សង្វាក់​ផលិតកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ខូចខាត​ធ្ងន់ធ្ងរ​មិនអាច​គណនា​បាន​

258

ភ្នំពេញ​៖​ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បន្ទាប់ពី​មាន​សកម្មភាព​បាតុកម្ម​ប្រកបដោយ​ហឹ​ង្សា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ហើយ​ក្នុងនាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច ក៏ដូចជា​រាជរដ្ឋាភិបាល​ចាត់វិធានការ​ទៅតាម​ច្បាប់ គឺ​អ្នកណា​ធ្វើ​ខុស​ត្រូវតែ​ទទួលទោស​។​

លោក​កាំ​ង ម៉ូ​នី​កា បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ មុននេះ​ថា មកដល់ពេលនេះ យើង​ពិបាក​នឹង​វាយតម្លៃ​អំពី​ការខូចខាត​ទាក់ទង​ទៅនឹង​អំពើហិង្សា​ដែល​ផ្ដើមឡើង​ដោយ​ក្រុម​ជ្រុលនិយម​នោះ​ណាស់ ពីព្រោះ​ការខាតបង់​មាន​ចំនួន​ច្រើនណាស់ ទី​១​គឺ​ការខាតបង់​ទៅលើ​សម្ភារៈ​អគារ​ដែលជា​ការ​វាយបំផ្លាញ​របស់​ក្រុម​ទាំងនោះ ទី​២​ការខូចខាត​ផ្នែក​ផលិតកម្ម​ដែល​ធ្វើ​ឲ្យ​យើង​មិនអាច​ផលិត​បាន ទី​៣​សកម្មភាព​ទាំងនោះ​បានធ្វើ​ឲ្យ​យឺតយ៉ាវ​ទៅដល់​ការបញ្ជូន​ទំនិញ ក៏ដូចជា​ការបញ្ជា​ពី​អ្នកបញ្ជា​ទិញ​ជាដើម ហើយ​យើង​មិនដឹងថា នឹង​អាច​ចូលធ្វើការ​វិញ​នៅពេលណា​ពិតប្រាកដ ឬ​ត្រូវ​បន្ថែម​ម៉ោង​ធ្វើការ​យ៉ាងម៉េច​ដើម្បី​ឲ្យ​ត្រូវ​ពេលវេលា​។​ប្រសិនបើ​ដឹក​តាម​កប៉ាល់ មិនបាន​នោះទេ តើ​យើង​នឹង​អាច​ដឹក​តាម​យន្ដហោះ​ឬ​យ៉ាងណា ដូច្នេះ​នេះ​គឺជា​បញ្ហា​ចំពោះ​រោងចក្រ​។​

លោក​កាំ​ង ម៉ូ​នី​កា បានបញ្ជាក់​ទៀតថា អ្វីដែល​ជាការ​ខូចខាត​ពិសេស​ទៀត​នោះ គឺ​ការខូចខាត​ទៅលើ​កេរ្ដិ៍ឈ្មោះ​របស់​រោងចក្រ ពីព្រោះ​ការរក​សី​ុ​នៅក្នុង​ប្រទេសមួយ ឬ​នៅក្នុង​ខេត្ដ​មួយ​ក្រោយពី​មាន​ស្ថានការណ៍​បែបនេះ ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​ចាត់ទុកថា ជា​កន្លែង​មួយ​ដែល​គ្មាន​ស្ថិរភាព ដូច្នេះ​យើង​មិនអាច​ដឹងថា នៅ​ឆ្នាំក្រោយ​គេ​នឹងត្រូវ​ដក​ការបញ្ជាទិញ​យ៉ាងណា ដូច្នេះ​បញ្ហា​ទាំងអស់នេះ​គឺជា​អ្វីដែល​យើង​មិនអាច​ដឹងបាន ហើយ​ពិបាក​គណនា​ចេញ​ជា​ចំនួន​តួលេខ​ពិតប្រាកដ តែ​លោក​បាន​បញ្ជាក់ថា ការ​ខូច​ខា​ច​មាន​ទំហំ​ធ្ងន់ធ្ងរ​។​

