បំបែកសំណុំរឿង​ប្លន់​សម្លាប់ ​និង​លួច​យ៉ាងសកម្ម​ បាន​៤​ក្រុម​ ខណៈ​ប៉េអិម​កំពុង​បន្ត​ចាប់​បក្សពួក

447
បំបែកសំណុំរឿង​ប្លន់​សម្លាប់ ​និង​លួច​យ៉ាងសកម្ម​ បាន​៤​ក្រុម​ ខណៈ​ប៉េអិម​កំពុង​បន្ត​ចាប់​បក្សពួក

 

ភ្នំពេញ​ ៖ ​គិត​ត្រឹម​ថ្ងៃទី​២​ធ្នូ ២០១៥ នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្នុង​ក្រុងភ្នំពេញ កំពុង​បន្ត​នីតិ​វិធី​
​តាម​ចាប់ខ្លួន​បក្សពួក​ដែល​នៅ​សេសសល់ ខណៈ​ជនសង្ស័យ​ពាក់ព័ន្ធ​ និង​ករណី​ប្លន់​សម្លាប់​និង​លួច​
​ចំនួន​៧​នាក់​ ស្ថិត​ក្នុង​កណ្តាប់​ដៃ ​រប​ស់​តុលាការ ។

បន្ទាប់ពី​មាន​ករណី​ប្លន់​សម្លាប់​នៅ​ចំណុច​គល់ស្ពាន ​លី​យ៉ុង​ផាត់​ ត្រើយ​ខាងកើត​កាលពី​ថ្ងៃ​២៧ ខែ វិច្ឆិកា ឆ្នាំ​២០១៥ បណ្តាល​ជនរងគ្រោះ​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ទើប​ប្រទះឃើញ​សាកសព​ស្លាប់ ​យ៉ាង​អាណោចអាធ័ម​ក្នុង​ប្រឡាយ​ទឹក និង​ករណី​ប្រើ​កាំបិត​តាំង​តោ​កាប់​ប្លន់​ម៉ូតូ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដង្កោ កាលពី​ថ្ងៃ​២៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ហើយ​នោះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​ស្រាវ​ជ្រាវ​ជាបន្ទាន់​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ រួមជាមួយ​ចោរលួច​ ឆក់​ យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​២​ក្រុម​ផ្សេងទៀត​សរុប​៧​នាក់​។

ជាក់ស្តែង នៅ​ថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​អន្តរាគមន៍ ​និង​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​ចំនួន​៧​នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​សម្លាប់ កាលពី​ថ្ងៃ​២៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ខណៈដែល​ជនរងគ្រោះ​៤​នាក់​បាន​បើក​រថយន្ត​ដឹក​ផ្លែឈើ​ដល់​ចំណុច​គល់ស្ពាន ​លី​យ៉ុង​ផាត់ ត្រើយ​ខាងកើត​ក៏​ឈប់​រថយន្ត​ចុះ​បទ​ជើង ពេលនោះ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៧​នាក់​ដែល​ឈប់​ចាំ​ពួនស្ទាក់​ប្លន់​ដូច​សព្វដង​បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ កាំបិត ដុំ ថ្ម ភ្ជង់​គំរាម និង​ដេញ​កាប់​ជនរងគ្រោះ​ប្លន់​យក​ប្រាក់​ ទូរស័ព្ទ ដៃ​ទំនើប និង​គ្រឿង​អ​ល្ល័​ង្ក​ការ​មួយ​ចំនួន​រួច​នាំគ្នា​ជិះ​ម៉ូតូ​រត់​ខ្លួន​បាត់​តែម្តង​។

ក្នុង​ហេតុការណ៍​នោះ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​៤​នាក់​បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ទើប​ប្រទះ​ឃើញ​សាកសព​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ប្រឡាយ​ទឹក​។

រីឯ​ករណី​ប្រើ​កាំបិត​តាំង​តោ​កាប់​ប្លន់​ម៉ូតូ​កាលពី​ថ្ងៃ​២៧ ខែវិច្ឆិកា ​ឆ្នាំ​២០១៥ នៅ​ចំណុច​របង​ផ្លូវ​ចូល​វត្ត​ធុ​ដុ​ង្គ ​ចំការ​ដូង ​ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ខណៈដែល​ជនរងគ្រោះ​២​នាក់​កំពុង​អង្គុយ​ជជែក​គ្នា​លេង ​ត្រូវ​អាវុធហត្ថ​ខណ្ឌដង្កោ​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​១​នាក់ ​​ក្នុងចំណោម​២​នាក់​នៅ​ថ្ងៃទី​៣០ ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

គួរបញ្ជាក់​ផងដែរ​ថា ​ជនសង្ស័យ​ទាំងពីរ​ក្រុម​ខាង​លើនេះ​តែងតែ​ប្រើ​ដាវ  កាំបិត ដុំថ្ម ​ដេញ​កាប់ និង​គប់​នាក់​ដំណើរ​ប្លន់​ជាច្រើនលើក​ច្រើន​សារ​រួចមក​ហើយ​។

ទន្ទឹមគ្នា​នោះដែរ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ​ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ចំណុច​ផ្លូវ​១០៨ កែង​ផ្លូវ​៥១ ​សង្កាត់​វត្តភ្នំ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស​នៅ​ចំណុច​ផ្លូវ​៥៣ កែង​ផ្លូវ​១១៨ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​ ខណៈដែល​ជនបរទេស​នោះ​កំពុងតែ​ឈប់​ម៉ូតូ​ដើម្បី​មើល​GPS រក​ទីកន្លែង​ដែល​ត្រូវ​ធ្វើដំណើរ​។ ​និង​នៅ​ថ្ងៃ​ដដែល​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ផ្សេងទៀត​ដែល​ជា​ចោរលួច​យ៉ាងសកម្ម​នៅ​ចំណុច​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បន្ទាប់ពី​ក្រុម​នេះ​បាន​លួច​គាស់​ផ្ទះ​ប្រជា​ពល រដ្ឋ​កាលពី​ថ្ងៃទី​២៧ ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​រីឯ​បក្សពួក​ដែល​នៅ​សេសសល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុងតែ​កំណត់​អត្តសញ្ញាណ​តាម ចាប់​ជា​បន្តបន្ទាប់​ថែមទៀត​៕

បំបែកសំណុំរឿង​ប្លន់​សម្លាប់ ​និង​លួច​យ៉ាងសកម្ម​ បាន​៤​ក្រុម​ ខណៈ​ប៉េអិម​កំពុង​បន្ត​ចាប់​បក្សពួក
បំបែកសំណុំរឿង​ប្លន់​សម្លាប់ ​និង​លួច​យ៉ាងសកម្ម​ បាន​៤​ក្រុម​ ខណៈ​ប៉េអិម​កំពុង​បន្ត​ចាប់​បក្សពួក