កាកបាទក្រហម និង អាជ្ញាធរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ផ្ទុក​ និង អ្នក​ជម្ងឺ​អេដស៍

559
កាកបាទក្រហម និង អាជ្ញាធរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ផ្ទុក​ និង អ្នក​ជម្ងឺ​អេដស៍

សៀមរាប ៖ ​មន្ត្រី​កាក​បាទ​ក្រហមកម្ពុជា​ កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ២០១៥​  បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង អ្នក​ជម្ងឺ​អេដស៍​កុំ​ទាន់​អស់សង្ឃឹម ​ត្រូវ​ប្រឹង​ថែរក្សា​សុខភាព ​អោយ​បាន​ល្អ បន្ត​រស់នៅ​ជាមួយ​សង្គម​ដែល​គ្មាន​ការរើសអើង ​ព្រោះថា ​​កាកបាទក្រហម និង ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ចំពោះ​អ្នក​ទាំងនោះ ។

លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម ខេត្តសៀមរាប​ បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពេល​ដឹកនាំ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ថ្នាក់​មូលដ្ឋាន​ចុះ សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍ និង អ្នក​ជម្ងឺ​អេដស៍​ក្នុង​សង្កាត់​ចំនួន​បួន​នៃ​ក្រុង​សៀមរាប ស្រប​ពេល​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺអេដស៍ ០១ ធ្នូ ។

លោកជំទាវ​ថ្លែងថា ​សូមកុំ​អស់សង្ឃឹម​ឡើយ ​កាក​បាទក្រហមកម្ពុជា​ និង អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ចំពោះ​អ្នក​ផ្ទុក និង អ្នក​ជម្ងឺអេដស៍​ជានិច្ច ។ ​អ្នក​ទាំងនោះ​កំពុង​រស់នៅ ជាមួយ​សង្គម​ដែល​គ្មាន​ការរើសអើង ដូច្នេះ សូម​ថែទាំ​នូវ​សុខភាព​ឲ្យ​បានល្អ ​បន្តជីវិត​ថែទាំ​កូនចៅ របស់​ខ្លួន និង សូម​ជំរុញ​កូនៗ​របស់​ខ្លួន​ឲ្យ​បាន​ទៅ​សិក្សា​រៀន​សូត្រ​ផងដែរ  ។

ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ថ្លែង​ដោយ​លើក​យក​នូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ និង ការ យក​ចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន​ សែន ​ប្រធាន​សមាគម​ជាតិ កាក​បាទក្រហមកម្ពុជា ​និង ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ចំពោះ​ការឆ្លើយ​តប​នឹង​មេរោគ​អេដស៍ ជម្ងឺអេដស៍​នៅ​កម្ពុជា តាមរយៈ​នៃ​ការប្រមូលផ្តុំ កម្លាំង​ទប់ស្កាត់​មេរោគ​អេ​ដ​ស៍ ​នៅ​គ្រប់​បណ្តា​មូលដ្ឋាន​រាជធានី ខេត្ត ។

ក្រោយ​បញ្ចប់​ការ​សួរសុខទុក្ខ​នោះ  លោកជំទាវ គួ​យ ណា​លីន ​បានផ្តល់​អំណោយ​របស់​សម្តេច ​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​គ្រួសារ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង អ្នក​ជម្ងឺ​អេដស៍​ចំនួន ១០ គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួល​បាន​អង្ករ ២៥ គីឡូក្រាម ត្រីខ​មួយ​យួរ ទឹក​ស៊ី​អ៊ី​មួយ​យូរ​ មី​មួយ​កេស និង ឃី​ត ​មួយកញ្ចប់​ មាន​មុង​មួយ ក្រ​ម៉ា​មួយ និង សារុង​មួយ ។ ​ជាមួយគ្នានេះ លោកជំទាវ​ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​ប្រាំ​ម៉ឺន​រៀល​សម្រាប់​មួយ​គ្រួសារ​ ផងដែរ ។

នៅ​ថ្ងៃ​ដដែល​នោះដែរ ប្រតិភូ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប ​ដឹកនាំ​ដោយ​លោកជំទាវ              ឯម ផលា​មុនី ​បានធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ក្រុម​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍  និង អ្នក ជម្ងឺអេដស៍​ចំនួន ១០ គ្រួសារ​ទៀត​នៅក្នុង​ស្រុក​ប្រាសាទបាគង ៕

កាកបាទក្រហម និង អាជ្ញាធរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ផ្ទុក​ និង អ្នក​ជម្ងឺ​អេដស៍
កាកបាទក្រហម និង អាជ្ញាធរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ផ្ទុក​ និង អ្នក​ជម្ងឺ​អេដស៍