គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្លាក់​រថយន្ត​ទៅ​ក្នុង​ទន្លេ​ស្ងួត​ទឹក​ក្នុង​ប្រទេស​អាហ្សង់ទីន​ធ្វើ​ឱ្យ​មនុស្ស​​ចំនួន​ ៤៣​នាក់​ស្លាប់​ និង​៨​នាក់​ទៀត​របួស

344
គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្លាក់​រថយន្ត​ទៅ​ក្នុង​ទន្លេ​ស្ងួត​ទឹក​ក្នុង​ប្រទេស​អាហ្សង់ទីន​ធ្វើ​ឱ្យ​មនុស្ស​​ចំនួន​ ៤៣​នាក់​ស្លាប់​ និង​៨​នាក់​ទៀត​របួស

អាហ្សង់ទីន៖ ​ក្រុម​អាជ្ញាធរ​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​​បាន​ដឹក​ជញ្ជូន​​ក្រុម​មន្ត្រី​​ សម្រាប់​​ធ្វើ​ល្បាត​តាម​ព្រំ​ដែន​អាហ្សង់ទីន​បាន​ផ្ទុះ​កង់​​បែក​ និង​ធ្លាក់​ដាំ​ដូង​ពី​លើ​ស្ពាន​មួយ​​កន្លែង​​ទៅ​ក្នុង​ទន្លេ​ស្ងួត​ នៅ​ភាគ​​ខាង​ជើង​ខេត្ត​សាល់តា​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ធ្វើ​ឱ្យ​មនុស្ស​ ៤៣​នាក់​ស្លាប់​​ និង​៨​នាក់​ទៀត​រង​របួស​​។
រថយន្ត​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​នេះ ​ស្ថិត​ក្នុង​ចំណោម​​រថយន្ត​ដឹក​អ្នក​ដំណើរ​​ដែល​មាន​ផ្ទុក​​ក្រុម​មន្ត្រី​ សម្រាប់​​ធ្វើ​ល្បាត​តាម​ព្រំ​ដែន​​ចំនួន ៣​គ្រឿង​​ផ្សេង​ទៀត​​របស់​អាហ្សង់ទីន​។ សេចក្តី​រាយការណ៍​ឱ្យ​ដឹង​​ទៀត​ថា ក្បួន​រថយន្ត​របស់​កងកម្លាំង​​អាហ្សង់ទីន​ ត្រូវ​​ធ្វើ​លើង​នៅ​តាម​ព្រំ​ដែន​​ប្រទេស​ជាប់​ជាមួយ​ប្រទេស​បូលីវី​ និង​ជាប់​​ព្រំដែន​ជាមួយ​ប្រទេស​​ឈីលី និង​ប៉ារ៉ាហ្គាយ។ គួរ​ឱ្យ​ដឹង​ថា សន្តិសុខ​តាម​ព្រំដែន​​អាហ្សង់ទីន​​បាន​ប្រែ​ជា​ក្តៅ​គគុក ​​ក្នុង​ពេល​​ដែល​អាហ្សង់ទីន​​បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ ​សម្រាប់​​ប្រើប្រាស់​​រត់​ពន្ធ​គ្រឿង​ញៀន​​​ចេញ​ពី​តំបន់​ភ្នំ​អង់​ ឆ្ពោះ​ទៅ​កាន់​បស្ចិម​ប្រទេស​​ក៏​ដូច​ជា ​ការ​រត់​ពន្ធ​មនុស្ស​​មួយ​ចំនួន​​នៅ​បស្ចិម​​ប្រទេស​ដែរ​នោះ។ ចំណែក​សាកសព​​ និង​អ្នក​រង​របួស​ពី​គ្រោះ​ថ្នាក់​ធ្លាក់​រថយន្ត​​ទៅ​ក្នុង​​ទន្លេ​ស្ងួត​ទឹក​យ៉ាង​ជ្រៅ​នេះ ​ក៏​ត្រូវ​ក្រុម​មន្ត្រី​​ក្នុង​រថយន្ត​​ពីរ​គ្រឿង​ផ្សេង​ទៀត​ជួយ​សង្គ្រោះ​​ជា​បន្ទាន់​​ និង​ជញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ក្នុង​ទីក្រុង​​សង់ទីយ៉ាហ្គូ​ ឌែល​អេសស្ទេរ៉ូ៕​​​​​

អត្ថបទ៖ វង្ស រិទ្ធី