កាត់ទោស​និស្សិត​ច្បាប់​អា​រក​សម្លាប់​សង្សារ​ព្រោះ​ភ្លើង​ប្រច័ណ្ឌ​

510

ភ្នំពេញ៖ តុលាការ​កំពូល កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ បើកសវនាការ​កាត់ទោស​បុរស​ម្នាក់​ជា​និស្សិត​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ពាក់ព័ន្ធ​ការ​អា​រក​.​សម្លាប់​សង្សារ​ព្រោះ​ភ្លើង​ប្រច័ណ្ឌ។​

ជនជាប់ចោទ​ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ អាយុ​២៤​ឆ្នាំ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្ដន្ទាទោស​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១១ នៅ​ចំណុច​ផ្ទះសំណាក់​ហង្ស​នាគ ក្នុង​បន្ទប់​លេខ​១៤ ផ្លូវ​លេខ​៥០២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

តាម​អង្គហេតុ​គឺ ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ បាន​នាំ​សង្សារ​ឈ្មោះ ហៃ ស្រី​ទូច អាយុ​២៣​ឆ្នាំ ទៅ​ដេក​ក្នុងផ្ទះ​សំណាក់ ។ លុះ​ក្រោយពេល​លង់លក់ ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ ក៏​យក​កាំបិត​ដែល​លាក់​ទុក​ចាក់​លើ​ពោះ​សង្សារ​ជាច្រើន​កាំបិត និង​អារ​.​ក​សម្លាប់​តែម្តង​។​

ដោយឡែក ក្នុង​សវនាការ​តុលាការ​កំពូល ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ បាន​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន តែ​សូមឱ្យ​តុលា​ការជួយ​បន្ធូរ​បន្ថយទោស ព្រោះ​ការ​សម្លាប់​នេះ​ដោយសារ​ខឹង​នឹង​ជនរងគ្រោះ​លួច​មាន​សង្សារ​ថ្មី ។​

ដោយឡែក លោក ឈួន ចាន់ថា តំណាង​មហាអយ្យការ បាន​សន្និដ្ឋាន​តម្កល់​ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ទុកជាបានការ​ដដែល​។​

ទោះបីយ៉ាងណា ក្រោយ​ការសួរដេញដោល លោក​ចៅក្រម ឃឹម ប៉ុណ្ណ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃទី​៣០ ខែធ្នូ ខាងមុខនេះ​វិញ ៕​