ក្រសួងសុខាភិបាល ​កំពុង​ពិនិត្យមើល​ឡើងវិញ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​គ្រឿង​ស្រវឹង​ខណៈ​មហាជន​ជំរុញ ​ឲ្យ​ច្បាប់ ​នេះ​ចេញ​ឲ្យ​បាន​ឆាប់

243
ក្រសួងសុខាភិបាល ​កំពុង​ពិនិត្យមើល​ឡើងវិញ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​គ្រឿង​ស្រវឹង​ខណៈ​មហាជន​ជំរុញ ​ឲ្យ​ច្បាប់ ​នេះ​ចេញ​ឲ្យ​បាន​ឆាប់

ភ្នំពេញ ៖ សេចក្ដីព្រាងច្បាប់​ស្តីពី​គ្រប់គ្រង​ការប្រើប្រាស់​គ្រឿង​ស្រវឹង ​ដែល​មាន​ការ​គាំទ្រ​ ពី​មហាជន នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួងសុខាភិបាល ​ដើម្បី​ពិនិត្យមើល​ឡើងវិញ​បន្ទាប់ពី​គណៈ​រដ្ឋមន្ត្រី បាន​បញ្ជូន​ត្រឡប់មកវិញ ​ដោយសារ​មាន​កំហុស​ឆ្លង​មួយ​ចំនួន។


សេចក្តី​ព្រាងច្បាប់​ ស្តីពី​គ្រប់គ្រង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ​ ធ្លាប់​បាន​មក​ដល់ដៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ម្តង​ហើយ​ប៉ុន្តែ​ដោយសារ​មាន​កំហុស​ឆ្គង​ខ្លះ​ ទើប​បញ្ជូន​ទៅ​ក្រសួង សុខាភិបាល​ពិនិត្យ​ឡើងវិញ។

ឯកឧត្តម ​វេជ្ជបណ្ឌិត ​ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ កាលពី​ថ្ងៃទី​០៤ ធ្នូ​ថា​«​យើង​កំពុងតែ​ពិនិត្យមើល​នូវ​កំហុស​ឆ្គង​មួយ​ចំនួន​ នៅ​ក្នុង​សេចក្ដីព្រាងច្បាប់​ ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង។ ​យើង​ត្រូវការ​ពេលវេលា​ជាច្រើន​ទៀត​ក្នុង​ការត្រួត​ពិនិត្យមើល​នូវ​ចំណុច​ដែល​ ​ខ្វះ​ខាត​ព្រោះថា ​សេចក្តីព្រាងច្បាប់​នេះ​ មានការ​ចូលរួម​ពី​អន្តរក្រសួង​ និង​អ្នក​ពាក់ព័ន្ធ​ជាច្រើន​។ ដូចនេះ​យើង​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​បន្ថែម​ទៀត​មុននឹង​ដាក់​ជួន​ទៅ​ គណៈរដ្ឋមន្ត្រី​»។
ការ​ធ្វើ​សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ការប្រើប្រាស់​គ្រឿង ស្រវឹង​ គឺ​ក្នុង​គោលបំណង​ដើម្បី​គាំពារ​សុខ​ភាព​សាធារណជន និង​ការទប់ស្កាត់​ភាព​អន្តរាយ​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​ប្រើ​គ្រឿង​ស្រវឹង ក្នុង​នោះ​រួមមាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​គ្រោះថ្នាក់​ចរាចរណ៍។

សេចក្តី​ព្រាងច្បាប់​ដែល​កំពុង​តាក់តែង​ឡើង​នេះ​ នឹង​មិន​អនុញ្ញាត​ឲ្យ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ នោះ​ទេ ហើយ​ច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធ​ខ្ពស់​ ទៅលើ​គ្រឿង​ស្រវឹង និង​រឹត​បន្តឹង​លើ​ការ​បើក​លក់​គ្រឿង​ស្រវឹង ដែល​បច្ចុប្បន្ន​នេះ​មាន​ការ​រីក​សុះសាយ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង ប្រទេស​កម្ពុជា ដោយសារតែ​កង្វះ​ច្បាប់​គ្រប់គ្រង។