តាម​លោក​កាំ​ង ម៉ូ​នី​កា អះអាងថា ការទាមទារ​របស់​ក​ម្មករ​ទាំងនោះ​ជាដំបូង​គឺ​ទាមទារ​ដំឡើង​២០​ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​ចំនួន​១២៨ ឲ្យ​ឡើង​ទៅដល់​១៤៨​។

លោក​បន្ដថា គណៈកម្មការ​ត្រីភាគី​បាន​ចរចា​គ្នា​រួចហើយ​ថា​ត្រូវ​ដំឡើង​ដល់​១៤០​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៦ តែ​កម្មករ​បានទាមទារ​ប​ន្ថែ​ម​ទៀត​រហូតដល់​១៤៨​។

តាម​លោក​កាំ​ង ម៉ូ​នី​កា អះអាងថា ការទាមទារ​នោះ​ផ្ដើមចេញពី​ក្រុម​ខិលខូច​មួយចំនួន ដែល​ដំបូង​ផ្ដើមចេញពី​រោងចក្រ​មួយ ហើយក៏​មិនមែន​កម្មករ​ទាំងអស់​នៅក្នុង​រោងចក្រ​ចេញមក​តវ៉ា​ដែរ គឺមាន​មួយក្រុម​តូច​ប៉ុណ្ណោះ​បាន​ដើរ​បំផុសបំផុល អុកឡុក ធ្វើ​ឲ្យ​រោងចក្រ​មួយ​ទាំងមូល​ធ្វើការ​លែងកើត ហើយ​ជា​យុទ្ធសាស្ដ្រ​ដើម្បី​ឲ្យ​ការទាមទារ​នោះ​មាន​សភាព​ខ្លាំងក្លា ពួកគេ​បាន​ដើរទៅ​រំខាន​ដល់​រោងចក្រ​ដទៃ​ផ្សេងៗ​ទៀត​ដោយ​ប្រើ​ដុំថ្ម​គប់​ទៅកាន់​រោងចក្រ​មួយចំនួន​ដើម្បី​កុំ​ឲ្យ​ធ្វើការ​ហើយ​ចេញមក​ទាមទារ​ដូច​ពួកគេ​ដែរ​។

លោក​បញ្ជាក់ថា សកម្មភាព​គប់​ដុំថ្ម​ទាំងនោះ​បានធ្វើ​ឲ្យ​កម្មការិនី​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ដោយសារតែ​គាត់​ជា​ស្រី ហើយ​បាននាំគ្នា​រត់ចេញ​ប្រ​សេក​ប្រសាច​នាំ​ឲ្យ​មាន​ចលាចល​ពេញ​តំបន់​សេដ្ឋកិច្ច​សេដ្ឋកិច្ច​មេន​ហា​ថេ​ន នៅ​ថ្ងៃទី​១(១៦​ធ្នូ​) ហើយ​នៅ​ថ្ងៃទី​២(១៧​ធ្នូ​) ក្រុម​ខិលខូច​ទាំងនោះ​ក៏បាន​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ថេ​ន​ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង​បន្ថែមទៀត​។​

លោក​អគ្គលេខាធិការរង​បញ្ជាក់ដែរថា នៅក្នុង​តំបន់​នោះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ​២​គឺ​តាយសេង និង​មេន​ហា​ថេ​ន ដែល​ក្នុងនោះ​មេន​ហា​ថេ​ន មាន​ចំនួន​២៦​រោងចក្រ ហើយ​តាយសេង​មាន​១៩​រោងចក្រ ហើយ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ទាំងពីរ​នេះ មាន​ចម្រុះ​វិស័យ​ដែល​ក្នុងនោះ​មានការ​ផលិត​សម្លៀកបំពាក់ ស្បែកជើង ធ្វើ​អំពូល​ភ្លើង សម្ភារៈ​លេង​ស្គី គ្រឿង​កង់ និង​វាំងនន​ជាដើម មិនមែន​មានតែ​លើ​វិស័យ​កាត់ដេរ​មួយ​មុខ​នោះទេ ហើយ​មកដល់​ថ្ងៃ​ចន្ទ មានកម្ម​ករ​បាន​ចូលធ្វើការ​ពេញ​ដោយ​ពួកគេ​មិន​ចង់​ប្រឆាំង​តវ៉ា​ទេ ប៉ុន្ដែ​នៅពេលនោះ​មានកម្ម​ករពី​រោងចក្រ​ស្មា​ត​តិច និង ANJ ដែលជា​រោងចក្រ​ផលិត​កង់​ដែលមាន​ក្រុម​មួយចំនួន​ជា​ក្រុម​ហិង្សា​បានចេញ​ពី​រោងចក្រ​ដើម្បី​ធ្វើ​ការតវ៉ា​បន្ដទៀត ហើយ​ឈានទៅដល់​ការអុកឡុក​ទៅដល់​រោងចក្រ​ផ្សេងទៀត​បង្កចលាចល​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ ដែល​សរុប​មាន​ប្រមាណ​៣​មឺ​ុ​ន​នាក់ ប៉ុន្ដែ​អ្នក​ដែល​ចេញមក​ធ្វើ​នោះ​មាន​ប្រមាណ​៤៥​ពាន់​នាក់​ប៉ុណ្ណោះ តែ​អ្នក​ដែល​ហិង្សា​មាន​តិចតួច​គឺ​ប្រហែលជា​៥០០​ទៅ​១​ពាន់​នាក់​ប៉ុណ្ណោះ​។​

