លោកជំទាវ ​ម៉ែន សំអន​ ហៅ​ការ​បរិច្ចាគ​ឈាម គឺជា​ការ​សាង​បុណ្យ​កុសល​ដ៏​ធំ​មួយ ​សម្រាប់​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ​

395
លោកជំទាវ ​ម៉ែន សំអន​ ហៅ​ការ​បរិច្ចាគ​ឈាម គឺជា​ការ​សាង​បុណ្យ​កុសល​ដ៏​ធំ​មួយ ​សម្រាប់​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស

ភ្នំពេញ ៖ ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ​ម៉ែន ​សំអន​ ហៅ​ការ​បរិច្ចាគ​ឈាម គឺជា​ការ​សាង​បុណ្យ​កុសល​ដ៏​ធំ​មួយ ​សម្រាប់​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ​ខណៈដែល​ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​ រៀបចំ​ពិធី​ បរិច្ចាគ​ឈាម​។

នាព្រឹក​ថ្ងៃទី​២៤ ​ធ្នូ ​ឆ្នាំ​២០១៥​ នេះ​ នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ​ថ្នាក់​ដឹក​នាំ​មន្ត្រីរាជការ​ក្នុង​ស្ថាប័ន​នេះ ​ និង​ថ្នាក់ដឹកនាំ​ ​យុវជន​ក្នុង​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ព្រម​ទាំង​ថ្នាក់ដឹកនាំ​បុគ្គលិក​អង្គការ​អ៊ី​គ័ន​តាវ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ សរុប​ប្រមាណ​ជាង​១០០​នាក់​ បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​របស់​ខ្លួន ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​បាន​ជួប​គ្រោះ​ឧប្បត្តិហេតុ​ផ្សេងៗ ​ខណៈ​តម្រូវការ​ឈាម​កំពុង​មាន​អត្រា​ខ្ពស់​។

ថ្លែង​ទៅកាន់​អ្នកចូលរួម​បរិច្ចាគ​ឈាម​ក្នុង​ឱកាស​នោះ ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ​ម៉ែន ​សំអន​ រដ្ឋ​មន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច ​បាន​ហៅ​ការ​បរិច្ចាគ​ឈាម​នេះ គឺ​ជា​ការ​សាង​បុណ្យ​កុសល​ដ៏​ធំ​មួយ ​សម្រាប់​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។លោកជំទាវ ​បញ្ជាក់​ទៀត​ថា ​ការ​បរិច្ចាគ​ឈាម​ដែល​កើត​ចេញពី​សេចក្ដី​អាណិត​ស្រឡាញ់ និង​គុណធម៌ ​បាន​ចូល​ជ្រួតជ្រាប​ដល់​ក្រអៅបេះដូង​ជន​ជាតិខ្មែរ​គ្រប់រូប​។

លោកជំទាវ​ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់ ​ព្រះសង្ឃ ​សិស្ស​ និស្សិត ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ក្តី​អាណិត ​ស្រឡាញ់​ហើយ​អំណោយ​ជា​ឈាម​នេះ​ គឺជា​មហា​បុណ្យ​កុសល​ដ៏​ធំ​ ព្រោះ​បា​ន​សង្គ្រោះ​ជីវិត​មនុស្ស​។

ឯកឧត្តម ​ហ៊ុន ​ម៉ា​នី ​ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ក៏បាន​លើកឡើង​ដែរ​ថា​ សកម្មភាព​របស់​យុវជន​ក្នុង​ថ្ងៃនេះ ​ស្ថិត​ក្នុង​គុណ​តម្លៃ​តែមួយ​នៃ​ស្មារតី​២​ធ្នូ គឺ​ការ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ​ភាតរភាព​រវាង​គ្នា​ នឹង​គ្នា សាមគ្គីភាព​ជាតិ ​ក្នុង​អត្ថន័យ​តែមួយ​គឺ ខ្មែរ​តែមួយ ​អនាគត​តែមួយ​៕

btv-a1319