ឯកឧត្តម ​​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ធ្លាប់ បាន​មានប្រសាសន៍ ថា ការ​ហាមឃាត់​មិន​ឲ្យ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ប្រើប្រាស់​គ្រឿង​ស្រវឹង នេះ​គឺជា​មធ្យោបាយ​មួយ ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​យុវជន​វ័យ​ក្មេង​ទាំងនេះ​ស្វែងយល់​ពី ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង។ ក្នុង​សេចក្តីព្រាង យើង​កំណត់​អាយុ​ក្រោម​២១​ឆ្នាំ យើង​ហាមឃាត់​។ អាយុ​២១​ឆ្នាំ​បាន​ន័យ​ថា វា​គ្រប់គ្រាន់​ដើម្បី​ឲ្យ​គាត់​ស្វែងយល់​ពី​ផល​លំបាក ដែល​កើតឡើង​ដោយសារ​ទទួលទាន​គ្រឿង​ស្រវឹង​នេះ​។ ដូច្នេះ​ហើយ​ការ​ដែល​កំណត់​អាយុ​២១​ឆ្នាំនេះ​ជា​ការ​មួយ ដើម្បី​អប់រំ​យុវជន​របស់​យើង​ឲ្យ​ប្រែប្រួល​ឥរិយាបថ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ។

ឯកឧត្តម ​ ​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង​ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បង្កើត​ច្បាប់​នេះ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​គាំពារ​សុខភាព​សាធារណជន និង​ការទប់ស្កាត់​ភាព​អន្តរាយ​ផ្សេងៗ​ ដែល​បង្កឡើង​ដោយ​ប្រើ​គ្រឿង​ស្រវឹង ក្នុង​នោះ​រួមមាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​គ្រោះថ្នាក់​ចរាចរណ៍។

ឯកឧត្តម ​ រដ្ឋមន្ត្រី​បន្ថែម​ថា «​យើង​មាន​ហេតុផល​ច្រើន​ដែល​ទាក់ទិន​នឹង​ការ​ប្រើ​គ្រឿង​ស្រវឹង​នេះ​ដែល ផល​លំបាក​ច្រើន ទាំង​បញ្ហា​សុខភាព​បុគ្គល​ម្នាក់ៗ ដែល​ទទួលទាន សុខភាព​សាធារណៈ​ដែល​ប៉ះ​ពាល់​ដល់​សាធារណជន​ទាំងមូល ហើយក៏​ដូចជា​ទាក់ទិន​នឹង​គ្រោះថ្នាក់​ចរាចរ ទាក់ទិន​នឹង​ហិង្សា​ក្នុង​គ្រួសារ ការបាត់បង់​បញ្ញា​ស្មារតី​នៅ​ពេល​រៀន​សូត្រ​»។

លោក James Nichols អ្នកឯកទេស​ផ្នែក​គោលនយោបាយ ​ស្តីពី​គ្រឿង​ស្រវឹង​មកពី​ចក្រភព​អង់គ្លេស បាន​ស្នើ​ឲ្យ​កម្ពុជា​យក​គម្រូ​តាម​ការអនុវត្ត​ជា​លក្ខណៈ​អន្តរជាតិ ដោយ​តម្រូវ​ឲ្យ​អ្នក​ដែល​ចង់​ធ្វើ​អាជីវ​កម្ម​លក់​គ្រឿង​ស្រវឹង ត្រូវ​សុំ​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល។

លោក​បាន​បន្ត​ថា​ តាម​បទពិសោធន៍​អន្តរជាតិ ​ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ​ទាំងឡាយ ដែល​បង្ក​ដោយ​គ្រឿង​ស្រវឹង​នោះ ច្បាប់​គួរតែ​មាន​ចែង​អំពី​ការ​រក​ទិញ​ផលិតផល​គ្រឿង​ស្រវឹង​នោះ មាន​ន័យថា អ្នកលក់​ផលិតផល​គ្រឿង​ស្រវឹង​ហ្នឹង​ត្រូវ​តែមាន​អាជ្ញាប័ណ្ណ។

