ក្រសួង​កិច្ចការ​នារី​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ការ​បញ្ជ្រាប​យេនឌ័រ​និង​ការប្រែប្រួល​អាកាសធាតុ

264

កំពត​៖ ក្រោម​កិច្ច​គាំទ្រ​មូលនិធិ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ក្រសួង​កិច្ចការ​នារី​បាន​រៀបចំ​អង្គ​សិក្ខា​សាលា​មួយ​ស្ដីពី​ការ​ផ្សព្វផ្សាយ​លើ​គោលការណ៍​ណែនាំ​តាម​បទដ្ឋាន​លើ​ការ​បញ្ជ្រាប​យេនឌ័រ​និង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ដំណើរ​ការរៀបចំ​ផែនការ​ថវិកា​និង​អនុវត្ត​ការងារ​តាម​វិស័យ​ធ្វើឡើង​នៅ​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៥​មាន​រយៈ​ពេល​មួយថ្ងៃ ។​
សិក្ខាសាលា​មានការ​ចូលរួម​ពី​លោកជំទាវ ស៊ីវ​ណ្ណ បុ​ទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការនារី និង​មាន​សមាជិក​ចូលរួម ពី​សំណាក់​ឯកឧត្តម លោកជំទាវ មន្ត្រី​តំណាង​ក្រសួង​ពាក់ព័ន្ធ រួមមាន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក្រសួងកសិកម្ម រុក្ខា​និង​នេសាទ ក្រសួង​អប់រំ យុវជន​និង​កីឡា ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួង​អភិវឌ្ឍ​ជនបទ​ក្រសួងសុខាភិបាល ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុទ្ធនីតិ​សម្បទា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ចំនួន​៥​ផង​ដែរ​គឺ​ខេត្ត កំពត តាកែវ កំពង់ស្ពឺ កោះកុង​និង​ខេត្ត​កែប សរុប​ចំនួន ៦០​នាក់​។​

លោកជំទាវ ស៊ី​វណ្ណ​បុ​ទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​បាន​មានប្រសាសន៍ថា ជា​ការ​ពិត​ណាស់​ការប្រែប្រួល​អាកាសធាតុ គឺជា​កង្វល់​រួម​របស់​យើង​ទាំង​អស់​គ្នា​ហើយ​ដែល​ផល​ប៉ះពាល់​របស់​វា មាន​លក្ខណៈ​ផ្សេងៗ​គ្នា​ទៅតាម​តំបន់ ប្រទេស​ក្រុម​មនុស្ស​​ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​តែង​បាន នឹង​កំពុង​យកចិត្តទុកដាក់​ស្វែងរក​គោលការណ៍ សកម្មភាព​និង​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​និង​យកចិត្តទុកដាក់​ខ្លាំង​បន្ថែម​ទៀត​នៅក្នុង​គំរោង​នៃ​កា​រប​ញ្ច្រា​ប​យេនឌ័រ​និង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ធានា​ឱ្យ​សម្រេច​បាន​សមភាព​យេនឌ័រ ក្នុង​គោលបំណង​រួមចំណែក​ការពារ និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។

លោកជំទាវ​ស៊ីវ​ណ្ណ បុ​ទុម ក៏បាន​បន្ត​ទៀត​ថា ការប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន និង​អនាគត រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ភាពជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ទីភ្នាក់ងារ​សហប្រជាជាតិ​ដៃគូ​អភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ បាន​ខិតខំ​ជាច្រើន​ក្នុង​ការ​បង្កើត យន្តការ​ដើម្បី ដោះស្រាយ នូវ​ផលវិបាក​នានា​ជុំវិញ​បញ្ហា​នេះ​ឱ្យ​មាន​វិសមភាព​យេនឌ័រ​ទៅ​និង​តម្រូវការ​ជាក់ស្ដែង នៅ​ក​ម្រឹត​ថ្នាក់​គោលនយោបាយ​គណៈកម្មាធិការ​ជាតិ​ប្រែប្រួល​អាកាសធាតុ​។​

លោកជំទាវ​រដ្ឋលេខាធិការ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ UNDP ដែល​តែង​បាន​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា​ដល់​គណៈកម្មាធិការ​ដឹកនាំ​និង​សម្របសម្រួល​ការងារ​យេនឌ័រ​និង​ការប្រែប្រួល​អាកាសធាតុ​កន្លងមក​ហើយ​លោកជំទាវ​ក៏បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​អង្គ​សិក្ខា​សាលា​នា​ពេល​នេះ​នឹង​រួមចំណែក​ដ៏​សំខាន់​ដើម្បី​កសាង​បាន​នូវ​ឯកសារ​ដ៏​សំខាន់​មួយ​នេះ​ដែល​ជួយ​ពន្លឿន​ដល់​ការប្រតិបត្តិ​ផែនការមេ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​និង​យេនឌ័រ និង​ផែនការ​យុទ្ធសាស្ត្រ​ការប្រែប្រួល​អាកាសធាតុ​តាម​វិស័យ​ព្រមទាំង​ផែនការ​សកម្មភាព​នានា​ដើម្បី​ផលប្រយោជន៍​របស់​ក្រុម​ជន​ដែល​ងាយ​រងគ្រោះ​បណ្ដា​មកពី​ការប្រែប្រួល​អាកាសធាតុ​ជាពិសេស​គឺ​ស្ត្រី​៕