សមត្ថកិច្ច​​ចរាចរណ៍​ថា​នឹង​ចាប់​ផាក​ពិន័យ​ដោយ​គ្មាន​លើកលែង​ចំពោះ​ករណី​បើកបរ​ភ្លេច​យក​ឯកសារ​ភ្ជាប់​ខ្លួន

591

ភ្នំពេញ ​៖ ​មន្ត្រីនគរបាល​ចរាចរណ៍​ ថ្លែងថា​ សម្រាប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ថ្ងៃទី​១ ​ខែមករា​ឆ្នាំ​២០១៦ ​ខាងមុខនេះ  ​នគរបាល​ចរាចរណ៍​ប្រចាំការ​នៅតាម​ដងផ្លូវ ​នឹង​ត្រួតពិនិត្យ​ចាប់​ផាក​ពិន័យ​ចំពោះ​អ្នកបើកបរ​ណា​ដែល​ធ្វើដំណើរ ​អត់​មាន​ពាក់មួក​សុវត្ថិភាព ​និង​ប័ណ្ណ​បើកបរ​ ជាមុន​គេ​ បើ​ទោះ​អ្នក​បើក​បរ​នោះ​សារភាពថា​ បាន​ភ្លេច​ឯកសារ​ប័ណ្ណបើកបរ​យ៉ាង​ណាក៏ដោយ​។

នៅក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដែល​មាន​តំណាង​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ នា​ព្រឹក​ថ្ងៃទី​១៨ ខែ ខែធ្នូ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន ថ្លែងថា ​ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ គ្រប់​អ្នកបើកបរ​ទាំងអស់ ​ត្រូវ​តែទៅ​ស្វែងរក​ការរៀនសូត្រ​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ ​ដើម្បី​ទទួល​បាន​ប័ណ្ណ​បើកបរ​នោះ​ទាំងអស់គ្នា ​ហើយ​ឯក ឧ​ត្ត​ម បាន​បន្ថែមថា​ អ្នក​ដែល​បើកបរ​គ្មាន​របៀបរៀបរយ បើក​ជែង មិ​ន​គោរព​ច្បាប់ ​បង្ក​ឲ្យ​មាន​កកស្ទះ​ គឺជា​មិនបាន​ទៅ​រៀនសូត្រ​ស្វែង​ពី​របៀប​បើកបរ​  និង​គ្មាន​ការ​អនុគ្រោះ​ចំពោះ​អ្នកបើកបរ​ដទៃទៀត​។ សម្រាប់​ការផាកពិន័យ​ចំពោះ​អ្នក​បើករ​ខុសច្បាប់​ចរាចរណ៍​នោះ​ គឺ​នគរបាល​ចរាចរណ៍​ប្រចាំការ​នៅ​តាម​ដងផ្លូវ ​ត្រូវ​សរសេរ​ចេញ​វិក្កយបត្រ​ផាក​ពិន័យ​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់​ ដើម្បី​ឲ្យ​គេ​ទៅ​បង់ប្រាក់​ផាក​ពិន័យ​នៅ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ដែល​នៅ​ជិត​មូលដ្ឋាន​របស់​គេ​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យាន ថ្លែងថា​ អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​នៅតាម​ផ្លូវ ​ខណៈ​ទទួលបាន​ប្រាក់​វិក្កយបត្រ​ផាក​ពិន័យ​ពី​កង​កំលាំង​នគរបាល​ចរាចរណ៍​ប្រចាំការ​នៅ​តាម​ដងផ្លូវ ​ករណី​មិន​ព្រម​ទៅ​បង់ប្រាក់​នៅ​តាម​ប៉ុស្តិ៍​នគរបាល​ក្នុង​រយៈពេល​ក្រោយ​៣០​ថ្ងៃ ​គឺ​ត្រូវ​បង់​គុណ​នឹង​ពីរ ​ករណី​មិន​បង់​ក្រោយ​៦០​ថ្ងៃ ​គឺ​ត្រូវ​បង់​គុណ​នឹង​បី ​និង​ក្នុង​ករណី​មិន​បង់​ក្រោយ​៩០​ថ្ងៃ ​នគរបាល​នឹង​ចង់​ក្រង​បណ្តឹង​ឡើង​ទៅ​តុលាការ​ដើម្បី​ចាត់​វិធាន​ទៅតាម​ផ្លូវច្បាប់​។

សម្រាប់​ការអនុវត្ត​ច្បាប់​ថ្មី​នេះ គេ​រំពឹងថា ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​នឹង​មាន​កា​រ​ធ្លាក់​ចុះ​ខ្លាំង ។ របាយការណ៍​ បញ្ជាក់ថា  ​នៅ​ទូទាំង​ឆ្នាំ​២០១៥​នេះ ចំនួន​អ្នករងគ្រោះថ្នាក់​ចរាចរ​ណ៍​មាន​ស្លាប់​និង​របួស​ បាន​កើត​មាន​៩៧៧៥​នាក់ បើ​ធ្វើការ​ប្រៀបធៀប​ចំនួន​អ្នក​រងគ្រោះថ្នាក់​គឺ​បាន​ធ្លាក់​ចុះ​៤៤០​នាក់​ស្មើរ ៤% ក្នុង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២២៦៥​នាក់​កើន​ឡើង​១១៧​នាក់​ស្នើ​៥% ក្នុង​នោះ​មាន​ជនបរទេស​២០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​កន្លង​មកនេះ ​ហើយ​គិត​ជា​មធ្យម​ក្នុង​ថ្ងៃ​ស្លាប់​ក្នុង​រង្វង់​៦​នាក់​ និង​មាន​របួស​ក្នុង​រង្វង់​២០​នាក់​៕

new-logo-sokchea33-29-15-7478655