ឆ្លើយតប​សំណួរ​លើ​បញ្ហា​ការបញ្ជាទិញ លោក​កាំ​ង ម៉ូ​នី​កា​បានលើកឡើង​ដែរ​ថា ដោយសារតែ​បញ្ហា​នោះបាន​ធ្វើ​ឲ្យ​ការបញ្ជាទិញ​បាន​ធ្លាក់ចុះ ដោយសារតែ​ស្ថានភាព​បែបនេះ ពីព្រោះ​គេ​ត្រូវ​ពិចារណា​ទៅ​ដា​ក់នៅ​ប្រទេស​ផ្សេង ដែលមាន​ស្ថិរភាព​ជាង​យើង​ដូចជា​វៀតណាម​ជាដើម ហើយ​ការលើកឡើង​នេះ​មិនមែន​ចំពោះតែ​វិស័យ​កាត់ដេរ​គឺ​គ្រប់​វិស័យ​ទាំងអស់​។ ជាមួយនឹង​ការលើកឡើង​ខាងលើនេះ ក្នុងនាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក​បាន​អំពាវនាវ​ដោយ​ខ្លី​មួយ​គឺ​ឲ្យ​សមត្ថកិច្ច ក៏ដូចជា​រាជរដ្ឋាភិបាល​ចាត់វិធានការ​ទៅតាម​ច្បាប់ គឺ​អ្នកណា​ធ្វើ​ខុស​ត្រូវតែ​ទទួលទោស​។​

ជាមួយនិង​ការលើកឡើង​របស់​អគ្គ​លេខាធិការ​ង​នេះ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​បានចេញ​លិខិត​មួយ​ថ្កោលទោស​ចំពោះ​ក្រុម​សហជីព និង​កម្មករ​ជ្រុលនិយម​មួយចំនួន​ដែល​បានធ្វើការ​វាយបំផ្លាញ​រោងចក្រ ញុះញង់ និង​គម្រាមកំហែង​ផ្នែក​សន្តិសុខ​ដល់ក​ម្មករ​និយោជិត​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ដទៃទៀត​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​តាយសេង​នៅ​ក្រុង​បាវិត​ផងដែរ​។​

ទាក់ទង​បញ្ហា​នេះ ការិយាល័យ​យើង​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បានទេ ប៉ុន្តែ​តាម​របាយការណ៍​របស់​សមត្ថកិច្ច ដែល​ការិយាល័យ​យើង​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០១៥ កម្មករ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេ​ន​ក្នុង​ក្រុង​បាវិត មាន​គ្នា​ប្រមាណ​៥០០ នាក់​នៅ​ឈរ​ប្រមូលផ្តុំ​កកកុញ​ខាងមុខ​រោងចក្រ​កៅ​វ៉េ មិន​ព្រម​ចូលធ្វើការ​ប៉ុន្តែ​មិនមាន​ទាមទារ​លក្ខខណ្ឌ​អ្វី​ទេ ហើយ​សមត្ថកិច្ច​បាន​សំណូមពរ​ថា បើ​មិន​ធ្វើការ​អោយទៅ​ផ្ទះ​វិញ កុំ​បង្ក​រកា​រំខាន​ដល់ក​ម្មករ​រោងចក្រ​ដទៃ​ធ្វើការ​។​

