ជនអន្តោប្រវេសន៍​គុយបា​ជាប់​គាំង​ក្នុង​ដែនដី​ប៉ា​ណា​ម៉ា ក្រោយ​ប្រទេស​កូស្តារីកា​ច្រានចោល​ការ​ទទួល​យក​ទិដ្ឋាការ​ឆ្លងដែន​

387
ជនអន្តោប្រវេសន៍​គុយបា​ជាប់​គាំង​ក្នុង​ដែនដី​ប៉ា​ណា​ម៉ា ក្រោយ​ប្រទេស​កូស្តារីកា​ច្រានចោល​ការ​ទទួល​យក​ទិដ្ឋាការ​ឆ្លងដែន​

​ប៉ាណាម៉ា​៖ ពលរដ្ឋ​គុយបា​រាប់​រយ​នាក់បានជាប់គាំង​ នៅលើព្រំដែនរបស់​ប្រទេសប៉ា​ណា​ម៉ា ជាប់​ជាមួយប្រទេស កូ​ស្តា​រី​កា បន្ទាប់ពីរដ្ឋធានីសង់​ហូ​សេ​(San Jose) ប្រកាសថា ​ខ្លួននឹងច្រានចោលការ​ទទួល​ទិដ្ឋាការ​ឆ្លងដែន របស់​​ជនអន្តោប្រវេសន៍ ដើម្បីបញ្ឈប់ពលរដ្ឋគុយបា​កំពុងឆ្ពោះ​ទៅកាន់​ភាគ​ខាងជើងស្វែងរកច្រក​ទៅសហរដ្ឋ​អាមេរិក​។

​នៅ​តំបន់ព្រំដែនផា​សូកា​ណូ​ស (Paso Canoas) របស់​ប្រទេសប៉ា​ណា​ម៉ា ជាប់​ជាមួយប្រទេសកូ​ស្តា​រី​កាមាន​សេចក្ដីរាយការណ៍​ថា ជនជាតិ​គុយបាចំនួន ​300នាក់​បាន​ជាប់ជាមួយមនុស្ស​ជាច្រើន​ទៀត កំពុងតាំង​ជំរុំស្នាក់នៅ​ជិតព្រំដែនក្នុង​ក្ដី​រំពឹង​រង់ចាំយ៉ាង​យូរថា ​នឹងអាច​បន្តដំណើរ​ទៅ​មុន។ ខណៈរដ្ឋធានីសង់​ហូ​សេព្យាយាមទប់ទល់​ជាមួយ​ជនអន្តោប្រវេសន៍ចំនួន​ 5,000នាក់ បាន​ជាប់ក្នុងប្រទេសអាមេរិក​កណ្ដាល ក្រោយផ្លូវ​ភាគ​ខាងជើងរបស់​ពួកគេ ត្រូវ​បានរាំង​ដោយប្រទេសនី​កា​រ៉ា​ហ្គា។​​ ជនអន្តោប្រវេសន៍ម្នាក់​បាន​ប្រាប់សារព័ត៌មាន​ថា លោក បាន​មកដល់​ប្រទេសប៉ា​ណា​ម៉ាយឺត​ពេល និង​ខកខានទទួលទិដ្ឋាការ​ឆ្លងដែនទៅ​ប្រទេសកូ​ស្តា​រី​កា។ លោក​ថា មិន​ត្រឹមតែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទេ នៅ​មាន​ជនជាតិ​គុយបា​ជាច្រើន​នាក់​ទៀតដែលត្រូវការជំនួយ។ ​ពួកគេ​កំពុង​រង់ចាំ ដើម្បីបន្តដំណើរ​ទៅកាន់គោលដៅ​។​ ក្នុង​កិច្ចប្រជុំ​ប្រចាំតំបន់​មួយលើបញ្ហា​នេះ រដ្ឋាភិបាលកូ​ស្តា​រី​កាបាន​ព្យាយាមបញ្ចុះបញ្ចូល​ប្រទេសនី​កា​រ៉ា​ហ្គា អនុញ្ញាត​ឲ្យ​ជនអន្តោប្រវេសន៍គុយបា បន្តដំណើរទៅកាន់ភាគ​ខាងជើង ប៉ុន្តែប្រទេសនី​កា​រ៉ា​ហ្គា, បេ​លី​ស និង​ហ្គា​តេ​ម៉ា​ឡាបាន​ច្រានចោល​សំណើ​នេះ៕
អត្ថបទ៖ សុខ​មាន