​​មន្ត្រី​ជំនាញ​ថ្លែង​ថា ​មកដល់ពេលនេះ មាន​អាជ្ញាធរ​ស្រុក​ខ័ណ្ឌ​ជាច្រើន​នៅ​ពុំ​ទាន់​យល់ដឹង​ពី​តួនាទី​របស់​មណ្ឌល​សេវា​យុត្តិធម៌​

199

ភ្នំពេញ ៖ ប្រធាន​នាយកដ្ឋាន​សន្ធានកម្ម​និង​យុត្តិធម៌​មូលដ្ឋាន​របស់​ក្រសួងយុត្តិធម៌ ​លោក​ សុខ​ បូរ៉ា ថ្លែង​ថា ​មកដល់ពេលនេះ​នៅ​មាន​អាជ្ញាធរ​ក្រុង ​ស្រុក ខ័ណ្ឌ​ជាច្រើន​ នៅ​ពុំ​ទាន់​បាន​យល់​ច្បាស់​អំពី​តួនាទី​របស់​មណ្ឌល​សេវា​វា​យុត្តិធម៌ ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​ថ្នាក់​មូលដ្ឋាន​។

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ព័ត៌មាន​មណ្ឌល​សេវា​យុត្តិធម៌ និង​ច្បាប់​មូលដ្ឋាន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​​ថ្ងៃទី​២២​ខែធ្នូ​នេះ ​លោក​ សុខ​ បូរ៉ា​ថ្លែង​ថា​ ការដែល​អាជ្ញាធរ ក្រុង​ស្រុក​ខ័ណ្ឌ ​ពុំ​បាន​យល់​ច្បាស់​ពី​តួនាទី​របស់​មណ្ឌល​សេ​វា​យុត្តិ​យុត្តិធម៌​គឺ​មកពី​គេ​មាន​កិច្ចសហការ​មិន​ទាន់​បាន​ល្អ ជាមួយ​មណ្ឌល​សេវា​យុត្តិធម៌ គឺ​គេ​គិតថា មណ្ឌល​សេវា​យុត្តិធម៌​ចូល​ទៅ​ដណ្ដើម​ការងារ​ផ្នែក​យុត្តិធម៌​ដែល​ខ្លួន​ធ្លាប់​គ្រប់គ្រង​ពីមុន​។

លោក បន្ត​ថា​ អាជ្ញាធរ​ខ្លះទៀត បាន​ទទួល​ស្គាល់​មណ្ឌល​សេវា​យុត្តិធម៌​តាម​ការ​ស្នើសុំ​ពី​ថ្នាក់​ជាតិ តែ​បាន​ដាក់​មណ្ឌល​សេវា​យុត្តិធម៌​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន គឺ​ថ្នាក់​ស្មើនឹង​ការិយាល័យ​ជំនាញ ហើយ​រាល់​ការងារ​ទាំងអស់​ត្រូវ​ឆ្លងកាត់​រដ្ឋបាល​ក្រុង​ក្រុង​ស្រុក​ខ័ណ្ឌ និង​មាន​ការងារ​ត្រួតពិនិត្យ​ពី​អភិបាលរង​ទទួលបន្ទុក ព្រមទាំង​បំពេញភារកិច្ច​ក្នុងនាម​ជា​អាជ្ញាធរ​ក្រុង​ស្រុក​ខ័ណ្ឌ​។

មណ្ឌល​សេវាកម្ម​យុត្តិធម៌ ដែល​កន្លងមក​ត្រូវ​បាន​គេ​ដឹង​ថា កន្លែង​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ​ដែល​ធ្វើឡើង​ដើម្បី​សម្របសម្រួល​វិវាទ​ ដោះស្រាយ​វិវាទ និង​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ ​និង​ការកាត់បន្ថយ​ការ​ប្តឹងផ្តល់​របស់​ប្រជាជន​ទៅកាន់​តុលាការ​ជៀសវាង​ការ​ចំណាយ​ថវិកា​ច្រើន ​ហើយ​បាន​បង្កើត​តាំងពី ខែធ្នូ​ឆ្នាំ​២០០៦​មក​នោះ មកដល់ពេលនេះ ក្រសួងយុត្តិធម៌​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​បាន​ពង្រីក​បាន​៤០​កន្លែង​នៅក្នុង​១០​ខេត្ត​រាជធានី​ផ្សេងៗ​គ្នា​។

លោកជំទាវ ប៉ែន សុមេធា អគ្គនាយក អគ្គនាយកដ្ឋាន​កិច្ចការ​រដ្ឋប្បវេណី​ ក្រសួងយុត្តិធម៌ លើក​ឡើង​ថា បញ្ហា​នេះ​ក្រសួងយុត្តិធម៌ មាន​ព្រួយបារម្ភ​ខ្លាំង ប្រសិនបើ​កិច្ចសហការ​របស់​អាជ្ញា​ធរ​ ជាមួយ​មណ្ឌល​សេវា​យុត្តិធម៌​តាម​មូលដ្ឋាន​មិនបាន​ល្អ​ប្រសើរ​ទេ​នោះ​។​

គួរ​បញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៥​បាន​ដោះស្រាយ​វិវាទ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជិត​៤០០០​សំណុំ​រឿង​ក្នុង​សំណុំរឿង​វិវាទ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ជិត​៧០០​នាក់​ត្រូវ​បាន​ចូលរួម​ដោះស្រាយ​៕​