កញ្ញាឯក សុជាតា ហៅ​សា​សា នឹង​ផ្លាស់ប្ដូរ​ពី​ជន​ដែល​ត្រូវ​ចោទ​ទៅជា​ពិរុទ្ធជន​នា​ពេល​ខាងមុខ​

3317
កញ្ញាឯក សុជាតា ហៅ​សា​សា នឹង​ផ្លាស់ប្ដូរ​ពី​ជន​ដែល​ត្រូវ​ចោទ​ទៅជា​ពិរុទ្ធជន​នា​ពេល​ខាងមុខ​

បាត់ដំបង ៖ រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ដែល​សំណុំរឿង​របស់​កញ្ញា ឯក សុជាតា​ហៅ​សា​សា ដែល​អតីត​ជា​ពិធី​ការិនី​ក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ​កន្លែង ត្រូវ​បាន​ស្ងប់ស្ងាត់​នៅក្នុង​តុលាការខេត្ត​បាត់ដំបង បន្ទាប់ពី​លោក​ព្រះរាជអាជ្ញា​បាន​ធ្វើ​ការ​ចោទប្រកាន់​រួចមក ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក​ករណី​គ្រោះថ្នាក់​ចរាចរ​កាលពីដើម​ខែតុលា ​ឆ្នាំ​២០១៥នៅ​កណ្ដាល​ក្រុង​បាត់ដំបង ដោយសារតែ​ការ​បើកបរ​ប្រកបដោយ​ភាព​ស្រវឹង​របស់​កញ្ញា​សា​សា ក្នុង​ពេលយប់​ស្ងាត់ ។​គួរ​រំលឹក​ដែរ​ថា ​ក្រោយពី​តុលាការខេត្ត​បាត់ដំបង​បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​កញ្ញា ​សា​សា​ រួចមក​ គឺ​សាក្សី​បាន​លាតត្រដាង​យ៉ាង​ច្បាស់​ថា ​កញ្ញា​សា​សា​ បាន​សេព​គ្រឿង​ស្រវឹង​យ៉ាង​ចាស់ដៃ​នៅក្នុង​អាហារ​ដ្ឋាន​តោ​ពីរ​រួច​ក៏បាន​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​របស់​នាង​ចេញដំណើរ​បន្ត ក្នុង​គោល​បំណង​ទៅ​រាំរែក​បន្ត​នៅក្នុង​ក្លឹប​កំសាន្ត ​ស្ដារ​ឡាយ​ ប៉ុន្តែ​ជា​អកុសល​ដោយសារតែ​កញ្ញា​សា​សា​ មាន​សភាព​ស្រវឹង ទើប​ធ្វើអោយ​ការ​បើកបរ​របស់​នាង​បាន​ប៉ះទង្គិច​ជាមួយនឹង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ព្រមទាំង​បាន​ធ្វើ​អោយ​អ្នកបើកបរ​ម៉ូតូ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។​

ផ្ទុយទៅវិញ​ក្រោយពេល​កើតហេតុ​ កញ្ញា​សា​សា បាន​ធ្វើ​ការ​បដិសេធ ​ដោយ​មិន​ព្រម​ទទួលស្គាល់​នូវ​ទង្វើ​ដែល​នាង​បាន​ប្រព្រឹត្ត​ឡើយ ដោយ​នាង​បាន​ស្រែក​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​ រូប​នាង​កំពុង​ស្ថិត​នៅក្នុង​ទីក្រុង​បាងកក​ គឺ​មានន័យថា​ នាង​ពុំ​មាន​វត្តមាន​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ឡើយ​ ដូច្នេះ​រាល់​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​គឺជា​ការផ្សាយ​មិន​ពិត​ទាល់តែសោះ ។​

បើ​ទោះ​បី​ជា​កញ្ញា​សា​សា​ បាន​បដិសេធ​យ៉ាងណាក៏ដោយ​ក៏​តុលាការ​បាន​ចេញ​ដីកា​កោះ​ចំនួន​ពីរ​លើក ​ដើម្បីអោយ​កញ្ញា ឯក សុជាតា ហៅ​សា​សា ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះមុខ​លោក​ព្រះរាជអាជ្ញា ​គឺ​នៅ​ទីបំផុត​នាង​បាន​សារភាព​នៅ​ចំពោះមុខ​លោក​ព្រះរាជអាជ្ញា​រង​តូច ​សុភ​ក្តី ​ថា​នាង​ពិតជា​បាន​បង្កហេតុ​នៅ​ក្នុងករណី​គ្រោះថ្នាក់​យ៉ាង​ពិត​ប្រាកដ ហើយ​រថយន្ត​ដែល​បង្ក​គឺជា​រថយន្ត​ផ្ទាល់ខ្លួន​របស់​នាង​តែម្តង ។​

