សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​ក្រុង​ពាលី ដើម្បី​សម្ពោធ​សាលា​ធម្មសភា និង​កុដិ​ចំនួន​២​ខ្នង នៅ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ​

297

​​ភ្នំពេញ៖ ​សាលា​ធម្មសភា​ដ៏​ស្កឹមស្កៃ និង​កុដិ​ចំនួន​ពីរ​ខ្នង ដែល​បាន​កសាងឡើង​ក្រោម​ការ​ជ្រោមជ្រែង​ពីស​ម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ស្ថិត​នៅក្នុង​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី នៅ​រសៀល​ថ្ងៃទី​១៨​ធ្នូ​នេះ ដើម្បី​សែនព្រេន​ដល់​ទេវតា ម្ចាស់​ទឹក ម្ចាស់​ដី និង​សុំ​សេចក្តី​សុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ជាមួយ​វត្ត​មាននៃ​ក្រុមគ្រួសារ និង​ញាតិមិត្ត​ជិត​ឆ្ងាយ ហើយ​សាលា​ធម្មសភា និង​កុដិ​ទាំងពីរ​ខ្នង​នេះ ក៏​នឹង​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ឆ្លង​នៅ​ព្រឹក​ថ្ងៃទី​១៩​ធ្នូ ដោយ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភ ប៊ុន ស៊ា​ង​លី និង​ពិធី​សំណេះសំណាល ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​​សូមបញ្ជាក់ថា​​ វត្ត​បទុម​វ​តី គឺជា​អារាម ដ៏​សំខាន់​មួយ​ក្នុងចំណោម​អារាម​ទាំង​៤.៦៧៦ នៅ​ទូទាំង ប្រទេស ។​អារាម​នេះ មាន​ប្រវត្តិ​ជាប់ទាក់ទង​ទៅនឹង​ការកកើតឡើង​នៃ​រាជធានី​ភ្នំពេញ (​តាម​ព្រះរាជ​ពង្សាវតា​ក្រុង​កម្ពុជា​ធិបតី​)​។ វត្ត​នេះ មាន​បណ្តោយ​ពី​លិចទៅ​កើត ២៦០​ម ទទឹង​ពី​ជើង​ទៅ​ត្បូង​២០២​ម ស្ថិតនៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​​​ចំពោះ​សាលា​ធម្មសភា ដែល​ប្រារព្ធ​ពិធី​ក្រុង​ពាលី សម្ពោធ​នេះ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ មាន​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង ជា​ប្រមុខ បាន​ដង្ហែ​អង្គ​កឋិនទាន​ដ៏​ធំ​មួយ មក វេរ ប្រគេន​ព្រះសង្ឃ​វត្ត​បទុម​វ​តី បាន​បច្ច័យ​សង្កត់​ត្រៃ​សរុប ៤២​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ធម្មសភា ១​ខ្នង ដែលមាន​បណ្តោយ ៤៥​ម៉ែត្រ ទទឹង​២៣​ម៉ែត្រ កំពស់​២៥,៤៩​ម៉ែត្រ​។​

​​ការស្ថាបនា​សាលា​ធម្មសភា​នេះ បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​៨​កើត ខែ​មិគសិរ ឆ្នាំរោង ច​ក្វា​ស័ក ព​.​ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១២ និង​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃ​១​កើត ខែ​ពិសាខ ឆ្នាំមមែ ត្រូវ​នឹង​ថ្ងៃទី​១៨​ខែមេសា ឆ្នាំ​២០១៥ ដោយបាន​ចំណាយ​ថវិកា​សាងសង់ អស់​ចំនួន ៨៦​ម៉ឺន ៥.០០០ ដុល្លារ​។

ស្របពេល​ជាមួយគ្នានេះដែរ ក៏មាន​ការស្ថាបនា កុដិ​លេខ​៣ ដែលមាន​បណ្តោយ​ប្រវែង ១៨,៥៦​ម៉ែត្រ ទទឹង ១៣,៣៩​ម៉ែត្រ កំពស់​១៣,៣១​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់​សរុប​អស់​១៨០.០០០ ដុល្លារ​អាមេរិក​(​មួយរយ​ប៉ែតសិប​ពាន់​ដុល្លារ​អាមេរិក​) និង​កុដិ​លេខ​២២ មាន​បណ្តោយ​ប្រវែង​២២​ម៉ែត្រ ទទឹង​៩,៥០​ម៉ែត្រ កំពស់​១៦​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់​សរុប​អស់​ចំនួន​១៥​ម៉ឺន​ដុល្លារ ដែល​នឹងត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ​ជាមួយនឹង​ពិធី​សម្ពោធ​ឆ្លងសាលា​ធម្មសភា​ផងដែរ​។

