អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់​ជនសង្ស័យ​២​នាក់​ករណី​កាច់​សោ​រក​ម៉ូតូ​

267
អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់​ជនសង្ស័យ​២​នាក់​ករណី​កាច់​សោ​រក​ម៉ូតូ​

ភ្នំពេញ​ ៖ ​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​កំលាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ពួកគេ​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀប​ភ្លឺ ថ្ងៃទី​១៩​ខែ​ធ្នូ​ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​ TELA តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឫទ្ធី​ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ទាំង​២​នាក់ ទី​១​ឈ្មោះ សឿន ​គឹម​សាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ទី​២​ឈ្មោះ មឿ​ន​ សាវឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ជិន សត្យា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយ​ចង្វារ​។​

ប្រភព​ពី​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​ជនសង្ស័យ​ផ្លោះ​របង​ចូល​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​របស់​គាត់​នៅ​កន្លែង​ដែល​បុគ្គលិក​ក្រុមហ៊ុន​TELA ​ទុក​មាន​ចំនួន​៤​គ្រឿង ដោយ​ជនសង្ស័យ​ប្រើ​ឧបករណ៍​កែច្នៃ មាន​ដូច​ជា សោ​ខ្សៀ ដែក​ចុង​ស្រួច និង​ដែក​ច្នៃ​សំរាប់​ឆ្កឹះ​​កែបម៉ូតូ ខណៈ​កំពុង​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ រូប​គាត់​បាន​ក៏​រាយការណ៍​ប្រាប់​អាវុធហត្ថ​ខណ្ឌ​សែន​សុខ អោយ​ជួយ​អន្តរាគមន៍​។​

ចំណែក​លោក ព្រុំ​ ស័​ក្តា​ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បាន​អោយ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ជនរងគ្រោះ​លោក​ក៏​បាន​ដឹកនាំ​បញ្ជា​កំលាំង​របស់​លោក​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បានតែ​ម្តង​រួម​ទាំង​វត្ថុ​តាង​សម្រាប់​ធ្វើ​សកម្មភាព​មួយចំនួន​ផង​ដែរ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​អាវុធហត្ថ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​ទាំងពីរ​នាក់​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ករ​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​៕​