ក្រុម​ជួយសង្គ្រោះ​អះអាង​ថា ឱកាស​នៃ​អ្នក​រស់រាន​ក្នុង​ហេតុការណ៍​ផ្ទុះ​អណ្តូងរ៉ែ​ធ្យូង​ចិន មាន​តិចតួច​បំផុត​

256

ចិន៖ ក្រុម​ជួយសង្គ្រោះ​ចិន បាន​អះអាងថា មាននូវ​ឱកាស​តិចតួច​បំផុត​សម្រាប់​ការរស់រាន​រប​ស់កម្មករ​១៩​នាក់ ដែល​បាន​ជាប់​ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម ក្រោយ​ហេតុការណ៍​ផ្ទុះ​រួចមក​នោះ​។​

ស្ថានីយទូរទស្សន៍​រដ្ឋ​ចិន CCTV​បាន​រាយការណ៍​ថា ការផ្ទុះ​ដ៏​កក្រើក​មួយ បាន​កើតឡើង​នៅវេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ ស្ថិតនៅ​ទីក្រុង​ហឺ​ហ្គា​ង នៃ​ខេត្ត​ហី​ឡុង​ជែ​អ ប្រទេស​ចិន ពេលដែល​ក្រុមកម្មករ​អណ្តូងរ៉ែ​ចំនួន​៥២​នាក់ កំពុងធ្វើការ​ងារ​ក្រោម​ដី​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមកម្មករ​៣៣​នាក់ អាច​គេចខ្លួន​ចេញ​ដោយ​សុវត្ថិភាព ក្រោយ​ឧប្បត្តិហេតុ​កើតឡើង​។​

CCTV​បាន​រាយការណ៍​ទៀតថា អគ្គីភ័យ​បានធ្វើ​ឲ្យ​សីតុណ្ហភាព​នៅក្រោម​ដី​កើនឡើង​រហូតដល់​១​ពាន់​អង្សា​សេ ហើយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនម៉ូណូអុកស៊ីត មិនអាច​ធ្វើ​ឲ្យ​នរណាម្នាក់​ដែលជា​ប់​ខាងក្នុង រស់រាន​បានឡើយ​។​

លោក​ចាង ឈី​ន​ស៊ែ​ង គឺជា​អ្នកនាំពាក្យ​ការិយាល័យ​បញ្ជាការ និង​ជួយសង្គ្រោះ បាន​ឲ្យ​ដឹងថា តាម​ធម្មតា​កំហាប់​ឧស្ម័ន​កាបូនម៉ូណូអុកស៊ីត មិនអាច​ខ្ពស់ជាង​២៤​ភាគ​១​លាន បាន​នោះឡើយ តែ​បច្ចុប្បន្ន​កំហាប់​ឧស្ម័ន​មួយ​នេះ មាន​រហូតដល់​ទៅ​១៤.៦៥០​ភាគ​១​លាន ដូច្នេះហើយ​មនុស្ស​នឹង​ថប់ដង្ហើម​ស្លាប់​ភ្លាម​មួយ​រំពេច នៅពេលដែល​បាន​ស្រូប​ឧស្ម័ន​មួយ​នេះ​។​

សូមបញ្ជាក់ថា អណ្តូងរ៉ែ​ធ្យូងថ្ម​នៅ​ចិន​ត្រូវបាន​គេ​ចាត់ទុកថា ជា​អណ្តូងរ៉ែ​ប្រកបដោយ​គ្រោះថ្នាក់ និង​ស្លាប់​មនុស្ស​ច្រើន​បំផុត​នៅលើ​ពិភពលោក ដោយសារតែ​ប្រព័ន្ធ​សុវត្ថិភាព​អន់ ហើយ​និង​តម្រូវការ​ធ្យូងថ្ម​ច្រើន​សម្រាប់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​របស់​ពិភពលោក​មួយ​នេះ​៕