រឿង​គ្រឿងញៀន​ជាង​១១​គីឡូក្រាម ត្រូវ​សាលាឧទ្ធរណ៍​ពន្យារ​ពេល​

314
រឿង​គ្រឿងញៀន​ជាង​១១​គីឡូក្រាម ត្រូវ​សាលាឧទ្ធរណ៍​ពន្យារ​ពេល​

ភ្នំពេញ ៖ សាលាឧទ្ធរណ៍​ពន្យារ​ពេល​សវនាការ​រឿង​ជួញដូរ​គ្រឿងញៀន​ជាង​១១​គីឡូក្រាម​កាលពី​ថ្ងៃទី​១៥​ខែធ្នូ ​មូលហេតុ​ដោយសារ​ជនជាប់ចោទ​ជា​ជនជាតិ​បរទេស​បរទេស​គ្មាន​អ្នកបកប្រែ​ភាសា ។​
លោកស្រី ចាន់ ម៉ា​ឌី​ណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ឱ្យ​ដឹង​ថា សំណុំរឿង​ជនជាប់ចោទ​វៀតណាម​ពីរ​នាក់ និង ឡាវ​ម្នាក់ ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃក្រោយ រង់ចាំ​មាន​អ្នកបកប្រែ​ភាសា ។ សវនាការ​សាជាថ្មី ​ពុំ​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ។​

ប្រភព​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា ​ជនជាប់ចោទ​ឈ្មោះ ប៊ុន ណាក់​ឡូត​ អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​ឡាវ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​អស់​មួយ​ជីវិត ​និង​ ពិន័យ​៦០​លាន​រៀល ។ ផ្ដន្ទាទោស​ឈ្មោះ ជឿ​ង បាញ់​ឡុង​ អាយុ​៤៩ ឆ្នាំ ជនជាតិ​វៀតណាម ដាក់​ពន្ធនាគារ​២០​ឆ្នាំ និង ពិន័យ​២០​លាន​រៀល ព្រមទាំង​ផ្ដន្ទាទោស​ឈ្មោះ ជឿ​ង វៀតណាម អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម ដាក់​ពន្ធនាគារ​១០​ឆ្នាំ និង ពិន័យ​១០​លាន​រៀល​ប៉ុន្តែ​ពួកគេ​មិន​សុខ​ចិត្តបាន​ប្ដឹង​ឧទ្ធរណ៍ ។​

ប្រភព​ព័ត៌មាន បន្ត​ថា ក្រុម​ជនល្មើស​ជាប់ចោទ​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ជាង​១១​គីឡូក្រាម កាលពី​ឆ្នាំ​២០១១ ដោយ​ចរាចរ​ពី​ប្រទេស​ឡាវ ចូល​មក​ប្រទេស​កម្ពុជា ឆ្លងកាត់​ខេត្តស្ទឹងត្រែង ។​

វត្ថុ​តាង​ដកហូត​បាន រួមមាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨៧៦០០​គ្រាប់ និង​ម្សៅ​ម៉ា​ទឹកកក​ចំនួន​ជិត​៣​គីឡូក្រាម រថយន្ត​ឡិច​ស៊ី​ស​ពីរ​គ្រឿង និង​សម្ភារៈ​ពាក់ព័ន្ធ​បទល្មើស​ជាច្រើន​ទៀត ៕​