នគរបាល​អេ​ស្ប៉ា​ញ​ចាប់ខ្លួន​ជនសង្ស័យ ២​នាក់​ពី​បទ​កេណ្ឌ​កង​កម្លាំង​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​កោះ​កាណារី​ និង​តំបន់​កាតាឡូនី​​

302
នគរបាល​អេ​ស្ប៉ា​ញ​ចាប់ខ្លួន​ជនសង្ស័យ ២​នាក់​ពី​បទ​កេណ្ឌ​កង​កម្លាំង​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​កោះ​កាណារី​ និង​តំបន់​កាតាឡូនី​​

​អេ​ស្ប៉ា​ញ៖ នគរបាល​អេ​ស្ប៉ា​ញបាន​ចាប់ខ្លួន​មនុស្ស​ ២នាក់​កាលពី​ម្សិលមិញ សង្ស័យថា​បានកំពុងកេណ្ឌ​កម្លាំង អ្នក​ប្រយុទ្ធ​បន្ថែម​ទៀត ​សម្រាប់​ពួក​រដ្ឋ​អ៊ីស្លាមក្នុងកោះកា​ណា​រី (Canary) និងភាគខាងជើង​តំបន់កាតា​ឡូ​នី​( Catalonia) ប្រទេស​អេ​ស្ប៉ា​ញ។​
​​ប្រភព​ពី​នគរបាលឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ និង​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួនជា​ជនជាតិម៉ា​រ៉ុ​ក ប៉ុន្តែជា​ពលរដ្ឋរស់នៅ ក្នុង​ប្រទេសអេ​ស្ប៉ា​ញ​។ ​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ថា​ ជាអ្នក​ជ្រើសរើស​កម្លាំង​ឲ្យ​ក្រុមរដ្ឋ​អ៊ីស្លាមតាមប្រព័ន្ធ​ទំនាក់ទំនង​សង្គម និងជា​អ្នក​ហ្វឹកហាត់សមាជិក​ថ្មី។ ​អំឡុងបង្ក្រាបគេ​ឃើញនគរបាលកំពុងកាន់​កុំព្យូទ័រ​ដែល នឹង ពិនិត្យ​ជា​ផ្នែក​មួយនៃ​ការ​ស៊ើបអង្កេត​របស់​ពួកគេ​។ ​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេ​ស្ប៉ា​ញ លោក ច​ច ហ្វឺ​ណា​ដេ​ស ឌៀ​ស Jorge (Fernandez Diaz)​បាន​ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង​ទីក្រុងបា​សេ​ឡូ​ណា​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ថា អ្វី​ដែលលោក​អាចនិយាយ​បាននៅ​ពេល​នេះត្រឹម​ថា ពួកគេបានឆ្លងកាត់​ខ្សែ​បន្ទាត់នៃ​ការ​បណ្ដុះ​គំនិត​ទំនើបនិយម។​ ពួកគេ​បានបង្ហាញការ​គាំទ្រ និងស្មោះស្ម័គ្រជាមួយ​ពួកអ៊ីស្លាម​ជ្រុលនិយមរដ្ឋ​អ៊ីស្លាម ឬដេ​ស (Daesh) និង​មេដឹកនាំ​របស់​ខ្លួនកាលី​ហ្វេ​ត អា​ប៊ូបាក អាល់បា​ដា​ឌី ។ ពួកគេបាន​ឈាន ដល់​ចំនុចមួយ​ជាទី​ដែល គ្មាន​ផ្លូវ​អាច​ងាក​ថយក្រោយ​ចេញពីក្រុម​បង្ក​ភេរវកម្មដេ​សវិញ​បាន​ឡើយ។ ការស៊ើបអង្កេត​នៅតែ​បន្តហើយ​នគរបាលកំពុង​ប្រមូល​ភស្តុតាងពីកុំព្យូទ័រ និង​ប្រភព​ផ្សេងៗ​ទៀត​។ ​យោង​តាមទិន្នន័យ​របស់​ក្រសួង​មហា​ផ្ទៃអេ​ស្ប៉ា​ញឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ចុងក្រោយនេះបាន​ធ្វើ​ឲ្យ​ចំនួន សរុប​នៃជនសង្ស័យ​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ក្នុង​ប្រទេសអេ​ស្ប៉ា​ញឡើង​ដល់ 100នាក់ក្នុង​ឆ្នាំ​2015​នេះ​៕
​អត្ថបទ៖ ​សុខ​មាន