អ្នកនាំពាក្យ​ព្រឹទ្ធសភា​៖ ការ​អំពាវនាវ​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ខ្លួនឯង​ជា​ទម្លាប់​មួយ​ដ៏​គួរ​ឲ្យ​ខ្មាសអៀន​របស់​បក្ស​ប្រឆាំង​

215

ភ្នំពេញ​៖​ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ចំនួន​៧ រូប ដែល​ប្រកាស​បដិសេធ​មិន​ចូលរួម​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញ​ឆ្នាំ​២០១៦​។​

លោក​ម៉ម ប៊ុននាង បាន​លើកឡើង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ថា ទោះបី​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ចំនួន​៧​រូប ពុំបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ចូលរួម​ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ក៏ដោយ ក៏​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៤៦​រូប នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សរុប​៦១​រូប បាន​ចូលរួម​ប្រជុំ និង​ដំណើរការ​ដោយ​រលូន តាមរបៀប​វារៈ​ ដែល​បាន​គ្រោង​ទុក​។

លោក​បន្ត​ថា ប្រការ​ដែល​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ប្រកាន់យក​ជំហរ​តាម​មូលហេតុ និង​ទឡ្ហីករណ៍​របស់​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មែន​ជា​រឿង​ចម្លែក​ឡើយ​។ ការ​កសាង​កម្ពុជា​ជា​នីតិរដ្ឋ​នឹង​គ្មាន​ន័យ​ឡើយ ប្រសិនបើ​អ្នក​ប្រព្រឹត្ត​ខុស ពុំ​ព្រម​គោរព​ប្រតិបត្តិ​ត​តាមច្បាប់​ជា​ធរមាន​របស់​រដ្ឋ និង​តាម​សាលក្រម​របស់​តុលាការ​។​

តាម​លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា ​បាន​បញ្ជាក់​ទៀត​ថា ការដែល​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដែលជា​រដ្ឋ​អធិបតេយ្យ គឺជា​ទម្លាប់​មួយ​ដ៏​គួរ​ឲ្យ​ខ្មាសអៀន ដោយ​អ្នក​ទាំងនោះ ​ពុំ​បាន​គិត​ទាល់តែសោះ​អំពី​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។​មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​វាក្យខណ្ឌ​ទី​២ ចែងថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ​។​

សូម​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ ព្រឹទ្ធសភា​កម្ពុជា បាន​បើក​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញ​ឆ្នាំ​២០១៦ ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ​បាន​ប្រកាស​ថា មិន​ចូលរួម​ប្រជុំ​ទេ ដោយ​សំអាង​ថា សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញ​ឆ្នាំ​២០១៦ ដែល​សភា​អនុម័ត​កាលពី​ថ្ងៃទី​០៣ ខែធ្នូ នោះ មាន​ចេតនា​នយោបាយ​។​

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី​ បាន​លើក​ឡើងថា អំពើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដក​ដំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា ការ​បញ្ចប់​តួនាទី​តំណាងរាស្ត្រ​លោក សម រង្ស៊ី និង​ការ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ចំនួន​២ រូប ព្រមទាំង​ការ​ចាប់ខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា គណបក្ស​ សម រង្ស៊ី គឺជា​ចេតនា​កំចាយ​ស្ថានភាព​ពហុបក្ស​នៅ​ថ្នាក់​កំពូល​របស់​ជាតិ ហើយ​បាន​អំពាវនាវ​ឲ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ និង​បន្ត​វប្បធម៌​សន្ទនា​រវាង​មេដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ​តទៅទៀត​៕