ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ​គ្រោង​សិក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ផ្តល់​ប័ណ្ណបើកបរ​ជូន​ជនពិការ

297
ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ​គ្រោង​សិក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ផ្តល់​ប័ណ្ណបើកបរ​ជូន​ជនពិការ

ភ្នំពេញ ៖ ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ឲ្យ​ដឹងថា  ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នឹង​សិក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អំពើ​ប្រភេទ​យាន្តយន្ត ឬ​ការកែច្នៃ​យាន្ត​យន្ត​របៀប​ណា​និង​ពិការ​ភាព​របៀប​ណា​ដែល​យើង​ត្រូវ​ផ្តល់​ប័ណ្ណបើកបរ​ជូន ។

ការ​ថ្លែង​ឲ្យ​ដឹង​បែបនេះ​របស់​ឯកឧត្តម ​ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ គឺ​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី «​ការពិនិត្យ ឡើងវិញ លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព ឆ្នាំ​២០១៤-២០១៨ និង​ទិសដៅ​បន្ត​» នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ។

ឯកឧត្តម ឯម ច័ន្ទ​មករា ​បាន​លើកឡើង​បន្តទៀតថា​ ការផ្តល់​ប័ណ្ណបើកបរ​ជូន​ជនពិការ ​គឺ​ទាល់តែ​មានការ​ប្រកាស​អន្តរក្រសួង រួមមាន​ក្រសួងសុខាភិបាល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​និង ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន ​និង​នីតិ​កាយសម្បទា ទើប​អាច​ធ្វើ​កាត​ផ្តល់​ជូនបាន ​។

ឯកឧត្តម​ បាន​ថ្លែង​ឲ្យ​ដឹងថា ​សម្រាប់​ការ​ប័ណ្ណបើកបរ​ជូន​ជនពិការ ​អន្តរក្រសួង​ចេញ​សេចក្តីប្រកាស​នៅ​ពេលណា​ក៏បាន ប៉ុន្តែ​សម្រាប់​បញ្ហាសំខាន់ ​គឺ​ស្វែងយល់​នៃ​ការផ្តល់​ប្រភេទ​យានយន្ត ឬ​ការកែច្នៃ​យានយន្ត​របៀប​ណា​នោះ មុននឹង​ផ្តល់​ជូន​ប័ណ្ណបើកបរ​ដល់​ពួគគាត់  ។

ឯកឧត្តម ​មាស ម៉ូ​នី​ការ អនុរដ្ឋលេខាធិការ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​លើក​ឡើង​ថា​ នៅ​ប្រទេស​កូរ៉េ មុននឹង​ចេញ​ប័ណ្ណបើកបរ ​ ជនពិការ​ត្រូវ​ពិនិត្យ​សុខភាព និង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​កាយសម្បទា អាច​បើក​បរ​បាន​ដោយ​គ្រូពេទ្យ​ជំនាញ ក្នុង​នោះ​យានយន្ត​ពិសេស​សម្រាប់​ជនពិការ ​ជើង​ទាំងសងខាង​គឺ​ឈ្នាន់​ហ្គា​ និង​ហ្វាំ​ង​បាន​រៀបចំ​នៅ​ កន្លែង​ចង្កូត ។

ឯកឧត្តម​ បន្តទៀតថា​ សម្រាប់​កម្ពុជា​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជនពិការ​មាន​សិទ្ធ បើកបរ​យានយន្ត​ពិសេស ​សម្រាប់តែ​ជនពិការ ​និង​លក្ខណ​នៃ​ការចេញ​ប័ណ្ណបើកបរ​សម្រាប់​ជនពិការ ត្រូវ​កំណត់​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ក្នុងនោះ​ការរៀបចំ​លិខិត បទដ្ឋាន គតិយុត្តិ​ និង​ការ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​អំពី​សុខភាព​សម្រាប់​ជន​ពិការ ដែល មានបំណង​បើកបរ​យានយន្ត​នេះ​ផងដែរ ៕