នៅពេល​នោះ​ដែរ​ លោក​ព្រះរាជអាជ្ញា​រង តូច ​សុភ​ក្តី បាន​បញ្ជាក់​ប្រាប់​​ឱ្យ​ដឹង​ថា​ក្រោយ​ពី​ទទួល​បាន​នូវ​ចម្លើយ​សារភាព​រួច​មក​ លោក​បាន​ធ្វើ​ការ​ចោទប្រកាន់​រួចហើយ​ទៅលើ​កញ្ញា​សា​សា ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​ប្រកបដោយ​ភាព​ស្រវឹង ព្រមទាំង​បាន​គេចវេស​ចេញ​ពី​ចំនុច​កើត​ហេតុ ​ដើម្បីអោយ​លោក​ចៅក្រម​ជា​អ្នក​ស៊ើប​អង្កេត​ក្នុង​រឿង​នេះ​ជា​បន្ត ដូច្នេះ​គឺ​មានន័យថា ពេលនោះ​កញ្ញា​សា​សា បាន​ក្លាយ​ខ្លួន​ទៅជា​ជន​ដែល​ត្រូវ​ចោទ​ហើយ ។​

នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ​ថ្ងៃទី​៤ ​ខែធ្នូ ឆ្នាំ​២០១៥ ​​លោក​ចៅក្រម​ជា វណ្ណៈ ដែល​ជា​ចៅក្រម​កាន់​សំណុំរឿង​របស់​កញ្ញា​សា​សា​នេះ​ បាន​អោយ​​ដឹង​ថា​​រឿង​របស់​កញ្ញា​សា​សា ឈាន​ដល់​ការ​ធ្វើ​ការ​ចោទប្រកាន់​រួចមក​នោះ ។​

​​លោក ជា វណ្ណៈ ប្រធាន​តុលាការ និង​ជា​ចៅក្រម​ស៊ើប​សួរ​នៅក្នុង​សំណុំរឿង​កញ្ញា​សា​សា បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​រឿង​នេះ​មិនមែន​ត្រូវ​បាន​បញ្ចប់​នោះ​ទេ​ប៉ុន្តែ​ការ​ស្ងាត់​មួយ​រយៈ​នេះ​គឺ​លោក​កំពុង​បើក​ការ​ស៊ើប​អង្កេត ទៅលើ​បញ្ហា​នេះ​ដើម្បី​អោយ​រឿង​នេះ​វា​កាន់​តែ​ច្បាស់​ថា តើ​កញ្ញា​សា​សា អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​កំហុស​អ្វីខ្លះ​?ក្រោយពី​លោក​ស៊ើប​អង្កេត ​និង​ស្រាវជ្រាវ​ចប់​ហើយ ​លោក​នឹង​ប្រគល់​សំណុំ​រឿង​នេះ​ទៅ​លោក​ចៅក្រម​ម្នាក់ទៀត​ដើម្បី​យក​ទៅ​បើកសវនាការ និង​ជំនុំជម្រះ​លើ​សំណុំ​រឿង​នេះ​បើ​ទោះ​បី​ជា​កញ្ញា​សា​សា មាន​វត្តមាន ឬ​គ្មាន​វត្តមាន​ក៏ដោយ​ក៏​នីតិ​វិធី​របស់​តុលាការ​ត្រូវតែ​ជម្រះ​កំបាំងមុខ ដើម្បី​អោយ​ដឹង​ពី​កម្រិត​ទោស​របស់​នាង​ទៅតាម​ច្បាប់​ចរាចរ​ផ្លូវគោក​ដោយ​ត្រូវ​ដាក់​ពន្ធនាគារ​រយៈពេល​ប៉ុន្មាន និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ប៉ុន្មាន​ចូល​ជា​ថវិការដ្ឋ​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​កញ្ញា ឯក សុជាតា ហៅ​សា​សា និង​ក្លាយទៅជា​ពិរុទ្ធជន​វិញ​ម្តង​ដោយ​អស់សិទ្ធិ​ជា​ជន​ដែល​ត្រូវ​ចោទ​ទៀតហើយ ។​

លោក​ចៅក្រម ជា វណ្ណៈ បាន​សង្កត់ធ្ងន់​យ៉ាង​ខ្លី​ថា ក្រោយពេល​បញ្ចប់​នៃ​ការ​ជំនុំ​ជម្រះ​គឺ​លោក​ព្រះរាជអាជ្ញា​ នឹង​ចេញ​សាលក្រម​ស្ថាពរ​ហើយ​ ទៅលើ​សំណុំរឿង​របស់​កញ្ញា​សា​សា​ដើម្បីអោយ​នាង​ដឹង​ថា ​ការអនុវត្ត​ច្បាប់​វា​មាន​កម្រិត​បែប​ណា ​នៅ​ពេល​ដែល​កញ្ញា​សា​សា​ស្ថិតនៅ​ជា​ជនរងគ្រោះ ហើយនឹង​ពេល​ដែល​កញ្ញា​សា​សា បាន​ក្លាយ​ខ្លួន​ជា​ជន​បង្ក​វិញ​ម្តង​៕​