ប៉េតង់៖ ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី១៩ ដែលទើបបញ្ចប់ការប្រកួតកាលពី ចុងសប្ដាហ៍មុននេះក្រុមកីឡាករ-កីឡាការិនីកីឡាប៉េតង់កម្ពុជាដណ្ដើមបានមេដាយសរុប ៩គ្រឿងជូនប្រទេសជាតិរបស់ខ្លួនក្នុងនោះមានមេដាយមាស១, ប្រាក់៣ និងមេដាយសំរឹទ្ធ ៥គ្រឿង។
ការប្រកួតនេះបានធ្វើឡើង ៣ថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូកន្លងទៅ នៅលើទីលានពហុកីឡដ្ឋានជាតិ។ ជាលទ្ធផលមានតែកីឡាករ សុខ ចាន់មាន ម្នាក់គត់ដែលដណ្ដើមបានមេដាយមាសជូនប្រទេសកម្ពុជាលើវិញ្ញាសាវាយយពិន្ទុ។ ដោយឡែកកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសពិភពលោក ២សម័យកាលលើវិញ្ញាសាវាយយកពិន្ទុនារីនោះ បានប្រកួតចាញ់កីឡាការិនីវៀតណាមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ។ ចំពោះមេដាយប្រាក់ទាំង ៣គ្រឿងវិញ គឺកម្ពុជាទទួលបានលើវិញ្ញាសាជាក្រុម និងវាយយកពិន្ទុយុវជនដូចជាវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់នារី និងវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ផ្នែកយុវជន គឺកម្ពុជាចាញ់ថៃក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។ ចំណែកវិញ្ញាសាវាយយកពិន្ទុផ្នែកយុវជនកីឡាករវ័យក្មេង មួង ទិត្យម៉ាណែត បានប្រកួតចាញ់កីឡាករចិនតៃប៉ិក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ហេតុនេះបើគិតពីចំណាត់ថ្នាក់មេដាយសរុបកម្ពុជាបានត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ ខណៈក្រុមអត្តពលិកថៃជាប់លេខ១ ព្រោះថៃដណ្ដើមបានមេដាយមាសច្រើនជាងគេរហូតដល់ទៅ ៤គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង។ ចំណែកក្រុមអត្តពលិកចិនតៃប៉ិជាប់លេខ៣ ដោយសារការដណ្ដើមបានមេដាយមាស ១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុផ្នែកយុវជន។ ថ្លែងក្នុងពិធីបិទការប្រកួតខាងលើ ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នេះជាមោទនភាពដែលកម្ពុជាទទួលបានសិទ្ធិរៀបចំ ធ្វើជាម្ចាស់ផ្ទះកីឡាប៉េតង់ជើងឯកអាស៊ី ដោយជោគជ័យ ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងពីភាពរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា រួមទាំងវិស័យ កីឡាផងដែរ។ លើសពីនេះឯកឧត្តមក៏បានថ្លែងកោតសរសើរ ចំពោះការខិតខំរបស់កីឡាករ-កីឡាការិនីកម្ពុជាផងដែរ ដែលបានខិតខំអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកមេដាយជូនជាតិយ៉ាងច្រើនក្នុងនាមយើងជាម្ចាស់ផ្ទះ ប៉ុន្តែទោះជាយ៉ាងកីឡាករ-កីឡាការិនីគ្រប់រូបត្រូវបន្តការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ជាពិសេសគឺការបង្កើនសមត្ថភាពបណ្ដុះបណ្ដាលថ្នាលយុវជន សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង៕
អត្ថបទ៖ លី ឈុនឡា
ផ្ទះ ព័ត៌មានកីឡា កីឡាជាតិ កម្ពុជាដណ្ដើមបានមេដាយសរុប ៩គ្រឿងពីការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើទឹកដីខ្លួន