ប្រធាន​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ក្រិ​ក​និយាយ​ថា មាន​ការ​រើសអើង​ពូជសាសន៍​នៅ​ច្រកចូលព្រំដែន​ម៉ា​សេ​ដូ​នី​

249
ប្រធាន​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ក្រិ​ក​និយាយ​ថា មាន​ការ​រើសអើង​ពូជសាសន៍​នៅ​ច្រកចូលព្រំដែន​ម៉ា​សេ​ដូ​នី​

​ម៉ា​សេ​ដូ​នី​៖ ​​ប្រធាន​អង្គការ​លើកលែងទោស​អន្តរជាតិក្រិ​ក បាន​និយាយ​កាលពី​ម្សិលមិញ​ថា មានការ​រើសអើង ពូជសាសន៍នៅ​ច្រកចូល​ព្រំដែន​ប្រទេសម៉ា​សេ​ដូ​នី-ក្រិ​ក ខណៈមានតែជនអន្តោប្រវេសន៍មកពីប្រទេសមួយចំនួន​តែប៉ុណ្ណោះត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ឆ្លងកាត់​។
​​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេសស៊ី​រី,​ អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាននៅតែបន្ត​ឆ្លង​ពី​ប្រទេសក្រិ​ក ចូល​ទៅ​ក្នុង​ទឹកដី ប្រទេសម៉ា​សេ​ដូ​នី ជាទី​ដែលនគរបាល​ព្រំដែនក្រិ​កពិនិត្យ​លិខិតស្នាម មុន​ពេលអនុញ្ញាតិ​ឲ្យ​ពួកគេ​ចូលទៅ​ក្នុង​ប្រទេសម៉ា​សេ​ដូ​នី។ ប៉ុន្តែ​ដោយឡែកមនុស្សមកពី​ប្រទេសខ្លះទៀត​ ដែលមានឈ្មោះ​ជា​ជនអន្តោប្រវេសន៍​ស្វែងរកសេដ្ឋកិច្ច​ផ្ទាល់ខ្លួន ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ចូល​ឡើយ​។​ ​ជនជាតិ​អ៊ីរ៉ង់​រាប់​រយ​នាក់​បាន​តវ៉ានៅ​ព្រំដែន កាលពី​ម្សិលមិញទាមទារសុំ​ឲ្យ​អាជ្ញាធរ​ប្រទេសក្រិ​ក និង​ម៉ា​សេ​ដូ​នីបង្កើតផ្លូវ​ឆ្លងកាត់សុវត្ថិភាព សម្រាប់​ពួកគេ ផង​ដែរ​។​ លោក ជី​អូ​ហ្គូ​ស កូ​ស្មូ​ផូ​ឡូ​ស (Giorgos Kosmopoulos)​ប្រធានអង្គការ​លើកលែងទោស​អន្តរជាតិ​ក្រិ​កបាន​និយាយ​ថា អ្វី​ដែល​ពួក​លោកកំពុង​មើលឃើញ​នៅ ទីនេះគឺជនជាតិ​មួយចំនួន​ត្រូវ​បាន​គេ​រើសអើង​ជំទាស់​ដែល​អនុញ្ញាតិ​ឲ្យ​ចូល​តែ​ជនជាតិ​៣ប៉ុណ្ណោះ​។ នេះ​មានន័យថា ប្រជាជន​ជាច្រើន​ទៀតជាប់​នៅ​ចំហៀង​ព្រំដែន​ប្រទេស​ក្រិ​ក​នៅឡើយ។ ជាក់ស្ដែង​ពលរដ្ឋ​អ៊ីរ៉ង់​ឬ​ជនអន្តោប្រវេសន៍ មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ជាជន ភៀសខ្លួន​ដែរ​។ ពួកគេ​មាន​សិទ្ធពន្យល់​ពី​ស្ថានភាព​ផ្ទាល់ខ្លួន នៅពេលពួកគេឆ្លង​ព្រំដែន​បន្ទាប់មក គួរ​តែ​មានការវិនិច្ឆ័យសម​ហេតុផល​ណាមួយ នៃតម្រូវការរបស់​ពួកគេ​។ អ្វី​ទាំងនេះគឺជា​ភាព​អយុត្តិធម៌​ព្រោះថា ពួកគេ​ត្រូវតែ ទទួល​បានសិទ្ធ​ការពារជា​អន្តរជាតិ ។ លោក​ថា រដ្ឋាភិបាល​ក្រិ​កគួរ​តែ​មាន​តួនាទី​ច្រើនជាង​នេះ​ សម្រាប់​ការ​ផ្ដល់​ជំនួយជនអន្តោប្រវេសន៍ ដែលមិន​ត្រូវ​បានអនុញ្ញាតិ​ឲ្យចូល​ទៅ​ក្នុង​ប្រទេស​ម៉ា​សេ​ដូ​នី៕
​អត្ថបទ៖ ​សុខ​មាន