ក្រុម​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក ខណៈដែល​រលក​ត្រជាក់​វាយលុក​តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា

194

ឥណ្ឌា៖ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កំពុង​ជួប​ការលំបាក​ជាខ្លាំង ដោយសារតែ​សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ដល់​ជិត​សូន្យ ដែលជា​កម្រិត​កម្រ​នឹង​កើតមានឡើង​កាលពីមុន​មក​។​

សីតុណ្ហភាព​នៅ​តំបន់​មួយចំនួន​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា តែងតែ​ធ្លាក់ចុះ​ខ្លាំង​បំផុត​អំឡុង​ខែធ្នូ និង​ខែមករា ជាហេតុ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​មិនអាច​ចេញ​ក្រៅ​ផ្ទះ​បាន​នោះទេ​។​

ដោយឡែក ព្យុះ​ព្រិល​ក៏បាន​ធ្លាក់​ដល់​កម្រិត​ខ្ពស់បំផុត​ផងដែរ នៅតាម​រដ្ឋ និង​រដ្ឋធានី​មួយចំនួន​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដែល​ក្នុងនោះ​រួមមាន​ទាំង​រដ្ឋ​ពុន​ចាប ហា​ម៉ា​ណា ឧ​ត្ត​ប្រទេស និង​រដ្ឋធានី​ញូវដែល្លី ផងដែរ​។​

សីតុណ្ហភាព​អ​ប្បរមា បាន​ធ្លាក់ចុះ​ដល់​៥​អង្សា​សេ ដែល​តម្រូវ​ប្រជាពលរដ្ឋ​ពាក់អាវ​ក្រាស់ៗ និង​ច្រើន​ជាន់ ទើប​អាច​ទប់​ទល់នឹង​អាកាសធាតុ​ដ៏​ត្រជាក់​នេះ​បាន​។​

លោក​ស៊ី​ល​ប៉ា គឺជា​ពលរដ្ឋ​មួយរូប បាន​និយាយថា ពិតជា​ត្រជាក់​ខ្លាំងណាស់ ហើយ​ពេលដែល​ខ្យល់​បក់​មក លោក​មិនអាច​មើលឃើញ​អ្វី​ទាំងអស់ ហើយ​អ្នក​ក៏​មិនអាច​ដើរហើរ​កន្លែង​ដែល​អ្នក​ធ្លាប់​រស់នៅ​បានដែរ​។​

ដោយឡែក សេវាកម្ម​រថភ្លើង និង​ជើងហោះហើរ បាន​រង​ផលប៉ះពាល់​ផងដែរ ដោយសារ​បញ្ហា​ធ្លាក់​ព្រិល និង​ការចុះ​អ័ព្ទ​។​

ខណៈនោះ​ដែរ មន្ទីរ​ឧតុនិយម​ជាតិ​ឥណ្ឌា បាន​ព្យាករណ៍​ថា អាកាសធាតុ​នឹង​កាន់តែ​ត្រជាក់​ខ្លាំង​ជាង​មុន​នា​សប្តាហ៍​ក្រោយនេះ នៅ​ទូទាំង​តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​៕