​រត់​គេច​ខ្លួន​បាត់។

ហេតុការណ៍​ប្រដេញ​ចាប់​រថយន្ត​ដឹក​ឈើ​គ្រញូង​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៤ ​ទៀបភ្លឺ​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​ នៅ​ចំណុច​ភូមិ​ស្ពាន​រលំ ឃុំ​បាគង ស្រុក​ប្រាសាទបាគង។

អាវុធហត្ថ​ខេត្ត​ សៀមរាប ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ប្រភព​បាន​ប្រាប់​ថា មាន​រថយន្ត​ដឹក​ឈើ​គ្រញូង​ចេញពី​ស្រុក​អន្លង់វែង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ​៦៧​ ទើប​លោក​ចេញ​បញ្ជា​​ឲ្យ​កម្លាំង​ចុះ​បង្ក្រាប​តែ​ម្តង។ ប្រភព បានបន្ដ​ថា ជនល្មើស​មាន​គ្នីគ្នា​មក​ជួយ​រំដោះ និង​បើក​រថយន្ត​ខោក​ឡាន​មន្ត្រី​ប៉េអិម​ បណ្ដាល​ឲ្យ​ធ្លាក់​ស្នាមភ្លោះ រង​ខូចខាត​យ៉ាង​ដំណំ​ផងដែរ តែ​រថយន្ត​ល្មើស​បាន​ប្រឹង​បើក​រត់​មកដល់​ចំណុច​ស្ពាន​រលំ​ក៏​បែក​កង់​ ហើយក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់​តៃកុង​ម្នាក់ ​រីឯ​​​ព្រូឡាន​ម្នាក់ទៀត​បាន​រត់​គេច​ខ្លួន​បាត់។

ប្រភព ​ដដែល​ បាន​បន្ថែមថា ​ជនល្មើស​មានឈ្មោះ​សឿង ពិ​សិទ្ធ​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​រថយន្ត​ម៉ាក​បា​ឡែ​ន​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ កណ្ដាល​2A0268។

មន្ដ្រី​​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី​ បាន​ឲ្យ​ដឹង​ថា ឈើ​គ្រញូង​ដែល​រឹបអូស​បាន​មាន​ចំនួន​៧០​ដុំ​ ស្មើ​២៨០​គីឡូក្រាម ​០,២៣៣​ម៉ែត្រគូប ​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ ព្រៃឈើ​បន្ទាយស្រី ​រីឯ​ជនល្មើស​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ។ ចំណែក​រថយន្ត​ល្មើស ​ត្រូវ​បាន​អាវុធហត្ថ​ស្នើសុំ​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ទុក​ជិះ​បម្រើ​ក្នុង ​អង្គភាព​។


សូម​រំលឹក​ថា ​ជំនួញ​ឈើ​គ្រញូង​បាន​កម្រើក​ឡើងវិញ​ហើយ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៦៧ ​និង​៦៨​ចេញពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដឹក​ឆ្ពោះ​ទៅកាន់​ទីផ្សារងងឹត​ ដែល​គេ​បាន​ងឿងឆ្ងល់​ថា ហេតុ​អី​ឈើ​គ្រញូង​នៅ​តែ​បន្ត​ដឹកជញ្ជូន​បាន​ទៀត បើទោះបី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ហាមប្រាម​ក៏ដោយ ​ហើយ​នៅ​ពេល​កន្លងទៅ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​ស្លាប់​ និង​រង​របួស​ ដោយសារ​រឿង​ឈើ​គ្រញូង​នេះ៕

btv-a772