នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្ញើ​សា​រំលែក​ទុក្ខ​អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​លោក​គីម យ៉ុង​សាម​

415
នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្ញើ​សា​រំលែក​ទុក្ខ​អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​លោក​គីម យ៉ុង​សាម​

​ភ្នំពេញ​៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ចំពោះ​មរណភាព​របស់​លោក​ គីម យ៉ុង​សាម អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​២២ ​ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមក នេះ​បើ​យោង​តាម​លិខិត​ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​


​យោង​តាម​លិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ផ្ញើ​ជូន​លោកជំទាវ ប៉ាក គឿន​ហេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​បញ្ជាក់​ថា “​ខ្ញុំ​មាន​សេចក្តី​ក្រៀមក្រំ​យ៉ាង​ខ្លាំង ដោយ​បាន​ទទួល​ព័ត៌មាន​អំពី​មរណភាព​របស់​លោក ​គីម យ៉ុង​សាម អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​២២​ ខែវិច្ឆិកា ឆ្នាំ​២០១៥”​។

 
​សម្ដេច​នាយក​រដ្ឋមន្ត្រី​រំលឹក​ថា “​ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី​របស់​ឯកឧត្តម​គីម យ៉ុង​សាម បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​ឡើង​វិញ នូវ​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នៅ​ឆ្នាំ​១៩៩៧ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សំរាប់​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ និង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា នា​ពេល​បច្ចុប្បន្ន​នេះ​”​។

 
​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​​ទៀត​ថា “​នៅ​ខណៈ​ពេល​ដ៏​ក្រៀមក្រំ​នេះ តាងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​សមានចិត្ត​យ៉ាង​ជ្រាលជ្រៅ និង​សូម​ចូល​រួម​រំលែក​ទុក្ខ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ ក៏ដូចជា​ក្រុម​គ្រួសារ​របស់​ឯកឧត្តម ​គីម យ៉ុង​សាម ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​”​។​

 
​ទាក់ទង​បញ្ហា​នេះ តាម​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ដែរ​ថា ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​គោរព​​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​ធិបតី​កូរ៉េ នៅ​ស្ថានទូត​សាធារណ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ម៉ោង​៤​រសៀល ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ​៕