សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​​ រ៉ានីហ៊ុន​ សែន​​​អញ្ជើញ​​ជួប​​សំណេះសំ​ណាល​​ និង​​ប្រគល់​​អំណោយ​​មនុស្ស​​ធម៌​​ដល់​​ពលរដ្ឋ​ជួបការ​លំបាក​​ចំនួន​​ ២.៦៧០​គ្រួសារ​​ នៅ​​ខេត្ត​​ព្រៃវែង​​

217

ព្រៃវែង៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី​ហ៊ុន ​សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សំណេះ​សំណាល​ និង​ប្រគល់​អំណោយ​មនុស្ស​ធម៌​កាក​បាទ​ក្រហម​កម្ពុជា​ដល់​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក​ ជន​ពិការ ​កុមារ​កំព្រា ​គ្រួសារ​ទីទ័ល​ក្រ ​ចាស់​គ្មាន​ទីពឹង ​និង​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍​ចំនួន​២.៦៧០​គ្រួសារ ​ក្នុង​ក្រុង១​ និង​ស្រុក​ទាំង​១២​ នៅ​ខេត្ត​ព្រៃវែង​នា​ព្រឹក​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ ​
មាន​មតិ​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន ​រ៉ានី​ហ៊ុន ​សែន​ បាន​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញាធរ​ដែន​ដី​ដែល​បាន​ឆ្លើយ​តប​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​គ្រប់​ប្រភេទ​ ដោយ​មិន​ប្រកាន់​និន្នាការ​អ្វីឡើយ​។ ​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​ត្រូវ​ធ្វើ​ការ​បែក​ចែក​ស្មើ​ៗ​គ្នា។​ ​សម្តេច​ប្រធាន​បាន​ថ្លែង​អំណរ​គុណ​ដល់​សប្បុរជន​នានា​ដែល​បាន​ចូល​រួម​ផ្តល់​អំណោយ​មនុស្ស​ធម៌​តាម​រយៈ​កាក​បាទ​ក្រហម​កម្ពុជា ​ដើម្បី​បន្ត​សកម្មភាព​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​។ កាក​បាទ​ក្រហម​កម្ពុជា​បាន​ខិត​ខំ​បំពេញ​ភារកិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។ អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​ប្រជា​ពលរដ្ឋ​នា​ពេល​នោះ ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម​ មី​១​កេស​ ត្រី​ខ​១០​កំប៉ុង ​ឃីត១​កញ្ចប់​(សារុង ​មុង ​ភួយ​ ក្រមា​) ​ក្រណាត់​សរ​មួយ​ដុំ ​និង​ថវិកា​មួយ​ចំនួន​​៕​