សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ក្នុង​ឱកាស​បិទ​មហាសន្និបាត​លើក​ទី​៨​របស់​សភា​តំបន់​អាស៊ី APA

283

​​ភ្នំពេញ​៖ មហាសន្និបាត​លើក​ទី​៨​របស់​សភា​តំបន់​អាស៊ី APA បាន​ប្រារព្ធ​ពិធី​បិទ​នា​ល្ងាច​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​ដំណើរការ​មហាសន្និបាត​យ៉ាង​រលូន​អស់​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១២ ខែធ្នូ ប្រកប​ជោគជ័យ​រួចមក​។​

ឯកឧត្ដម​​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​មហាសន្និបាត​លើក​ទី​៨​របស់​សភា​តំបន់​អាស៊ី APA ថ្លែងថា មហាសន្និបាត​លើក​ទី​៨​របស់​សភា​តំបន់​អាស៊ី APA បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​ដ៏​រីករាយ ស្និត​ស្នាល សាមគ្គីភាព និង​សហប្រតិបត្តិការ​ខ្ពស់​ពី​គ្រប់​សំណាក់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ពី​សំណាក់​ប្រធាន សមាជិក​គណៈប្រតិភូ​ស​ភា​សមាជិក APA ប្រទេស​សង្កេតការណ៍ និង​អង្គការ​ជា​ដៃគូ​របស់​APA ដែល​បាន​ញ៉ាំងឱ្យ​សន្និបាត​ទទួលជោគជ័យ​យ៉ាង​ត្រចះត្រចង់​។​

​​​​​អនុប្រធាន​ទី​២​រដ្ឋសភា​បន្ថែម​ថា កិច្ចពិភាក្សា​ទូទៅ នៃ​កិច្ចប្រជុំពេញអង្គ ក្រោម​មូលបទ​«​ការ​ជម្រុញ​សន្តិភាព ការផ្សះផ្សា និង​កិច្ចសន្ទនា​ក្នុង​តំបន់​អាស៊ី​» បាន​ប្រព្រឹត្តទៅ​យ៉ាង​ផុលផុស ដោយ​ប្រធាន​ប្រតិភូ នៃ​សភាសមាជិក អេ​ភី​អេ និង​ប្រទេស​សង្កេតការណ៍​ បានធ្វើ​សេចក្តីថ្លែងការណ៍​គ្រប់ៗ​គ្នា ដោយបាន​បញ្ជាក់​យ៉ាងច្បាស់ និង​សង្កត់ធ្ងន់​អំពី​សារសំខាន់ និង​ភាពចាំបាច់ នៃ​សន្តិភាព ដែលជា​កត្តា​គន្លឹះ​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ដោយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាន​រស់ក្នុង​សុខសន្តិភាព ស្ថិរភាព វិបុលភាព និង​សុខដុម​រម្យ​នា​។

គណៈប្រតិភូ​ទាំងអស់​បាន​សម្តែង​ក្តីបារម្ភ និង​មិន​ពេញចិត្ត​អំពី​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កំពុង​កើតឡើង​នៅក្នុង​តំបន់ ក៏ដូចជា​សកលលោក ជាពិសេស​អំពី​ភេរវកម្ម​របស់​ក្រុម ISIS ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់​រាប់ពាន់នាក់​។

ទន្ទឹមនេះ​សេចក្តីថ្លែងការណ៍​ក៏បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត និង​គាំទ្រ​ចំពោះ​ចំណាត់ការ​ណាមួយ​ដែល​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នេះ​វា​មិន​ត្រឹមតែ​មិនអាច​ដោះស្រាយ​បញ្ហា​បាន​នោះទេ ផ្ទុយទៅវិញ​វា​បង្កឱ្យមាន​បញ្ហា​កាន់តែ​ស្ម័គ្រស្មាន ដែល​រឹត​តែ​ពិបាក​ដោះស្រាយ​ថែមទៀត​។

