ក្រុម​គ្រួសារ​លោក ថោង សារ៉ាត់ ជាប់ទោស​រឿង​រក្សាទុក​អាវុធ​ខុសច្បាប់​ដដែល​

455

ភ្នំពេញ ៖ ក្រុម​គ្រួសារ​លោក ថោង ​សារ៉ាត់ រួមមាន ម្តាយ ឪពុក និង លោក ថោង សារ៉ាត់​ត្រូវ​បាន​សាលាឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល ក្នុង​សំណុំរឿង​រក្សាទុក​អាវុធ​ខុសច្បាប់​វែង​ខ្លី​ចំនួន​១១​ដើម ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោកស្រី ទិ​ត​សុ​ទ្ធី ​បូរ៉ា​លក្ខណ៍ សម្រេច​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​សំអាង​ថា ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​មាន​លក្ខណៈ​ត្រឹមត្រូវ​ហើយ ។ ការសម្រេច​នេះ គឺ​ធ្វើ​ឡើង​ដោយ​កំបាំងមុខ​ជនជាប់ចោទ​ទាំង​៣​នាក់ តែ​ចាត់ទុកជា​ចំពោះមុខ ព្រោះ​សវនាការ​កន្លងទៅ ចៅក្រម​ធ្លាប់​ប្រាប់​ពី​កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា​រួចហើយ ។​

ទោះ​បី​យ៉ាង​ណា ជនជាប់ចោទ​មាន​សិទ្ធិ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​រយៈពេល​១​ខែ ប្រសិនបើ​មិន​សុខ​ចិត្តនឹង​ការសម្រេច​នេះ ។​

បើ​តាម​ការ​បញ្ជា​ក់​រប​ស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ បាន​ឱ្យ​ដឹង​ថា ជនជាប់ចោទ​ទាំង​៣​នាក់ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ បាន​ដាក់​ពាក្យ​ស្នើ ដោយ​សំណូមពរ​ឱ្យ​មេធាវី​ស្តាប់​ការប្រកាស​សាលដីកា​ជំនួស ។​

គួរ​រំលឹក​ថា ឪពុកម្ដាយ​ឧកញ៉ា​ថោង ​សារ៉ាត់​គឺ អ្នកស្រី កែវ សារី និង លោក ថោង ចំរើន ហៅ​តាំង ចំរើន ត្រូវ​បាន​លោក ឃី ឆៃ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ ផ្ដន្ទាទោស​២​ឆ្នាំ​និង​ពិន័យ​៦​លាន​រៀល ពី​បទ​រក្សាទុក​អាវុធ​ខុសច្បាប់​វែង​ខ្លី​ចំនួន​១១​ដើម តាម​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ ។ ក្នុង​នោះ តុលាការ​ក៏បាន​ផ្ដន្ទាទោស ឧកញ៉ា ថោង សារ៉ាត់ ​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ និង​ពិន័យ​៦​លាន​រៀល ក្នុង​បទល្មើស​ដូច​គ្នា​នេះ​ផង​ដែរ ។ ប៉ុន្តែ​ពួកគាត់​បាន​ប្ដឹង​ឧទ្ធរណ៍ ៕​