របាយការណ៍​បញ្ជាក់ថា នៅពេល​សមត្ថកិច្ច​សំណូមពរ​បែបនេះ កម្មករ​ទាំងនោះ​មិន​ព្រមទៅ​ផ្ទះ ហើយ​ក៏បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​ផ្គើន​នឹង​សំណូមពរ​របស់​សមត្ថ​កិច្ច និង​គប់​ដុំថ្មរ​មកលើ​អាគារ តាមផ្លូវ​និង​សមត្ថកិច្ច​យើង បណ្តាលអោយ​របួស​៥ នាក់ ក្នុងនោះ​ធ្ងន់​១ នាក់​កងរាជអាវុធហត្ថ និង​ស្រាល ៤ នាក់ (​ន​/​ប ២ នាក់ និង​អ​/​ហ ២ នាក់​)​ខូចខាត​រថយន្ត​បាញ់​ទឹក​នគរបាល​១ គ្រឿង​។​ទោះជា​យ៉ាងណា នៅពេលនោះ​សមត្ថកិច្ច​មានការ​អត់ធ្មត់ មិនបាន​បង្ករ​អោយ​កម្មករ​រង​បួស​អ្វី​ទេ​គ្រាន់​សំណូមពរ​អោយទៅ​ផ្ទះ​វិញ​កុំ​បង្ករ​អំពើ​ហឹ​ង្សា​នៅក្នុង​រោងចក្រ​។​

សូមបញ្ជាក់ថា ក្រុមកម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ទាំងពីរ​នោះ បានធ្វើ​កូដកម្ម​ចាប់តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ថែមលុយ​ប្រាក់ខែ​២០ ដុល្លារ​លើ​ប្រាក់ខែ​គោល​១២៨ ដុល្លារ សម្រាប់​ឆ្នាំ​២០១៦​។​ក៏ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ និង​មន្ទីរ​ការងារ​មិន​យល់ស្រប ដោយសារ​ថា​រាជរដ្ឋាភិបាល​បានសម្រេច​រួចហើយ​ថា ប្រាក់ខែ​អប្បបរមា ឬ​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​កាត់​ដេរ​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​១៤០ ដុល្លារ​។​

រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ក្រុម​សមត្ថកិច្ច​បាន​ប្រើ​ឡានទឹក​បាញ់​បំបែក​ការជួបជុំ​របស់​ក្រុមកម្មករ​ទាំងនោះ និង​បាន​ចាប់ខ្លួន​កម្មករ​សរុប​៥៨​នាក់ ក្នុងនោះ​មាន​ប្រុស ២២ នាក់ ប៉ុន្តែ​បាន​ដោះលែង​វិញ​នៅ​ព្រលប់​ថ្ងៃទី​២១ ខែធ្នូ​ដដែល​។​ដោយឡែក កម្មករ​ចំនួន​៤ នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​តាំងពី​ថ្ងៃ​ផ្ទុះ​កូដកម្ម កាលពី​រសៀល​ថ្ងៃទី​១៦​ខែធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ក្រោម​ការចោទប្រកាន់ថា​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។​

លុះ​មកដល់​ម៉ោង​ប្រមាណ​ជាង​៩ ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមកម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេ​ហាត​ធេ​ន​បាន​បន្ត​កូដកម្ម​ទៀតហើយ​បាន​បង្ក​ជា​អំពើ​ហឹ​ង្សា ដោយ​គប់​ដុំថ្ម លើ​សមត្ថកិច្ច​និង​គប់​បំបែក​កញ្ចក់​ឡានទឹករ​បស់​នគរបាល​ចំនួន​១ គ្រឿង​។​អំពើហិង្សា​នោះ បាន​កើតឡើង​នៅពេល​សមត្ថកិច្ច ប៉ូលិស និង​ប៉េអឹម​បាន​បំបែក​ការជួបជុំ​តវ៉ា ដោយ​ប្រើ​ខែល ដំបង និង​ឡានទឹក​។​ក្រោយ​ហេតុការណ៍​នោះ ក្រុមកម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាននាំគ្នា​ទៅផ្ទះ​អស់​។​