ការដោះស្រាយ​បញ្ហា តាមរយៈ​កិច្ច​សន្ទនា​ប្រកបដោយ​សន្តិវិធី ជា​លក្ខណៈ​ទ្វេភាគី ឬ​ពហុភាគី​ជា​ជម្រើស​មួយ​ដ៏​សមស្រប​មាន​ប្រសិទ្ធភាព និង​មាន​ភាព​យូរអង្វែង​។

ក្នុង​រយៈ​៤​ថ្ងៃ​នៃ​មហាសន្និបាត​មកនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មការ​ចំពោះ​កិច្ច​ បាន​អនុម័ត​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចំនួន​១៨ ដែល​នឹង​ដាក់​ជូន​មហាសន្និបាត​អនុម័ត​។ សេចក្តី​ព្រាង​សំខាន់ៗ​ទាំង​អស់នេះ​ ជា​សមិទ្ធផល​ផ្លែផ្កា ដែល​កើត​ចេញពី​កិច្ច​ខិតខំ​រួម​ពោរពេញ​ដោយ​ឆន្ទៈ​មោះមុត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​សមាជិក សមាជិកា សមាជិក APA ដែល​ជា​តំណាងឱ្យ​ប្រជាពលរដ្ឋ​អាស៊ី​ទាំងមូល ក្នុង​ការ​ស្វែងរក​និង​ធានា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព វិបុលភាព និង​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​របស់​យើង​។​

​​​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​ជា​ប្រធាន​សភា​តំបន់​អាស៊ី APA លើក​ទី​៨ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈកម្មការ​រៀបចំ​មហា​សន្និបាត​អគ្គលេខាធិការដ្ឋាន​APA និង​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំ​អ​អស់ ដែល​បាន​ជួយ​សម្របសម្រួល និង​បង្ក​លក្ខណៈ ងាយស្រួល​ឱ្យ​មហាសន្និបាត​លើក​ទី​៨​របស់ APA​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ជោគជ័យ​។

សម្តេច​បាន​បញ្ជាក់ថា មហាសន្និបាត​បាន​ដំណើរការ​ទៅ​យ៉ាងសកម្ម​ក្នុង​បរិយាកាស​មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ រវាង​តំណាង​អង្គការ​នីតិប្បញ្ញត្តិ​នៅ​ទ្វីបអាស៊ី និង​បាន​សំយោគ​នូវ​បញ្ញាញាណ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បញ្ជ្រាប​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ និង​សេចក្តីសម្រេច​នានា​។ សម្តេច​ប្រធាន​បាន​លើក​ឡើង​ថា សន្តិភាព​នៅក្នុង​តំបន់​និង​សកលលោក គឺជា​កត្តា​ចំបង​ចាំបាច់​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​។

ប្រជាជន​យើងខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា មាតុភូមិ​របស់​ខ្លួន​ធ្លាប់បាន​ឆ្លងកាត់​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​អស់​ជិត​៣​ទសវត្សរ៍ ដូចជា​សង្គ្រាម​ផ្ទៃក្នុង អំពើ​ប្រល័យពូជសាសន៍ ទណ្ឌកម្មសេដ្ឋកិច្ច គ្រោះ​ទុរ្ភិក្ស ជំងឺ​រាតត្បាត​ជាដើម​។ យើង​ដឹង​ច្បាស់​ដែរ​ថា អ្វី​ដែល​អាច​ស្រោចស្រង់​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នេះ​ឡើងវិញ​បាន គឺ​សន្តិភាព ដែល​កើត​ចេញពី​«​ការផ្សះផ្សា និង​សន្ទនា​»​

អាស្រ័យ​ដោយ​ការប្រើប្រាស់​វប្បធម៌​សន្ទនា​និង​ការប្រកាន់យក​គោលការណ៍​អហិង្សា​ទើប​រាល់​បញ្ហា​ប្រឈម ត្រូវ​បាន​ដោះស្រាយ ដោយ​ជោគជ័យ​ជា​បន្តបន្ទាប់ តាមរយៈ​នយោបាយ​ឈ្នះៗ ពោល គឺ​គ្រប់​ភាគី​បដិបក្ខ​ទទួល​បាន​ជ័យជំនះ​ទាំងអស់គ្នា​។

