មហា​សន្និបាត​លើក​ទី​៨​សភា​ តំបន់​អាស៊ី​ (APA)​ បាន​ដំណើរការ​ទៅតាម​កម្មវិធី​គ្រោងទុក​

313
មហា​សន្និបាត​លើក​ទី​៨​សភា​ តំបន់​អាស៊ី​ (APA)​ បាន​ដំណើរការ​ទៅតាម​កម្មវិធី​គ្រោងទុក

 

ភ្នំពេញ ​៖ មហាសន្និបាត​លើក​ទី​៨ របស់​សភា​តំបន់​អាស៊ី (APA) បាន​ដំណើរ​ការ​ទៅតាម​កម្មវិធី​គ្រោងទុក​ ក្រោម​ការរៀបចំ​របស់​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។

លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​ រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២​ នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៨​ របស់​សភា​តំបន់​អាស៊ី​ ក្រោម​ប្រធាន​បទ​«​ការ​ជំរុញ​សន្តិភាព ការផ្សះផ្សា ​និង​កិច្ច​សន្ទនា​ក្នុង​តំបន់​អាស៊ី​» ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​រាជធានី​ភ្នំពេញ ​វេលា​ម៉ោង ៩:០០​នាទី នាព្រឹក​ថ្ងៃទី​៨ ខែធ្នូ​ នេះ​ថា​ ក្នុងនាម​គណៈកម្មាធិការ​រៀបចំ​មហា​សន្និបាត​លើក​ទី​៨ ​សភា​តំបន់​អាស៊ី (​អេ ភី អេ​) ​សូម​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ និង​ស្វាគមន៍​​សមាជិក ​សមាជិកា​គណៈប្រតិភូ​សមាជិក​សភា​ អេ​ភី​អេ ​ទាំងអស់​ ដែល​បាន​ឆ្លៀតពេល​ដ៏​មមាញឹក ​និង​មានតម្លៃ​អញ្ជើញ​ចូលរួម​មហាសន្និបាត​លើក​ទី​៨ ​របស់​សភា​តំបន់​អាស៊ី ជាពិសេស​សូម​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ ​ដ៏​មាន​សារ​សំខាន់​នា​ពេលនេះ​។

​វត្តមាន​ដ៏​ថ្លៃថ្លា​នេះ ជា​និមិត្តរូប​បង្ហាញ​ពី​ឆន្ទៈ ​និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​ទស្សនៈវិស័យ ​របស់​អេ​ភី​អេ​។ បន្ថែម​ពី​នេះ​វត្តមាន​នេះ​ក៏​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​គាំទ្រ​ដល់​សភា​កម្ពុជា​ ដែល​បាន​ទទួល​កិត្តិយស​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​អេ​ភី​អេ​លើក​ទី​៨ ក្រោម​ប្រធានបទ​«​ការ​ជំរុញ​សន្តិភាព ការផ្សះផ្សា និង​កិច្ច​សន្ទនា​ក្នុង​តំបន់​អាស៊ី​» ដែល​ជា​បុរេ​លក្ខណៈ​សម្រាប់​ធ្វើ​សុខដុម​កម្ម​ពលរដ្ឋ និង​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី ទទួល​បាន​នូវ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ពិតប្រាកដ​។

សូម​​បញ្ជាក់ថា ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៨ ​របស់​សភា​តំបន់​អាស៊ី ក្រោម​ប្រធានបទ​«​ការ​ជំរុញ​សន្តិភាព ការផ្សះផ្សា និង​កិច្ច​សន្ទនា​ក្នុង​តំបន់​អាស៊ី​»​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ​ងួន ​ញ៉ិល​ អនុប្រធាន​ទី​២ រដ្ឋសភា​កម្ពុជា និង​លោក មី​យ៉ាន រ៉ា​ហ្សា រ៉ា​បា​នី ​ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន និង​ជា​ប្រធាន​អង្គប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​សភា​តំបន់​អាស៊ី (​អេ ភី អេ​) លោក​បណ្ឌិត ម៉ា​ស៊ូ​ឌ អ៊ី​ស្លា​មី អគ្គលេខាធិការ អេ ភី អេ ស្តីទី ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន និង​សមាជិក​គណៈប្រតិភូ​សភា អេ​ភី​អេ មកពី​ជាង​២០ ប្រទេស និង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ ជាច្រើន​នាក់​ទៀត​៕

មហា​សន្និបាត​លើក​ទី​៨​សភា​ តំបន់​អាស៊ី​ (APA)​ បាន​ដំណើរការ​ទៅតាម​កម្មវិធី​គ្រោងទុក
មហា​សន្និបាត​លើក​ទី​៨​សភា​ តំបន់​អាស៊ី​ (APA)​ បាន​ដំណើរការ​ទៅតាម​កម្មវិធី​គ្រោងទុក