ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ជម្រុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ដាច់ដោយឡែក ពាក់ព័ន្ធ​ការ​ទម្លាក់​គ្រាប់​បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

263

​អាមេរិក៖ ​ក្រុម​គ្រូពេទ្យសប្បុរសធម៌គ្មាន​ព្រំដែន​អន្តរជាតិ ដែលមជ្ឈមណ្ឌល​របស់​ពួកគេក្នុង​ទីក្រុង​គុន​ឌូ​ស (Kunduz)​ ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថានត្រូវ​បាន​រងការ​ទម្លាក់​គ្រាប់បែក ដោយយន្តហោះ​សហរដ្ឋអាមេរិកកាលពី​ថ្ងៃទី​៣ ខែតុលា បានប្រមូលផ្ដុំ​គ្នា​តវ៉ាកាលពីម្សិលមិញក្នុងទីក្រុង​វ៉​ស៊ីន​តោន ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត ឯករាជ្យមួយលើ​ករណីការវាយប្រហារ​នេះ។
​​ប្រធាន​ក្រុម​សាខាមន្ទីរពេទ្យសប្បុរសធម៌របស់​អាមេរិក លោកស្រី ឌី​ណេ ម៉ាច​បេន (Deane Marchbein )​រួម​ជាមួយសមាជិក និង​អ្នកគាំទ្រ​ផ្សេងទៀតបាន​ដង្ហែ​ក្បួន​មួយ​ទៅកាន់​សេត​វិមាន និងដាក់​ញត្តិ​មួយចុះហត្ថលេខា​ដោយមនុស្ស​ជាង ៥៤​ម៉ឺន ៥​ពាន់​នាក់ នៅ​ទូរ​ទាំង​ពិភពលោកដោយ​និយាយ​ថា ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​មិនទាន់​គ្រប់គ្រាន់នៅឡើយ​ទេ​ និង​ទាមទារ​ឲ្យ​អាមេរិកបើក​ការស៊ើបអង្កេតដាច់ដោយឡែក​ពី​គ្នា។​ ​លោកស្រី និយាយ​ថា​ ពួក​លោក​ស្រីបាន​កំពុង​មើល​ឃើញ​ថា ការស៊ើបអង្កេតឯករាជ្យ​របស់រដ្ឋាភិបាលអាមេរិក មិនបាន​ឆ្លុះ​បញ្ចាំង​ពី​ការស៊ើបអង្កេត​លើ​ខ្លួនឯង​ផ្ទាល់ឡើយ។​ ​គួរ​រម្លឹក​ថា គ្រូពេទ្យ និង​អ្នក​ជម្ងឺចំនួន 31នាក់បាន​ស្លាប់ និងរាប់​សិបនាក់រង​របួស ក្នុង​ការវាយប្រហារ​ពី​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក លើ​មន្ទីរពេទ្យអន្តរជាតិដែលទាហានអាមេរិកបានអះ​អាង​ថា​ជា ការវាយប្រហារ​ដោយ​ច្រឡំគ្មានចេតនា៕

អត្ថបទ៖ ​សុខ​មាន