របាយការណ៍​បាន​បញ្ជាក់ថា ថវិកា​ចំណាយ​សរុប​លើ​ការកសាង​កុដិ ទាំងពីរ​នេះ អស់​ចំនួន ៣៣​ម៉ឺន​ដុល្លារ ដែល​ក្នុងនោះ​ថវិកា​ប្រមាណ​៦០% បានមកពី​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ក្រុមគ្រួសារ​។

ជារួម សមិទ្ធផល​ដែល​ត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ និង​ប្រារព្ធ​ពិធី សម្ពោធ​ឆ្លង​ខាងលើនេះ គិត​ជា​ថវិកា​ចំណាយ​សរុប​អស់​ចំនួន ១.១៩៥.០០០ ដុល្លារ (​មួយ​លាន មួយ​សែន ប្រាំបួន​ម៉ឺន ប្រាំ​ពាន់​ដុល្លារ​) ក្នុងនោះ​ថវិកា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សរុប​ចំនួន ៦០៣. ០០០ ដុល្លារ (​ហុកសិប​ម៉ឺន បី​ពាន់​ដុល្លារ​) ដោយ​បូករួម​ថវិកា​របស់​មហា ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ប៊ុន ស៊ា​ង​លី និង​ក្រុមគ្រួសារ ចូល​កសាង​គំនូរ ប​ល្ល័​ង្គ និង​ព្រះ​ពុទ្ធរូប ស្ពាន់ សរុប អស់​ថវិកា​ចំនួន ១៨៣.០០០​ដុល្លារ (​មួយ​សែន​ប្រាំបី​ម៉ឺន បី​ពាន់​ដុល្លារ​)​ផងដែរ​។​

ដោយឡែក​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម ចំណែក ក្នុង​ការកសាង​សាលាធ​ម្ម​សភា និង​កុដិ​ទាំងពីរ​ខ្នង​ខាងលើ សរុប​ថវិកា​ចំនួន ៥៩​ម៉ឺន ២.០០០​ដុល្លារ អាមេរិក​។​

​ ​គួរ​បញ្ជាក់ថា​៖​មូល​ហេតុដែល​នាំឱ្យមាន​ការកសាង​សាលា​ធម្មសភា​ថ្មី​នេះ គឺ​ដើម្បី​សម្រួល ដល់​ព្រះ​ភិក្ខុសង្ឃ និង​ពុទ្ធបរិស័ទ ក្នុងការ​ប្រារព្ធ​ពិធី​បុណ្យទាន​ផ្សេងៗ ឱ្យបាន​ងាយស្រួល និង​ដោយ​វត្ត​បទុម​វ​តី មិនអាច​បំពេញតម្រូវកា​រ​ព្រះ​ភិក្ខុសង្ឃ និង​ពុទ្ធបរិស័ទ​បាន​ដោយ​សាលាឆាន់​ចា​ស់មានភាព​តូចចង្អៀត សម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ រាជធានី​ភ្នំពេញ បានសម្រេច​ព្រះទ័យ រុះរើ​ឧបដ្ឋានសាលា​ចាស់ និង​កសាង​ឧបដ្ឋានសាលា​ថ្មី​នេះ​ឡើង ដោយមាន​ការឧបត្ថម្ភ​ជ្រោមជ្រែង​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បី​ថ្វាយ​ចំពោះ​ព្រះពុទ្ធសាសនា និង​បំពេញតម្រូវការ​របស់​ព្រះ​ភិក្ខុសង្ឃ ក៏ដូចជា​ប្រជា ពុទ្ធបរិស័ទ គ្រប់​មជ្ឈដ្ឋាន​។​

​​​ការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី នា​រសៀល​នេះ មានការ​ចូលរួម​ជួបជុំ​ពី​ក្រុមគ្រួសារ​របស់​សម្តេច និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ធ្វើ​បទ​នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល បន្ទាប់មក​ក៏បាន​និមន្ត​សម្តេច និង​ព្រះសង្ឃ ចំនួន​៩២​អង្គ ចម្រើន​ព្រះ​បរិត្ត និង​សំដែង​ធម្ម​វិសេស​ទេសនា​។ លុះដល់​ពេលយប់​ក៏​នឹងមាន​ពិធី​ពុទ្ធា​ភិ​សេក ព្រះពុទ្ធ​បដិមា​ចំនួន​១០​ព្រះអង្គ​ផងដែរ​៕