សម្ដេច​តេ​ជោ​ស្នើឱ្យ​សហរដ្ឋអាមេរិក​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា​

296

គូ​ឡា​ឡាំ​ពួរ៖ ​​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​បន្ត​ការ​គាំទ្រ ដល់​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់​យុវជន ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​អនាគត តាមរយៈ​ការផ្ដល់​អាហារូបករណ៍​បន្ថែម​ដល់​សិស្ស និង​និស្សិត​។​

​​​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៣ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃទី ២១​ខែវិច្ឆិកា ឆ្នា​២០១៥ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែងថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ដៃគូ​សន្ទនា​ដ៏ សំខាន់​មួយ​របស់​អាស៊ាន ខ្ញុំ​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការធានា​សន្តិភាព ស្ថេរភាព វិបុលភាព និង កិច្ចខិ​តខំ​ប្រឹងប្រែង​ផ្សេងទៀត​ក្នុង​តំបន់​។

ក្នុង​ស្មារតី​នេះ ខ្ញុំ​សូម​សម្ដែង​នូវ​អំណរ​សាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​សមិទ្ធផល​ថ្មីៗ ដែល​កើតចេញពី​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក រួមមាន ភា​ឥ​ព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក និង ផែនការ​សកម្មភាព​ថ្មី​អាស៊ាន​-​សហរដ្ឋអាមេរិក (២០១៦២០២០) ដែ​ល​នឹងត្រូវ​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​។

ជាមួយ​គំនិត​ផ្ដួចផ្ដើម​ទាំងនេះ ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក នឹង​ត្រូវបាន​ពង្រឹង​កាន់តែ​រឹងមាំ​មួយកម្រិត​ថែមទៀត ហើយ​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​បន្ត​ជំរុញ​ពាណិជ្ជកម្ម និង​បន្ត​ពង្រីក​វិសាលភាព​កិច្ចសន្ទនា​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក សំដៅ​ចែករំលែក​ស្ថានភាព​ឈ្នះ​-​ឈ្នះ ក្នុងចំណោម​ភាគី​ទាំងពីរ ព្រមទាំង​ជំរុញ​ការវិនិយោគ​មកកាន់​អាស៊ាន ឱ្យ​កាន់តែច្រើន​ថែមទៀត ពិសេស​មក​ប្រទេស​សមាជិក​អាស៊ាន​ដែលមាន​ការអភិវឌ្ឍ​តិចតួច ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុង​តំបន់​។

ទន្ទឹម​នេះ កម្ពុជា​ស្នើ​សហរដ្ឋអាមេរិក​ផ្ដល់នូវ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) លើ​មុខទំនិញ​ចំនួន​យ៉ាងតិច ៩៧% នៃ​មុខទំនិញ​សរុប ដោយ​រួច​ពន្ធ និង ពុំ​ជាប់​កូតា ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅក្នុង​អាស៊ាន ស្របតាម​កិច្ចព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​​​សម្ដេច​គូសបញ្ជាក់ថា ឆ្នាំនេះ​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ ពី​បាតុភូត​អែល -​នី​ណូ (El Nino) ដែល​ធ្វើឱ្យមាន​ការខ្វះខាត​ទឹកជា​ច្រើន និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​កសិកម្ម​។ នេះ ជា​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ ដែល​កំពុងតែ​កើតឡើង​ជាក់ស្ដែង និង​តម្រូវឱ្យមាន​ការពង្រឹង​នូ​ង​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ក្នុងន័យនេះ កម្ពុជា​ស្នើសុំ​ឱ្យមាន​ការបង្កើន​កិច្ចសហប្រតិបត្តិការ ក្នុងការ​អនុវត្ត​សេចក្ដីប្រកាស​រួម​អាស៊ាន​-​អាមេរិក ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ដែល​បានអនុម័ត​នៅ​ឆ្នា​២០១៤​។

នៅក្នុង​កិច្ចប្រជុំ​នេះដែរ សម្ដេច​តេ​ជោ​ក៏បាន​ធ្វើការ​កត់សម្គាល់​ថា ការបន្ត​ប្រយុទ្ធប្រឆាំង​និង​អំពើ​ភេរវកម្ម​អន្តរជាតិ និង​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម (ISIS) នៅតែ​ជា​ប្រធានបទ​ក្ដៅគគុក និង​ទាមទារ​ឱ្យមាន​ការរួម​រួមគ្នា​រិះគិត រក​ដំណោះស្រាយ និង​ដាក់ចេញ​នូវ​យន្តការ​រឹងមាំ ម៉ឹងម៉ាត់ ប្រទាក់ក្រឡា និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​វាយបំបាក់ និង​កំទេច​នូវ​បណ្ដាញភេរវកម្ម​អន្តរជាតិ និង ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​(ISIS)​ក៏ដូចជា​ទប់ស្កាត់​នូវ​ការ​សាយភាយ​ភាពជ្រុលនិយម​ន​ទៅក្នុង​តំបន់​ផ្សេងៗ​ទៀត​៕