សម្តេច​បន្តថា ផ្តើមចេញពី​មេរៀន​អតីតកាល​របស់ខ្លួន ទើប​សភា​កម្ពុជា​សម្រេច​ជ្រើស​រើសយក​បញ្ហា​ស្នូល​គឺ​«​ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា​ក្នុង​តំបន់​អាស៊ី​» មក​ធ្វើជា​ប្រធានបទ​សម្រាប់​អង្គ​មហាសន្និបាត​លើក​ទី​៨ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ត្រិះរិះ​ពិភាក្សា អនុម័ត​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ​សម្រាប់ APA ព្រោះ​យើង​ដឹងថា​ប្រទេស​សមាជិក​ទាំងអស់​សុទ្ធ​តែមាន​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​គឺ​ការចង់បាន​សុខសន្តិភាព​ដូចគ្នា​។ សម្តេច​បានបញ្ជាក់​បន្ថែម​ថា សម្រាប់​យើងទាំងអស់គ្នា ដែលជា​ថ្នាក់ដឹកនាំ​សភា និង​តំណាងឱ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​យើង​មាន​កាតព្វកិច្ច​ស្នូល​ដ៏​ធ្ងន់ធ្ងរ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការធានា​ឱ្យបាន​នូវ​សន្តិសុខ​ជូន​ប្រជាជាតិ​របស់ខ្លួន​។

ទោះបីជា​សភា​គ្រាន់តែ​ជា​អ្នកតាក់តែង និង​អនុម័ត​ច្បាប់ និង​ជា​អ្នកត្រួតពិនិត្យ​លើ​ដំណើរការ​ការអនុវត្ត​តែប៉ុណ្ណោះ​ក៏ដោយ ប៉ុន្តែ​សមិទ្ធផល​ការងារ​នីតិកម្ម​គឺជា​និមិត្តរូប​នៃ​ដួងចិត្ត​របស់​ប្រជាជន​យើង​។ កិច្ចការ​ទាំងនេះ​មានអំណាច​ផ្លូវច្បាប់​ចំពោះ​ស្ថាប័ន​នីតិប្រតិបត្តិ​ក្នុង​ការទទួល​យកទៅអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។

ដូច្នេះ​ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ​ទាំងនេះ​យើង​ត្រូវតែមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ប្រកបដោយ​ប្រសិទ្ធភាព​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។

កម្ពុជា​សូម​គាំទ្រ​នូវ​រាល់​គំនិត​ផ្តួចផ្តើម​ទាំងឡាយណា​សំដៅ​រក​ដំណោះស្រាយ​សន្តិភាព​ដោយ​អហិង្សា ជៀសវៀង​ការប្រឈមមុខគ្នា​ដោយ​អាវុធ និង​ជាពិសេស​ពង្រីក​តួនាទី​សភា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សះផ្សា និង​ស្វែងរក​សន្តិភាព​ក្នុ​តំបន់​អាស៊ី​។

ក្នុង​បរិបទ​នេះ ​ក្នុងនាម​សភា​តំបន់​អាស៊ី APA ខ្ញុំ​សូម​ស្នើឱ្យ​សភា​នៃ​ប្រទេស​ជា​សមាជិក​APA និង​ដៃគូ​ពាក់ព័ន្ធ​ទាំ​អ​អស់​ប្រកាន់យក​នូវ​ភាព​អត់ធ្មត់ ជាពិសេស​អនុវត្ត​ឱ្យបាន​នូវ​កិច្ចសន្ទនា​ក្នុង​តំបន់​អាស៊ី​យើង​នេះ​ក្នុងការ​ដោះស្រាយ​និង​ត្រួសត្រាយ​ផ្លូវ​ដើម្បី​សន្តិភាព​សម្រាប់​តំបន់ និង​សកលលោក​ទាំងមូល​។​សម្តេច​សង្ឃឹម​យ៉ាង​មុតមាំ​ថា លទ្ធផល​ជា​វិជ្ជមាន​របស់​មហា​សន្និបាតសភា​អាស៊ី​លើក​ទី​៨​នេះ​ពិតជា​នាំមក​នូវ​សុខសន្តិភាព វិបុលភាព និង​ភាព​សម្បូណ៌​រុងរឿង​៕