នគរបាល​សហការ​គ្នា​ឡោមព័ទ្ធ​ចាប់​ក្រុម​ជនសង្ស័យ​បាន​១២​នាក់​នៅ​ខណ្ឌ​ឫស្សីកែវ​

190

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ ប៉ុស្តិ៍​ឫស្សីកែវ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​បាន​ចុះ​បង្ក្រាប​ក្រុម​ទទួលផល​ចោរកម្ម​, កាច់​.​ក​សោ​ម៉ូតូ និង​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​លេខ​៨៧ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​ចាប់​ខ្លួន​បាន​មនុស្ស​១២​នាក់ ក្នុង​នោះ ​ប្រុស​១០​នាក់ ដោយ​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន និង​សម្ភារៈ​មួយ​ចំនួន​ធំ​។​

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នោះ​ដឹកនាំ​ដោយ​លោក​ អ៊ីវ ឈុន​ផេង អធិការរង​ខណ្ឌឫស្សីកែវ ទទួលបន្ទុក​ព្រហ្មទណ្ឌ ហើយ​ក្នុង​ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​ក៏បាន​ព័ទ្ធ​ចាប់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពួកគេ ដែល​រត់​ចូល​ទៅ​ក្បែរ​ទឹកទន្លេ​ក្នុងផ្ទះ​១ ដោយមាន​កាន់​កាំបិត​នៅ​នឹង​ដៃ​ផង​នោះ​។​

សេចក្ដីរាយការណ៍​បន្ត​ថា ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ជាង​១០​កញ្ចប់ និង​ឧបករណ៍​ផ្លាស់ប្ដូរ​ម៉ូតូ​១​ចំនួន ដាវ​សុំា​ម៉ូតូ​កាំបិត ពូថៅ ជា​អាវុធ ព្រមទាំង​ប្រដាប់​សេព​គ្រឿងញៀន​ចំនួន​ទៀត​ផង​ដែរ​។​

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង ក្រោយពី​ចាប់បាន​បក្ខពួក​ចោរលួច​កាច់​.​ក​សោ​ម៉ូតូ​ម្នាក់​កាលពី​យប់​ថ្ងៃទី​១៧ ខែធ្នូ ដែល​គេ​ឆ្លើយ​ថា បាន​យក​ម៉ូតូ ដែល​លួច​បាន​មក​លក់​នៅ​ចំណុច​ខាងលើ ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​តែម្ដង​។ ចំណែក​ម៉ូតូ​នោះ​ក៏​ដកហូត​បាន​មក​វិញ​ ក្នុង​ពេល​ចុះ​បង្ក្រាប​នោះ​ផង​ដែរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​