មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​អ្នក​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទទួលខុសត្រូវ​និង​មាន​វិជ្ជាជីវៈ​

285

ភ្នំពេញ​៖​ លោក ​មាស សុភ​ណ្ឌ័ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ បាន​ជំរុញ​អោយ​សាធារណជន ប្រើប្រាស់ ប្រព័ន្ធ​អ៊ីនធឺណិត ​ត្រូវ​ប្រើប្រាស់​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​និង​មាន​វិជ្ជាជីវៈ ​ដើម្បី​ធានា​បាន​សុវត្ថិភាព ខណៈ​ដែល​មាន​ជន​ឆ្លៀតឱកាស​មួយចំនួន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​គោលដៅ​អវិជ្ជមាន​ប៉ះពាល់​ដល់​អ្នក​ដ៏​ទៃ​និង​សង្គមជាតិ ​ត្រូវ​បាន​ឲ្យ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​។​

​​លោក​មាស សុភ​ណ្ឌ័​មាន​ប្រសា​ស​ន៏​បែបនេះ​នៅក្នុង​កិច្ចពិភាក្សា ​ស្តីពី​សេរីភាព​អ៊ី​ន​ធឺ​ណែ​ត​នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​៣ ខែធ្នូ​។​ លោក​បន្ត​ថា​ រាជរដ្ឋាភិបាល​គ្មាន​ផែនការ​រឹតត្បិត​សេរីភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ​ ប៉ុន្តែ​ អ្នកប្រើប្រាស់​ត្រូវ​គួរ​ទាញ​យក​ប្រយោជន៍​ជា​វិជ្ជមាន​ជៀស​ជាង​ការប្រើប្រាស់​ក្នុង​គោលដៅ​មិនល្អ​ហួស​កម្រិត​ព្រំដែន​នៃ​ច្បាប់​ដែល​បាន​កំណត់​។ ​

លោក​បន្ថែម​ថា​សេរីភាព​នៃ​ការប្រើប្រាស់​​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​លើកកម្ពស់​យ៉ាង​ទូលំទូលាយ​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ប៉ុន្តែ​អ្នកប្រើប្រាស់​មួយចំនួន​ហាក់​គ្មាន​ភាព​ទទួលខុសត្រូវ​ដែល​ងាយ​ប្រឈម​ចំពោះមុខ​ច្បាប់​ទោះបី​មិនទាន់​មានច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​ក៏ដោយ​”​។​

លោកស្រី​ ជឹម ម៉ា​ណាវី ​នាយិកា​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​បញ្ជាក់​ថា ​ដើម្បី​ធ្វើអោយ​សាធារណជន​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ពេញលេញ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​នោះ​គួរ​តែ​មាន​ការ​បណ្តុះបណ្តាល​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ដូចជា​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​និង​វិជ្ជាជីវៈ​ការប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​និង​ច្បាប់​នានា​ដ៏ទៃ​ទៀត​។​

ដោយឡែក លោក​ស៊ីន​រ៉ា​ពី​ត​នាយក​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​បាន​បញ្ជាក់ថា​ក្រុម​អ្នកជំនាញ​មិន​ពិបាក​ក្នុង​ការ​ស្វែងរក​មុខសញ្ញា​ញ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ​ដោយសារតែ​អ្នកប្រើប្រាស់​មាន​រូបភាព​ជីវប្រវត្តិ​និង​កន្លែង​ទីតាំង​ដែល​បាន​ប្រើ​។​

តាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​វិញ​គិត​មកដល់​ចុងឆ្នាំ​២០១៥​នេះ ក្រសួង បាន​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​រហូតដល់​ជាង​១​លាន ៥​សែន​ដុល្លា ហើយ​ចំនួន​នេះ​ស្មើនឹង​១០​ភាគរយ​ប៉ុណ្ណោះ នៃ​បទល្មើស​ដែល​បាន​កើតឡើង​។

តាម​តួរ​លេខ​ត្រឹម​ខែមិថុនា​ឆ្នាំ​2015​នេះ នៅ​កម្ពុ​ជា​មាន​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងអស់​ជាង​5​លាន​នាក់​ស្មើនឹង​1​ភាគ​3​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាង​15​លាន​នា​ ក្នុង​នោះ​អ្នកមាន​គណនី​ក្នុង​បណ្តាញ​ទំនាក់ ទង​សង្គម​ហ្វេ​ក​ប៊ុ​ក​មាន​ជាង​៣​លាន​៤​សែន​នាក់​។​ដោយឡែក​សម្រាប់​អ្នកប្រើប្រាស់​ទូរ​សព្ទ័​ចល័ត​វិញ​មាន​រហូតដល់​ជាង​២១​លាន​៧​សែន​ស៊ីម​កាត​៕

​​​