កាលពី​ចុងខែ​វិច្ឆិកា​ ឆ្នាំនេះ ក្រុម​យុវជន​ នៃ​សភា​យុវជន​ត្រាប់​បាន​ជំរុញ​ឲ្យ រាជរដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​ផលិតផល គ្រឿង​ស្រវឹង​ឲ្យ​បាន​យ៉ាង​យូរ​នៅ​ខែមីនា​ឆ្នាំ ២០១៦ និង​គួរ​ពិនិត្យ​ឡើងវិញ​ចំពោះ​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង​មួយ​ចំនួន​ដែល យក​អត្តសញ្ញាណ​ជាតិ​ទៅ​ធ្វើ​និមិត្តសញ្ញា និង​ផ្សព្វផ្សាយ​អូសទាញ​អ្នក​ទទួលទាន។

ក្នុង​សន្និសីទ​សារព័ត៌មាន​មាននៅ​អង្គការ​យុវ​សន្តិភាព​រាជធានី​ភ្នំពេញ លោក ហេង គឹមហុង យុវជន​នៃ​ក្រុម​សភា​យុវជន​ត្រាប់​បាន​លើក​ឡើង​ថា​ សេចក្តី​ព្រាងច្បាប់ ស្តីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ត្រូវ​បាន​រាជរដ្ឋាភិបាល ព្រាង​តាំងពី​ឆ្នាំ ២០០៨ ប៉ុន្តែ​មក​ទល់​ពេលនេះ​នៅ​មិនទាន់​បញ្ជូន​ទៅ​រដ្ឋសភា​អនុម័ត​ឡើយ​ខណៈ ផលប៉ះពាល់​ពី​គ្រឿង​ស្រវឹង​កំពុង​បង្ក​ហានិភ័យ​ជាច្រើន​ទៅលើ​ពលរដ្ឋ ជាពិសេស​យុវជន និង​សង្គមជាតិ​។
លោក​បន្ត​ថា ហានិភ័យ​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​រួមមាន​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​ចរាចរណ៍​ហិង្សា​ក្នុង​គ្រួសារ គ្រឿង​ស្រវឹង​ជា​បន្ទុក​ជំងឺ​ជាង ២០០ មុខជា​ឧបសគ្គ​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​បង្កើន​ចំណូល​ក្នុង​គ្រួសារ​។ លោក​ថា​៖ «​យើងខ្ញុំ​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ​ហើយ​ទទូច​ហើយ​ទទូច​ទៀត ដល់​រាជរដ្ឋាភិបាល​សូម​មេត្តា​ពន្លឿន​ការ​អនុម័ត​ច្បាប់​នេះ​ ឲ្យ​បាន​នៅ​ពេល ឆាប់ៗ​ខាង​មុខ​អាច​ក្នុង​អំឡុង​ខែមីនា​ ឆ្នាំ ២០១៦»។

លោក យង់ គឹមអេង​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព បាន​ថ្លែង​ថា ការ​ជំរុញ​របស់​ក្រុម​យុវជន​នេះ​ គឺជា​រឿង​ល្អ​គួរ​ពិចារណា​តែ បើសិនជា​រដ្ឋាភិបាល​នៅតែ​អនុញ្ញាត​ឲ្យ​ក្រុម​ឧស្សាហករ​ផលិត​គ្រឿង ស្រវឹង​ចូលរួម​ក្នុង​ការ​ពិគ្រោះ​យោបល់​ដោយ​កាត់ចោល​មាត្រា​ទាក់ទង​នឹង កម្រិត​នៃ​ប្រើប្រាស់ ឬ​ការដំឡើង​ពន្ធ​ហើយ​នៅតែ​ពន្យារពេល​អនុម័ត​នោះ​នឹងធ្វើ​ឲ្យ​មាន​ហានិ​ភ័យ កាន់​តែ​ខ្លាំង​ដល់​ពលរដ្ឋ វប្បធម៌ និង​សង្គមជាតិ​។

ទោះបីជា​យ៉ាងណាក៏ដោយ​ឯកឧត្តម ​​វេជ្ជបណ្ឌិត​ម៉ម​ ប៊ុនហេង​បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ស្តីពី​គ្រប់គ្រង​ការ​ប្រើ ប្រាស់​គ្រឿង​ស្រវឹង​នេះ​ នៅ​មិនទាន់​អាច​បញ្ចប់​បាន​ភ្លាមៗ​នោះ​ទេ ពោល​គឺ ត្រូវការ ពិភាក្សា​ និង​ផ្តល់​យោបល់​ជាច្រើន​ទៀត​ ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា៕