ទោះជា​យ៉ាងណា​កិច្ចប្រជុំ​ត្រីភាគី​រវាង​អាជ្ញាធរ​សមត្ថកិច្ច​ថៅកែ​រោងចក្រ និង​សហជីព​កម្មករ ក៍បាន​ធ្វើឡើង​នៅ​សាលាក្រុង​បាវិត​ក្រោយពី​ស្ងប់ស្ងាត់ ហើយ​រហូតដល់​ព្រលប់​ថ្ងៃទី​២២ ខែធ្នូ​ទើបបាន​បិទ​បញ្ចប់​។​កិច្ចប្រជុំ​ត្រីភាគី​បាន​អំពាវនាវ​ឲ្យ​ក្រុមកម្មករ​វិល​ចូលធ្វើការ​ឡើងវិញ ហើយ​បើតាម​លោក ឃុន សុខុម​អ្នកសម្របសម្រួល​សហភាព​ការងារ​កម្ពុជា​ប្រចាំខេត្ត​ស្វាយរៀង ដែល​បាន​ចូលប្រជុំ​ដែរ​បាន​ឲ្យ​ដឹងថា​ក្នុង​កិច្ចប្រជុំ​នោះ តំណាង​ក្រុមហ៊ុន​ថៅកែ​រោងចក្រ​អាជ្ញាធរ សមត្ថកិច្ច និង​សហជីព​កម្មករ​ចំនួន​៤ បាន​ព្រមព្រៀង​រួមគ្នា​ដោយ​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់ វិល​ចូលធ្វើការ​ឡើងវិញ​ហើយ​ចាត់​តំណាង​កម្មករ ដើម្បី​លើកសំណើ​មក​ចរចា ហើយ​សហជីព​បានស្នើ​ឲ្យ​តុលាការ​ដោះលែង​កម្មករ​៤​នាក់​នោះមក​វិញ​។​

ទាក់ទង​បញ្ហា​នេះដែរ លោក ជា ឧ​ត្ត​ម មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ប្រចាំខេត្ត​ស្វាយរៀង​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ថា សំរាប់​ថ្ងៃទី​២៣ ខែធ្នូ មិនមាន​បញ្ហា​អ្វី​កើតឡើង​ទេ ពីព្រោះ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​អនុញ្ញាតិ​ឲ្យ​កម្មករ កម្មការិនី ឈប់សំរាក​ចំនួន​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៣ និង​២៤ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប៉ះគ្នា​ជាមួយ​អាជ្ញាធរ​។ លោក​បញ្ជាក់ថា “​នៅ​ថ្ងៃ​ខានស្អែក​ចូល ឬ​មិន​ចូល​យើង​អត់​អាច​ដឹង​ទេ ប៉ុន្តែ​ការទាមទារ​របស់​ពួកគាត់​មាន​សន្ទុះ​ច្រើន​”​។​

លោក ជា ឧ​ត្ត​ម បាន​ឲ្យ​ដឹង​ដែរ​ថា សំរាប់​ការទាមទារ​រ​បស់​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នៅ​បាវិត​នោះ សហជីព​របស់លោក​មិនបាន​ដឹកនាំ​ធ្វើ​ទេ ហើយ​សហជីព​លោក ក៍បាន​បដិសេធ​ចំពោះ​កូដ​ករ​ណា​ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា “​យើង​សូមបញ្ជាក់ថា សហជីព​យើង​អត់​បាន​ចូលរួម​ទេ ហើយ​អ្នកដឹកនាំ​មិនមែនជា​សម​ជិ​ក​សហជីព​យើង​ដែរ ហើយ​ខ្ញុំ​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ធ្វើយ៉ាងណា​ជួយ​សំរួល និង​ពន្យល់​ដល់ក​ម្មករ​ឲ្យ​យល់​ពី​របៀប​នៃ​ការដំឡើង​ប្រាក់​ឈ្នួល ជាពិសេស​ឲ្យ​គាត់​យល់​ពី​ផ្លូវច្បាប់ ពីព្រោះ​ពេលនេះ​ខ្ញុំ​ឃើញ​ពួកគាត់​កំពុងតែ​តែលតោល ហើយក៍​អត់​មាន​អ្នកណា​ដឹកនាំ​គាត់​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​”៕