ឯកឧត្តម ​ខេង សុមេធ ទទួល​បាន​អង្ករ​បី​តោន​ដើម្បី​ជួយ​ដល់​កងកម្លាំង​

261
ឯកឧត្តម ​ខេង សុមេធ ទទួល​បាន​អង្ករ​បី​តោន​ដើម្បី​ជួយ​ដល់​កងកម្លាំង

​សៀមរាប ៖ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ ជា​មេ​បញ្ជាការ នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី ៤ និង ទី ៥ កាលពី​រសៀល​ថ្ងៃទី ​២២​ ខែវិច្ឆិកា​ ២០១៥​ បាន ទទួល​អំណោយ​ជា​អង្ករ​ចំនួន​បី​តោន​ពី​សប្បុរសជន​ពីររូប ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ហូបចុក​របស់​ កងកម្លាំង​នៅ​សមរភូមិ​មុខ​។

សប្បុរសជន​ទី ១ គឺ​លោក អ៊ឹង គឹម​សាន ម្ចាស់​ហាង​លក់​គ្រឿងយន្ត​កសិកម្ម​គូ​បូ​តា​ សាខា ខេត្តសៀមរាប​ ដែល​ផ្តល់​អង្ករ​ពីរ​តោន និង សប្បុរសជន​ទី​ពីរ គឺ​លោក គង់ ប៊ិ​ប ​សមាជិក​ក្រុមប្រឹក្សា សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដែល​ផ្តល់​អង្ករ​មួយ​តោន ។

ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា​ មេបញ្ជាការរង​នគរ​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី ៤ តំណាង​របស់​ ឯកឧត្តម​ ខេង ​សុមេធ ​បាន​បញ្ជាក់ថា ​អំណោយ​ទាំងនេះ គឺជា​អំណោយ​បរិច្ចាគ​ដោយ​ការ​ស្ម័គ្រចិត្ត ​ពុំមាន​ការ​អំពាវនាវ​នោះទេ ​ ឬ ក៏​អាច​និយាយ​បានថា​ ជា​ស្មារតី​របស់​ប្រជាពលរដ្ឋ​សមរភូមិ​ក្រោយ ឧបត្ថម្ភ​សមរភូមិ​មុខ ។

ឧ​ត្ត​ម​សេនីយ៍​ខេង រ៉ា បាន​បន្តថា​ អង្ករ​ដែល​សប្បុរសជន​បាន​ឧបត្ថម្ភ​ជូន​នេះ ​ គឺ​ត្រូវ​បាន​បែង ចែក​ជូន​សមរភូមិ​មុខ​មួយចំនួន​ និង​ មួយ​ចំនួនទៀត ​ត្រូវ​បាន​បែងចែក​ប្រគល់​ជូន​បន្ត​ដល់ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ៕